រាជធានីភ្នំពេញ៖ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយៈមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងការសម្រេចរបស់សហភាពអឺរ៉ុបដែលបានព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈម្សិលមិញនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការយ៉ាងច្បាស់ថា កម្ពុជានឹងមិនស្នើសុំត្រឡប់មកវិញនូវ EBA ដែលត្រូវសម្រេចព្យួរ២០% មកវិញនោះទេ ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាការសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធ គឺមិនមែនមានន័យថាយើងបាត់បង់ទីផ្សារនៅអឺរ៉ុប ២០ ភាគរយនោះទេ តែត្រង់នេះគឺមានន័យថា យើងត្រូវបង់ពន្ធប្រហែលជា ១០០លានដុល្លារ នៅពេលអឺរ៉ុប យកពន្ធ ២០% លើទំនិញកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែបបញ្ជាក់ថា «កម្ពុជាមិនរំពឹងទុកថា នឹងមានការវិលត្រឡប់មកវិញនូវ EBA ដែល EU បានព្យួរនោះទេ។ សូមបញ្ជាក់ជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជា ឱ្យបានជ្រាបថា កម្ពុជានឹងមិនស្នើសុំឲ្យមានការត្រឡប់មកវិញនូវ EBA ២០% នោះទេ។ នេះគឺជាការឆ្លើយតបបញ្ជាក់យ៉ាងច្បាស់ សូមកុំរង់ចាំ! កម្ពុជាបានត្រៀមស្មារតីទៅលើបញ្ហាការបាត់បង់ EBA ប្រមាណជា ២០%។ ៨០%ទៀត យើងនាំចូលទៅធម្មតា។ ២០% ត្រូវបង់ពន្ធឱ្យគេ»។ សម្តេចតេជោ បានពន្យល់បញ្ជាក់ថា «កម្ពុជា មិនអាចយកច្បាប់របស់ខ្លួន អធិបតេយ្យរបស់ខ្លួន ទៅដោះដូរភាពអនុគ្រោះ ២០% នោះទេ។ អ្នកសម្រេច ក៏សម្រេចទៅចុះ ហើយយើងអត់ជំទាស់ អត់ចលនាឲ្យបោះឆ្នោតប្រឆាំងអីទេ! អនុវត្តចុះ! ប៉ុន្តែអ្នកត្រូវតែយល់ថា កម្ពុជាកំពុងដើរទៅលើផ្លូវ ដែលខ្លួនបានជ្រើសរើសរួចមកហើយ ហើយសូមអ្នកវិភាគ មាស នី អ្នកឯងចាប់ឲ្យច្បាស់! អ្នកដទៃទៀត ឲ្យបានច្បាស់! ចិត្តរបស់អ្នកឯងចង់យកអធិបតេយ្យខ្មែរ ទៅដោះដូរ! យើងមិនអាចតាមអ្នកឯងបានទេ។ សូមចាំទុក! នេះជាប្រទេសមួយ ឯករាជ្យ និងអធិបតេយ្យ! បើច្បាប់របស់ខ្លួន មិនអាចអនុវត្តបាន តើធ្វើជាប្រទេស ធ្វើអី?»។
យ៉ាងណាមិញបើទោះជា EU បានបង្ហាញលទ្ធផលនៃការសម្រេចព្យួរផ្នែកខ្លះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA កាលពីថ្ងៃទី១២កុម្ភៈរហូតមកដល់ថ្ងៃទី២៣កុម្ភៈនេះខាងសមាគមន៍រោតចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC នៅតែសំណូមពរឱ្យទទួចសូមឱ្យធ្វើការពិចារណាឡើងវិញទៅលើការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ខណៈការការព្យួរងារកម្មករទៅលើកង្វះខាតវត្ថុធាតុដើមសម្រាប់ផលិតកម្មមិនទាន់រងផលប៉ះពាល់។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ថាមកដល់ពេលនេះមិនទាន់មានរោងចក្រណាមួយនៅក្នុងសមាគមផ្អាកព្យួរការងារឬផ្អាកការងារកម្មករនោះទេ រងចាំមើលដល់ខែក្រោយទើបអាចដឹង តែនៅពេលនេះមិនមានផលប៉ះពាល់នោះទេ។ លោកបានបន្តថា «ការសម្រចរបស់សហភាពអឺរ៉ុបព្យួរផ្នែកខ្លះនៃEBAកាលពីថ្ងៃ ទី១២ ខែកុម្ភៈរហូតមកដល់ថ្ងៃនេះវាមិនប៉ះពាល់នោះទេ ចាំដល់ខែ៨ (សីហា) ទើបដឹងច្បាស់ថាវាប៉ះពាល់បែបណា ។ ការសម្រេចរបស់EUនេះវាធ្វើឱ្យសមាគមនៅតែមានក្តីបារម្ភដដែលហើយសំណូមពរដល់សហភាពអឺរ៉ុប(EU)ធ្វើការពិចារណាឡើងវិញគឺនៅតែសំណូមពរដដែល» ។
បើតាម GMAC បានបង្ហាញថាកម្មវិធី EBA អនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុបនាំចូល
ផលិតពីប្រទេសកម្ពុជា (លើកលែងតែសព្វាវុធ) ដោយមិនយកពន្ធនិងគ្មានកូតា។ អ្នកទទួលបានអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីនេះគឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជាដែលតំណាងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ឧស្សាហកម្មទាំងនេះមានប្រមាណ៧៥%នៃការនាំចេញទំនិញសរុបរបស់កម្ពុជានិងប្រមាណ៩០%នៃការនាំចេញទៅសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញដែលផលិតដោយបណ្តារោងចក្រតំណាងដោយ GMAC។ វិស័យកាត់ដេរផ្តល់ការងារដល់ពលរដ្ឋជាង៧៥ម៉ឺននាក់និងផ្តល់ប្រាក់ចំណេញដោយផ្ទាល់ប្រមាណ២០%ដល់គ្រួសារនៅទូទាំងប្រទេស ហេតុនេះសមាគមជំរុញឱ្យសហភាពអឺរ៉ុបធ្វើការពិចារណាឡើងវិញ ។
តើអ្វីទៅជាវិធានការណ៍ចាំបាច់ដែលរាជរដ្ឋាភិបាលនឹងអនុវត្តពាក់ព័ន្ធបញ្ហា COVID-19 និង ការបាត់បង់ផ្នែកខ្លះនៃ EBA ដើម្បីជួយដល់វិស័យកាត់ដេរនៅកម្ពុជា ? បើទោះបីជាពេលនេះបញ្ហាវីរុសឆ្លងថ្មី COVID-19 និងបញ្ហា EBA មិនទាន់ចោទជាបញ្ហាធំដល់កម្ពុជាក្តី សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ ក៏បានប្រកាសពីវិធានការយ៉ាងច្រើនដើម្បីទប់ទល់នឹងការសម្រេចយកពន្ធ ២០% លើទំនិញកម្ពុជានេះ ។
សម្តេចតេជោ បានប្រកាសថា «នេះជាការត្រៀមរៀបចំ! ក្មួយៗ ជាកម្មករកម្មការិនីទាំងឡាយ សូមកុំបារម្ភ! រាជរដ្ឋាភិបាល មានសមត្ថភាព ដើម្បីនឹងទទួលខុសត្រូវ! ៨០% បន្តការងារធម្មតា នាំចូលធម្មតា! ២០% បង់ពន្ធឲ្យគេទៅ! ហើយបើយោងទៅលើការគិតគូ ក្នុងចំណោមនៃទំនិញ ដែលយើងបាននាំចេញទៅសម្រាប់អឺរ៉ុប ដកចេញនូវអង់គ្លេសចេញ ចំនួនដែលយើងត្រូវបង់ពន្ធប្រហាក់ប្រហែលក្រោម ១០០លានដុល្លារ ឬជុំវិញ ១០០លានដុល្លារ ។ ដូច្នេះគ្មានរឿង ដែលយើងត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយអា ១០០លានដុល្លារអាមេរិកនេះទេ»។
ប្រមុខរដ្ឋាភិបាលបានដាក់ចេញនៅវិធានការសំខាន់៤សម្រាប់ជួយដល់វិស័យកាត់ដេរដែលរងផលប៉ះពាល់ពីCOVID-19 និងការព្យួរនៃ EBA ។ ក្នុងនោះសម្តេចបានបញ្ជាក់ថា វិស័យកាត់ដេរទទួលរងផលប៉ះពាល់ច្រើនពីការភ័យខ្លាចជំងឺ Covid-19 នេះដោយសាររោងចក្រនៅប្រទេសចិនភាគច្រើននូវមិនទាន់បើកដំណើរការពេញលេញនៅឡើយដែលធ្វើឱ្យការផ្គត់ផ្គង់ទៅកាន់ទីផ្សារផ្សេងទៀត រួមនិងកម្ពុជាផងគឺមានការយឺតយ៉ាវ ហើយប្រឈមការកង្វះវត្ថុធាតុដើមសម្រាប់ការផលិត។ សម្តេចតេជោ មានប្រសាសន៍ថា មកដល់ពេលនេះមានរោងចក្រមួយចំនួនតូចបានចាប់ផ្តើមព្យួរសកម្មភាពផលិតកម្មរយៈពេលខ្លី។ទន្ទឹមនឹងនេះការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួននៅក្រោមកម្មវិធីEBAក៏បង្កផលប៉ះពាល់ខ្លះទៅលើការផលិតរបស់រោងចក្រមួយចំនួនតូច។ ហេតុនេះវាដូចទៅនឹងវិស័យទេសចរណ៍ដែរ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ជួយដល់វិស័យនេះ ដែលជាគោលការណ៍ឬវិធានការទាំងនេះត្រូវបានរៀបចំសំដៅជួយដល់រោងចក្រសហគ្រាសនិងកម្មករនិយោជិកដែលទទួលការប៉ះពាល់ទាំងពីជំងឺCovid-19 និងទាំងពីការព្យួរ EBA ។
សម្តេចបានគូសបញ្ជាក់ថា« ជាមួយគោលដៅនិងវិធានការសម្រាប់ជួយដល់រោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ពីការខ្វះវត្ថុធាតុដើមនិងការព្យួរ EBA៖១)-ពិនិត្យដល់ការលើកលែងពន្ធអាចលើស៦ខែទៅ១ឆ្នាំសម្រាប់រោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរតាមភាពជាក់ស្តែងលើរោងចក្រនីមួយដែលបណ្តាលពីការកង្វះវត្ថុធាតុដើមឬនឹងការព្យួរ EBA ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវដឹកនាំសម្របសម្រួលរៀបចំរូបមន្តនិងគោលការណ៍ជាក់លាក់សម្រាប់ការវាយតម្លៃដល់ការលើកលែងពន្ធនេះ។ទី២) -អនុញ្ញាតឱ្យរោងចក្រមិនបង់ប្រាក់វិភាគទានសម្រាប់ធានារ៉ាប់រងរបបហានិភ័យការងារនិងថែទាំសុខភាព ប.ស.ស.នៅក្នុងកំឡុងពេលរោងចក្រព្យួរអាជីវកម្ម។ ទី៣)- សម្រាប់រោងចក្រសហគ្រាសដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លីដោយសារខ្វះវត្ថុធាតុដើម រោងចក្រសហគ្រាសត្រូវចេញប្រាក់ខែ៤០%នៃប្រាក់ខែអប្បបរមានៃកម្មករនិយោជិកដែលមាន១៩០ដុល្លារអាមេរិកនៅឆ្នាំ២០២០ ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក២០%នៃប្រាក់ខែអប្បបរមាសរុប។ កម្មករម្នាក់ៗនឹងទទួលបានប្រាក់ខែ៦០%នៃប្រាក់ខែអប្បបរមា។ ទី៤)-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងាររបស់គម្រោងរោចក្រកាន់តែប្រសើរនៅ កម្ពុជាដើម្បីឱ្យអ្នកបញ្ជាទិញបានដឹងថាទំនិញនៅកម្ពុជាមានការគោរពនូវសិទ្ធិមនុស្ស សិទ្ធការងារមានលក្ខខណ្ឌប្រសើរ,ការងារល្អប្រសើរនិងមិនមានប្រើប្រាស់ពលកម្មកុមារ។
សម្រាប់វិធានការជួយដល់កម្មករនិយោជិកដែលបាត់បង់ការងារនិងមិនទាន់អាចរកការងារថ្មីបានឬចង់ផ្លាស់ប្តូរកងារនាពេលអនាគត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាល៖ ផ្តល់សេវាជួយរកការងារឱ្យកម្មករធ្វើតាមរយៈទីភ្នាក់ងារជាតិនិងមុខរបរដែលអាចជួយជំរុញកម្មករនិយោជិកដែលបាត់បង់ការងារឱ្យចាប់យការងារថ្មីបានឆាប់រហ័ស,បណ្តុះបណ្តាលជំនាញទន់រយៈពេលខ្លី ពីមួយដល់ពីរសប្តាហ៍ដល់កម្មករនិយោជិកដែលបាត់បង់ការងារនិងមិនទាន់រការងារបានធ្វើឡើងវិញបាន, បណ្តុះបណ្តាលជំនាញបច្ចេកទេសររយៈពេល៤ខែដើម្បីបំពាក់ជំនាញថ្មីនិងផ្តល់ភាពងាយស្រួលក្នុងការរកការងារធ្វើក្នុងវិស័យមិនមែនកាត់ដេរ,ផ្តល់ជូននូវសក្ខាកាមដែលត្រូវបានជ្រើសរើសនិងទទួលបានការបណ្តុះបណ្តាលនូវប្រាក់ឧបត្ថម្ភចំនួន១២០ដុល្លារអាមេរិកក្នុងមួយខែសម្រាប់រយៈពេល៦ខែ ដែលក្នុងនោះ ៤ខែសម្រាប់ការបណ្តុះបណ្តាលនឹង២ខែក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ