ខេត្តស្ទឹងត្រែង ៖ ដែនព្រៃសហគមន៍មួយកន្លែង ដាក់ស្ថិតនៅភូមិជាំធំឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងត្រូវរងការកាប់បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ខណៈប្រជាសហគមន៍ មានក្តីបារម្ភថា ព្រៃសហគមន៍ដែលផ្ទៃដីប្រមាណជាជិត៣ពាន់ហិកតានឹងបាត់ឈ្មោះ បើសិនជាការទប់មិនឈ្នះរវាងជនខិលខូច ។
ប្រជាសហគមន៍បានស្នើសុំទៅដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាសហការចូលរួមទប់ស្កាត់និងចាត់វិធានការជាបន្ទាន់តាមផ្លូវច្បាប់ ទៅលើជនខិលខូចដែលមកបំផ្លាញព្រៃសហគមន៍មួយនេះ។ ព្រៃសហគមន៍ឈ្មោះជាំពេជ្រ ស្ថិតភូមិជាំធំ ឃុំកោះស្នែង មានទំហំផ្ទៃដី២.៨៧៥ហិចតា បង្កើតឡើងនៅឆ្នាំ២០០០។ហើយក៏ជាដែនដីភូមិសាស្ត្រអតីតស្រុកថាឡាបរិវ៉ាត់ ហើយបច្ចុប្បន្នបានបញ្ចូលទៅស្រុកបង្កើតថ្មី គឺស្រុកបុរីអូរស្វាយសែនជ័យ។
លោក យិម ពុន ប្រធានសហគមន៍ជាំពេជ្របាននិយាយថា ប្រជាការពារចំនួន៥នាក់ បានប្តេជ្ញាចិត្តការពារព្រៃ ដើម្បីផលប្រយោជន៍ទាំងគ្មានប្រាក់ខែ ក្រោយពីទប់មិនឈ្នះសហគមន៍បានសហការជាមួយឧទ្យានុរក្សបរិស្ថាន ជាលទ្ធផលចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០១៩ សហគមន៍បានធ្វើការដកហូតពីជនខិលខូចមកវិញបានផ្ទៃដីចំនួន១៥ហិកតា ។
ទោះបីជាយ៉ាងណា ព្រៃសហគមន៍នោះ នៅតែរងការកាប់រង្គាល និងដុតបំផ្លាញបង្កជាភ្លើងឆេះព្រៃឆេះស្នាក់ការការពារព្រៃឈើពីសំណាកលជនមិនស្គាល់មុខ ។ ប្រធានសហគមន៍ខាងលើលើកពីបញ្ហាខ្លះៗថា លោកមានផ្ទះនៅលើដីកោះ តែខ្វះមធ្យោបាយធ្វើដំណើរមានទូកជិះមកការពារព្រៃនេះ។ រីឯអ្នកស្មាក់ចិត្តក៏មិនមានថវិកាលើកទឹកចិត្តអីដែរ។
លោក យិម ពុន ស្នើសុំទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក៏ដូចអង្គការក្រៅរដ្ឋាភិបាល ជួយគិតគូរដល់សហគមន៍លោកផង ។ ចំណែកលោក ហេង អាត មេភូមិជាំធំបានលើកឡើងថា ថ្នាក់មូលដ្ឋានពិតជាមានភាពលំបាក ប្រសិនជាគ្មានការចូលរួមពីថ្នាក់ស្រុក និងខេត្ត ដូច្នេះទើបការពារព្រៃបានគង់វង្ស៕
ចែករំលែកព័តមាននេះ