លោក ថោ​ង ខុន លើកទឹកចិត្ត​យុវជន​ចូលរួម​បំផុស​ចលនា​ទេសចរណ៍​ក្នុងស្រុក


រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុម​យុវជន ស្រលាញ់​សន្តិភាព​ក៏​ដូច​ជា​ដៃគូ​សហការ​ដទៃ​ទៀត​ចូលរួម​បំផុស​ចលនា​ទេសចរ​ក្នុងស្រុក ឲ្យ​មាន​សកម្មភាព​ខ្លាំង​ឡើង​ស្រប​តាម​អនុសាសន៍​ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ការ​ជំរុញ​លើកទឹកចិត្ត​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ទទួល​ជួប​ប្រតិភូ​យុវជន​ស្រលាញ់​សន្តិភាព ដឹកនាំ​ដោយ​លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយក​ប្រតិបត្តិ​សម្ព័ន្ធ យុវជន​ស្រលាញ់​សន្តិភាព នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។

ក្នុង​កិច្ច​ជំនួប​នោះ ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​បាន​បង្ហាញ​ពី​ស្មារតី​ឆន្ទៈ ក្នុង​ការ​ចូល​រួម​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ជាតិ​យ៉ាង​ខ្លាំង ដោយ​ស្ម័គ្រចិត្ត​ចូលរួម​ជា​តួអង្គ​ជំរុញ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សំដៅ​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន បាន​បញ្ជាក់​ថា ក្រៅពី​ស្រលាញ់​សន្តិភាព ចូលរួម​រក្សា​ឱ្យ​បាន​នូវ សុខ​សន្តិភាព ការពារ​គាំទ្រ​អ្នក​បង្កើត​ឱ្យ​មាន​សន្តិភាព សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព ក៏​បាន​ចូលរួម​សកម្មភាព​ជា​ច្រើន​តាម​វិស័យ​នានា ក្នុង​នោះ​ក៏​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​វិស័យ ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​ជំរុញ​ឱ្យ​មាន​ចលនា​ទេសចរ​ទៅ​កាន់​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​មក​ហើយ​ដែរ​។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា តទៅ​មុខ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​នឹង​ពង្រីក​សមាជិក​ឱ្យ​កាន់តែ​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​ជួយ​សង្គម និង​ពង្រីក​ការ​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ វិស័យ​ទេសចរណ៍​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​បង្ហាញ​នូវ​ការងារ​ចាំបាច់​មួយ​ចំនួន សម្រាប់​ឱ្យ​សមាជិក​សម្ពន្ធ យុវជន​ស្រលាញ់​សន្តិភាព​ជួយ​បញ្ចេញ​សាច់ដុំ ក្នុង​នោះ​លោក​បាន​ស្នើ​ក្រុម​យុវជន​ជួយ​បំផុស ឱ្យ​មាន​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​ស្រោចស្រង់​កំណើន​ទេសចរ​ឡើង​វិញ ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម នឹង​បញ្ហា​ជំងឺ Covid-19 ដែល​នាំ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​មានការ​ធ្លាក់​ចុះ​។

លោក ថោ​ង ខុន ក៏​បាន​លើក​ពី​មតិយោបល់​មួយ​ទៅ​កាន់​ប្រតិភូ​សម្ពន្ធ​យុវជន​ស្រលាញ់ សន្តិភាព នោះ​គឺ​ការ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​បានឃើញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ សំដៅ​បំផុស​ត​ទឹកចិត្ត និង​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​ចាប់អារម្មណ៍​ទៅ​លេង​កម្សាន្ត ខណៈ​ដែល​លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន និង​ក្រុម​សម្ពន្ធ​យុវជន​របស់​ខ្លួន ក៏​ធ្លាប់​មានបទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការងារ​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​ចង្អុលបង្ហាញ​ថា ក្រៅពី​តំបន់​គោលដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ជំរុញ​ឱ្យ​មាន​ចលនា​ទេសចរ​ទៅ​កាន់​ខេត្តសៀមរាប ដែល​កំពុង​រង​នូវ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស ក្នុង​នោះ​រាជរដ្ឋាភិបាល នឹង​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត​នៅ​ទីនោះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ បាន​និង​កំពុង​ខិតខំ​ផ្សព្វផ្សាយ​ថា «​កម្ពុជា​នៅ​តែ​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព និង​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ គ្មាន​ការ​ភ័យ​ព្រួយ​នឹង​បញ្ហា​ជំងឺ Covid-19 នោះ​ឡើយ​»​។

លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន និង​ប្រតិភូ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា ចិត្ត​ខ្ពស់​ចំពោះ​កិច្ចការ​ទាំងឡាយ ដែល​លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ណែនាំ ដើម្បី​រួម​គ្នា​ជំរុញ ឱ្យ​មាន​ចលនា​ទេសចរ​ក្នុងស្រុក ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ក្រៅប្រទេស លើក​ស្ទួយ​វិស័យ ទេសចរណ៍​ជាតិ ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន បិតា​នៃ​សុខ​សន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ