ប្រទេសតួកគី់ ៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍TURKISH AIRLINES ដែលហោះចេញពីក្រុងតេហេរ៉ង់មកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានហោះឆ្ពោះទៅកាន់ក្រុងអង់ការ៉ារដ្ឋធានីតួកគីវិញ មកពីមានការសង្ស័យលើការឆ្លងវីរុស COVID-19 ហើយបណ្ដាអ្នកដំណើរក្នុងយន្តហោះនោះត្រូវនាំទៅដាក់ឲ្យនៅដាច់ពីគេ។
រដ្ឋមន្ត្រីសុខាភិបាលតួកគីលោកFAHRETTIN KOCA ក្នុងសេចក្ដីប្រកាសមួយសរសេរថា សរុបអ្នកដំណើរនិងសមាជិកក្រុមយានិក១៣២នាក់ នឹងស្ថិតក្រោមការត្រួតពិនិត្យសុខភាពរយៈពេល១៤ថ្ងៃ។
យន្តហោះនោះហោះពីក្រុងតេហេរ៉ង់មកក្រុងអ៊ីស្តង់ប៊ុលហើយដឹកបណ្ដាជនជាតិតួកគី។ អ្នកដំណើរប្រមាណជា១៧នាក់នៃយន្តហោះនោះ មានសញ្ញាគ្រុនក្ដៅដោយមួយចំនួនមកពីទីក្រុងកូមអ៊ីរ៉ង់ មកកាន់ក្រុងតេហេរ៉ង់មុនពេលឡើងយន្តហោះតួកគី។
ចាប់ពីថ្ងៃទី២៣កុម្ភៈមក តួកគីបានបិទការធ្វើដំណើរតាមជើងគោកនិងតាមផ្លូវដែកឆ្ពោះមកកាន់អ៊ីរ៉ង់។ ក៏ប៉ុន្តែទំនាក់ទំនងផ្លូវអាកាសនៅបើក សម្រាប់ជនជាតិអ៊ីរ៉ង់ដែលចង់វិលត្រឡប់មកកាន់ប្រទេសពួកគេវិញ។
ថ្ងៃទី២៥កុម្ភៈក្រុមហ៊ុនTURKISH AIRLINESបានប្រកាសពីការផ្អាកការហោះហើររបស់ខ្លួនទៅកាន់ឬមកពីអ៊ីរ៉ង់រហូតដល់ថ្ងៃទី១០មីនា មកពីការឆ្លងរាលដាលនៃវីរុសCOVID-19ក្នុងប្រទេសនេះ លើកលែងតែការហោះហើរឆ្ពោះទៅកាន់ក្រុងតេហេរ៉ង់៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ