ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្នើរដ្ឋាភិបាល​លើកលែង​ពន្ធ​ក្រុមហ៊ុន​ទេសចរណ៍​បន្ថែម​លើ​អាជីវកម្ម​សណ្ឋាគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រកាស​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ម្សិលមិញ​នេះ​ថា​រាជរ​ដ្ឋា​ភិបាល​សម្រេច​លើកលែង​ពន្ធ​ដល់​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រកាស​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ម្សិលមិញ​នេះ​ថា​រាជរ​ដ្ឋា​ភិបាល​សម្រេច​លើកលែង​ពន្ធ​ដល់​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្កា​ឡូ ហៅ​ស៍​ថែ​ល ដែល​សំដៅ​ដល់​ខេត្ត​ទេសចរណ៍​សៀមរាប អនុ​វ​ត្ត៍​ចាប់ពី​ពេល​នេះ​ដល់​ដំណាច់​ខែឧសភា ឆ្នាំ ២០២០ ដែល​ការ​ប្រកាស​លើកលែង​ពន្ធ​នេះ គឺ​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ខ្លាំងក្លា​ដោយសារ​តែ​ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ឬ Covid 19 នេះ​ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង​ពី​អ្នក​ផ្តល់​សេវាកម្ម​ខាង​សណ្ឋាគារ ។

​ក៏​ប៉ុន្តែ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក៏​បាន​ស្នើ​សុំ​ប្រមុខ​ដឹកនាំ​ប្រទេស​ពិចារណា​ក្នុង​ការ​លើកលែង​ពន្ធ​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ផង​ដែរ ដោយសារ​តែ​ពួក​គាត់​ក៏​កំពុង​រង​គ្រោះ​នៃ​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កំសាន្ត​មក​កាន់​កម្ពុជា​ផង​ដែរ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ជម្ងឺ COVID-19 បាន​ក្លាយទៅជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​សកលលោក ពិសេស​គឺ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច ។ ប្រការ​នេះ ក៏​បាន​បង្កើត​ជា​ការ​ព្រួយបារម្ភ និង​ភាព​រំជើបរំជួល​ដល់​វិនិយោគិន និយោជិត និង​សាធារណជន​ផង​ដែរ ។ រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​បាន​ប្រញាប់ប្រញាល់​ដាក់​ចេញ​នូវ វិធានការ ដើម្បី​ជួយ​ស្រោចស្រង់​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់ និង​គាំទ្រ​លើក​ស្ទួយ​នូវ​កំណើនសេដ្ឋកិច្ច ។

​ដូច​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​ក្នុង​តំបន់ ជម្ងឺ COVID-19 នេះ​ក៏​មាន​ផល​ប៉ះពាល់​មក​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែរ មាន​វិស័យ​ពីរ​រង​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ​គឺ ទី​១. វិស័យ​ទេសចរណ៍ ដោយ​មូលហេតុ អ្នកទេសចរ​មានការ​ភ័យ​ខ្លាច​លែង​ហ៊ាន​ធ្វើ​ដំណើរ​កំសាន្ដ និង ការ​បិទ​ជើង​យន្ត​-​ហោះ និង ទី​២) – វិស័យ​កាត់ដេរ ដោយសារ​ការ​ខ្វះ​វត្ថុធាតុដើម ត្បិត​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​ជា​ប្រក្រតី ។

សម្តេច​តេ​ជោ បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា «​លើកលែង​ការ​បង់ពន្ធ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​រយៈពេល​៤​ខែ ដោយ​ចាប់ពី​ខែកុម្ភៈ ដល​ខែឧសភា ឆ្នាំ​២០២០»​។ ត្រង់នេះ​មាន​ន័យ​ថា រដ្ឋ​គឺជា​អ្នក​ទទួលខុសត្រូវ​បង់ពន្ធ​ជំនួស​ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​អាជីវកម្ម​ដែល​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ទៅ​តំបន់​ទេសចរណ៍​សំខាន់​មួយ​នេះ ។

យោង​តាម​លោក​ធួន ស៊ី​ណា ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសាសន៍​ថា​ការ​លើកលែង​ពន្ធ​របស់​រដ្ឋាភិបាល គឺជា​រឿង​ល្អ​ប្រសើរ​បំផុត ឆ្លើយ​តប​នឹង​អ្វី​ដែល​អ្នក​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ បាន​ដាក់​សំណើរ​ទៅ​កាន់​រាជរដ្ឋាភិបាល​នា​ពេល​កន្លង​មក ក៏​ប៉ុន្តែ​ការ​លើកលែង​ត្រឹមតែ​សណ្ឋាគារ​ផ្ទះសំណាក់ និង​ហៅ​ស៍​ថែ​ល ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​ទេ ។ រដ្ឋាភិបាល​គួរតែ​លើកលែង​ពន្ធ ដល់​ក្រុមហ៊ុន​ទេសចរណ៍ ដែល​ជា​អ្នក​នាំ​ភ្ញៀវ​ចេញចូល​ប្រទេស​ថែម​ទៀត​ទើប​គ្រប់គ្រាន់ ។ ​លោក​បាន​បន្ត​ថា ខណៈ​នេះ អ្វី​ដែល​ម្ចាស់​សណ្ឋាគារ​ត្រូវធ្វើ​នោះ មិនមែន​អង្គុយ​រង់ចាំ​ភ្ញៀវ​មក​គោះ​ទ្វារ​សុំ​ចូល​ស្នាក់​នៅទេ ។ ម្ចាស់​សណ្ឋាគារ​ខ្លួនឯង ត្រូវ​ចូលរួម​គ្រប់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​របស់​រដ្ឋ​ក្ដី របស់​ឯកជន ឬ​របស់​សមាគម​ក្ដី នៅ​កម្ពុជា ពីព្រោះ​មួយ​រយៈ​នេះ គេ​មើលឃើញ​ថា​សណ្ឋាគារ​ជា​ច្រើន​ទាំង​នៅ​ភ្នំពេញ​សៀមរាប និង​ក្រុងព្រះសីហនុ គឺ​មិន​បាន​ចូលរួម​សកម្មភាព​នោះ​ទេ គឺ​គាត់​រង់​ចាំតែ​ទទួលផល និង​រអ៊ូ ។ មាន​ន័យ​ថា​កន្លង​មក​ពួក​គាត់​មិន​បាន​ចូលរួម​ផ្សព្វផ្សាយ​អោយ​ទូលំទូលាយ ដូច​ជា​ការ​ចូលរួម​ពិព័រណ៍ ឬ​សកម្មភាព​ដទៃ​ទៀត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​នោះ​ទេ ។

លោក​ធួន ស៊ី​ណា បាន​បន្ត​ថា « ឥឡូវនេះ​គឺជា​រឿង​ល្អ​ថ្មី​ពិតមែន​ដែល​រដ្ឋាភិបាល​លើកលែង​ពន្ធ​អោយ​ពិតមែន ក៏​ប៉ុន្តែ​រដ្ឋ​មិន​អាច​ជួយ​ពួក​គាត់​រហូត​បាន​នោះ​ទេ ដូច្នេះ​ពួក​គាត់​ត្រូវ​ចេះ​រក​ភ្ញៀវ​ដោយ​ខ្លួនឯង ។ ការ​ចូលរួម​របស់​ពួក​គាត់​ជាមួយ​រដ្ឋាភិបាល​ជាមួយ​សមាគម គឺជា​ចូលរួម​ផ្សព្វផ្សាយ​មួយ​យ៉ាង​សំខាន់​ដើម្បី​ទាក់ទាញ រក​ភ្ញៀវ​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​របស់​ពួក​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

​គួរ​បញ្ជាក់​កន្លង​ថា​នៅ​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ ២០២០​កន្លង​ទៅ​នេះ សណ្ឋាគារ​មួយ​ចំនួន នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ទាំង​សណ្ឋាគារ​លំដាប់​ផ្គា​យ និង​ផ្ទះសំណាក់​បាន​បិទទ្វារ​ជា​បន្តបន្ទាប់ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច ។

ចំណែក​ក្រសួងទេសចរណ៍​កម្ពុជា​ក៏​បាន​ធ្លាប់​លើក​ឡើង​ដែរ​ថា ក្នុង​ដំណាក់​កាលដែល​កំពុង​មាន​វិបត្តិ​ទេសចរណ៍​បែប​នេះ អាជីវកម្ម​ផ្ទះ​សំ​ណាស់ សណ្ឋាគារ ភោជនីយដ្ឋាន ដែល​បម្រើ​អោយ​វិស័យ​ទេសចរ «​មិន​រំពឹង​បាន​ប្រាក់​ចំណេញ​មក​វិញ​នោះ​ទេ ។ គ្រាន់តែ ពេល​នេះ អោយ​តែ​បាន​រួច​ថ្លៃ​បុគ្គលិក ថ្លៃ​ទឹក ថ្លៃ​ភ្លើង គឺ​គ្រប់គ្រាន់​ណាស់ ដើម្បី​បន្ត​ដំណើរការ​អាជីវកម្ម​នេះ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​គឺ​ល្អ​ណាស់​ហើយ​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ