ធ្វើការជាមួយមនុស្សមានន័យថា អ្នកមិនអាចចៀសវាងទាំងស្រុងពីការធ្លាក់ក្នុងជម្លោះជាមួយអ្នកដទៃទេ ។ វិធីមួយដែលអាចដោះស្រាយបញ្ហាទាំងនេះបាន គឺការអង្គុយចុះ និងនិយាយចរចាគ្នាពីភាពខុសគ្នាដើម្បីរកដំណោះស្រាយមួយឲ្យបានច្បាស់លាស់ ។
ប៉ុន្តែបើក្នុងករណីដែលការនិយាយមិនផ្តល់ផ្លែផ្កាអ្វី តើអ្នកអាចធ្វើយ៉ាងដូចម្តេច? យោងទៅតាមវេជ្ជបណ្ឌិត ជេនីហ្វឺ ហ្គូលមេនវេតស្ល្រើ (Jennifer Goldman-Wetzler) ដែលជាអ្នកជំនាញផ្នែកចិត្តសាស្ត្រក្នុងស្ថាប័នការងារ និងជាអ្នកនិពន្ធសៀវភៅ OPTIMAL OUTCOMES: Free Yourself from Conflict at Work, at Home, and in Life បានឲ្យដឹងថា អ្នកអាចចៀសវាងជម្លោះទាំងនេះបានតាមរយៈវិធីសាស្ត្រខាងក្រោម៖
១. ត្រួតពិនិត្យមើលទម្លាប់របស់អ្នក វេជ្ជបណ្ឌិតខាងលើបាននិយាយថា ទម្លាប់របស់អ្នកកើតចេញពីបរិស្ថានដែលបង្រៀនអ្នកឲ្យឆ្លើយតបនឹងស្ថានការជុំវិញខ្លួន ។ ពេលដែលមានជម្លោះកើតមានឡើង អ្នកអាចមានទម្លាប់ស្តីបន្ទោសអ្នកដទៃ ឬខ្លួនឯង ឬព្យាយាមសហការជាមួយអ្នកដទៃដែលមិនចង់សហការជាមួយអ្នកជាដើម ។ ពេលដែលទម្លាប់ដែលអ្នកមានមិនស្របទៅនឹងទម្លាប់អ្នកដទៃ វាបង្កឲ្យមានជម្លោះ ។ ដូច្នេះអ្នកត្រូវដឹងឲ្យច្បាស់សិនថា តើអ្នកមានទម្លាប់អ្វីដែលភាគច្រើនបង្កជាជម្លោះជាមួយអ្នកដទៃ?
២. ព្យាយាមសិក្សាពីជម្លោះ ជម្លោះវាមិនងាយដូចការឈ្លោះគ្នារវាងមនុស្សនិងមនុស្សទេ ។ វេជ្ជបណ្ឌិតបានណែនាំឲ្យមនុស្សព្យាយាមវែកញែកពីជម្លោះឲ្យបានច្បាស់លាស់ដើម្បីផ្តល់ភាពច្បាស់លាស់ ។ អ្នកត្រូវសរសេរពីមនុស្ស ស្ថានការ ទីកន្លែង ឥទ្ធិពល និងកត្តាដែលទាក់ទិនដទៃទៀតរួចរកទំនាក់ទំនងរវាងកត្តាទាំងអស់ ។
៣. ទទួលស្គាល់តម្លៃអាថ៌កំបាំងដែលអ្នកមិនហ៊ានទទួលស្គាល់ មនុស្សតែងប្រកាន់ខ្ជាប់នូវតម្លៃមួយចំនួនដែលខ្លួនខ្មាសអៀននឹងទទួលស្គាល់ ។ វាអាចជាចិត្តចង់ឈ្នះ និងល្អជាងអ្នកដទៃជាដើម ។ ដើម្បីចៀសវាងជម្លោះដែលបង្កឡើងដោយតម្លៃទាំងនេះ អ្នកត្រូវតែហ៊ានទទួលស្គាល់ថាវាពិតជាផ្នែកមួយនៃការគិតរបស់អ្នកពិតមែន ។
៤. កុំយកការឆ្លើយតបរបស់អ្នកដទៃទុកក្នុងចិត្ត ពេលដែលការឆ្លើយតបរបស់អ្នកដទៃមកលើអ្នកបង្កផលប៉ះពាល់ដល់អ្នក អ្នកត្រូវចងចាំថាការឆ្លើយតបរបស់មនុស្សម្នាក់ៗ គឺអាស្រ័យទៅលើអតីតកាល ឬបទពិសោធន៍របស់ពួកគេ មិនមែនរបស់អ្នកទេ ។ ដូច្នេះអ្នកមិនគួរទុកវាក្នុងចិត្តឡើយ ។
៥. គិតទុកមុន និងត្រៀមខ្លួនសម្រាប់ស្ថានការដែលមិនល្អ អ្នកគួរតែគិតទុកជាមុនពីលទ្ធផលនៃសកម្មភាព ឬការសម្រេចចិត្តរបស់អ្នក ។ តើវាអាចបង្កបញ្ហាទេ? តើអ្នកអាចជៀសវាងវាបានទេ? បើវាកើតមានឡើងពិតមែន តើអ្នកអាចដោះស្រាយវាបានដោយវិធីណា? ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ