ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃប្រល័យជីវិតបងថ្លៃស្រី​ក្រោមផ្ទះ ក្រោយសាច់ញាតិចេញទៅរកថ្នាំអស់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ភ្នំពេញ​មាន​អាការ​មិន​ប្រក្រតី​សង្ស័យ​បែក​ថ្នាំ ខណៈ​បងថ្លៃ​ស្រី​កំពុង​តែ​ដេក​លក់​នៅ​ក្រោមផ្ទះ ស្រាប់តែ​ជនសង្ស័យ​យក​ចប​មក​កាប់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ភ្នំពេញ​មាន​អាការ​មិន​ប្រក្រតី​សង្ស័យ​បែក​ថ្នាំ ខណៈ​បងថ្លៃ​ស្រី​កំពុង​តែ​ដេក​លក់​នៅ​ក្រោមផ្ទះ ស្រាប់តែ​ជនសង្ស័យ​យក​ចប​មក​កាប់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​សំពៅ​មាស ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ស្ត្រី​រង​គ្រោះជា​បងថ្លៃ​ឈ្មោះ​ជា សុផល ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ប្តី​ឈ្មោះ សយ ស៊ី​ន អាយុ​៤៣​ឆ្នាំ មានកូន​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុក ។ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សយ សួ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ របស់​ស្ត្រី​រង​គ្រោះ និង​រស់នៅ​ជាមួយ​គ្នា ។

យោង​តាម​ការ​បំភ្លឺ​ពី​ប្តី​របស់​ស្ត្រី​រង​គ្រោះ និង​ត្រូវជា​បង​បង្កើត​របស់​ជនសង្ស័យ​បាន​បញ្ជាក់​ថា ប្អូន​(​ជនសង្ស័យ​)​របស់​គាត់ ទើបតែ​ត្រឡប់​មក​ពី​ភ្នំពេញ​បាន​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ចាប់តាំងពី​ត្រឡប់​មក​ដល់​ផ្ទះ គឺ​ប្អូនប្រុស​របស់​គាត់​មាន​អាកា​រៈ​មិន​ប្រក្រតី និយាយ​មិនសូវ​ដឹងខុសដឹងត្រូវ​នោះ​ទេ ហើយ​ចេះ​តែ​ដើរ​បាត់​ៗ​មិន​ចូល​ផ្ទះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គាត់​បាន​ឌុ​ប​ឪពុក​ទៅ​រក​ថ្នាំ​នៅ​ម្តុំ​វត្ត​ប្រាសាទអណ្តែត​ដើម្បី​យក​មក​ឲ្យ​ប្អូនប្រុស​(​ជនសង្ស័យ​)​ផឹក ដែល​មាន​ចម្ងាយ​ប្រហែលជា​៣​គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​មុន​នឹង​គាត់ ព្រមទាំង​ឪពុក​ចេញ​ទៅ​រក​ថ្នាំ​នោះ គឺ​ប្រពន្ធ​របស់​គាត់ កំពុង​តែ​ដេក​នៅ​ក្រោមផ្ទះ លុះ​ពេល​គាត់​និង​ឪពុក​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​បាន​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ក្រោមផ្ទះ​បាត់​ទៅ​ហើយ ដោយ​មាន​ស្នាម​បែក​លើ​ក្បាល​ជា​ច្រើន​កន្លែង បន្ទាប់​មក​គាត់​ក៏​រាយការណ៍​ទៅ​អាជ្ញាធរ​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

ពេល​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​ខេត្ត​និង​ស្រុក ព្រមទាំង​គ្រូពេទ្យ​មណ្ឌល​សុខភាព​បាន​ចុះ​ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ រក​ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ក្បាល និង​លើ​ផ្ទៃមុខ រួម​ជាមួយនឹង​វត្ថុ​តាង ចបកាប់​ដី​ចំនួន​១​ដែល​ប្រឡាក់​ដោយ​ឈាម ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​ជនសង្ស័យ​យក​ចប​មក​កាប់ ហើយ​ជនសង្ស័យ​មាន​សតិ​មិន​ប្រក្រតី មក​ពី​មាន​សារធាតុ​ញៀន (​បែក​ថ្នាំ​) ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​កាន់​អធិការ​រ​ដ្ឋា​ន នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ