រាជធានីភ្នំពេញ ៖ គណៈកម្មការមូលបត្រកម្ពុជា ( SECC ) បានយល់ព្រម និងអនុញ្ញាតជាគោលការណ៍លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី២៦ កុម្ភៈ ២០២០ កន្លងទៅនេះ ដែលធ្វើអោយធនាគារនេះនឹងក្លាយជាធនាគារពាណិជ្ជទី១ នៅព្រះរាជាណាចក្រកម្ពុជា ចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅក្នុងក្រុមហ៊ុនមូលបត្រកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ភិអិលស៊ី បានអោយដឹងថា ធនាគារនេះ គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិថ្មីចំនួន ៨.៧៥១.៣៩១ ភាគហ៊ុន និងភាគហ៊ុនដែលមានស្រាប់រហូតដល់ ១៣.១២៧.០៨៦ ភាគហ៊ុនដល់សាធារណជន ។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ឱកាសដល់វិនិយោគិន និងសាធារណជន ដើម្បីវិនិយោគលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ធនាគារនឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ចំនួន ០២ លើក នៅថ្ងៃទី០៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងមានបទបង្ហាញដល់វិនិយោគិនអំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេលវេលារំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីទិញភាគហ៊ុនរបស់ធនាគារ។
លោកបណ្ឌិតបន្តថា ធនាគារនឹងចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការ និងអញ្ជើញវិនិយោគិន និងសាធារណជន ចូលរួមកំណត់ថ្លៃភាគហ៊ុនរបស់ធនាគារ នៅក្នុងរវាងចន្លោះថ្លៃ ចាប់ពី១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុងមួយភាគហ៊ុន ។ ថ្លៃភាគហ៊ុនចុងក្រោយនឹងត្រូវកំណត់ទៅតាមការកំណត់ថ្លៃដែលវិនិយោគិន បានដាក់នៅក្នុងដំណើរការប៊ុកបៀលឌីងដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ។ បន្ទាប់ពីដំណាក់កាលប៊ុកបៀលឌីង ត្រូវបានបញ្ចប់ វិនិយោគិន និងសាធារណជនទាំងអស់នឹងត្រូវអញ្ជើញមកចូលរួមក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ ធនាគារលើថ្លៃភាគហ៊ុនចុងក្រោយ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។
លោកបណ្ឌិត អុិន ចាន់នី បានធ្វើការបញ្ជាក់បន្ថែមថា ដើម្បីចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីង និងដំណាក់កាលបរិវិសកម្ម វិនិយោគិន ត្រូវមានលេខអត្តសញ្ញាណវិនិយោគិន (Investor ID) និងគណនីជួញដូរ (Trading Account) ជាមួយក្រុមហ៊ុនមូលបត្រណាមួយ ដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មាការមូលបត្រ (គ.ម.ក.)។ លោកបន្ថែមទៀតថា ធនាគាររំពឹងថា នឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នាចុងខែមេសា ឆ្នាំ២០២០។
លោកបណ្ឌិតបន្ថែមថា ទឹកប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសេវាកម្មធនាគារឌីជីថល និងសម្រាប់គោលបំណងអាជីវកម្មទូទៅរបស់ធនាគារ ។
លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ចំណុចដែលធ្វើឱ្យការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានលក្ខណៈពិសេស និងខុសប្លែកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈមុនៗ គឺធនាគារមិនមានលៃបម្រុងទុកភាគហ៊ុនសម្រាប់វិនិយោគិន និងស្ថាប័នដែលមានសក្តានុពលនោះទេ ។
រាល់ភាគហ៊ុនដែលនឹងបោះផ្សាយលក់ទាំងអស់នឹងត្រូវលក់ជូនវិនិយោគិន និងសាធារណជន។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានចាត់ទុកថា ជាការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជូនប្រជាជន ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជនទូទៅឱ្យចូលរួមក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះទៅតាមសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន។
យើងបានធ្វើការជាមួយធនាគារដើម្បីបង្កើតវិធីសាស្ត្របែងចែកភាគហ៊ុន ដែលផ្តល់អាទិភាពដល់វិនិយោគិន រូបវ័ន្តបុគ្គល ដែលទិញភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន ឬតិចជាងនេះ ។ ការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិជាសាធារណៈរបស់ធនាគារ គឺជាឱកាសមាសសម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារដែលគួរឱ្យទុកចិត្ត និងមានហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ