ប្រទេសចិន ៖ តាមរ៉យទ័រថាជាមួយការធ្លាក់ចុះនៃចំនួនអ្នកឆ្លងវីរុសCOVID-19ប្រចាំថ្ងៃ ដែលមកដល់កម្រិតទាបបំផុត ខេត្តជាច្រើនរបស់ចិនលើកលែងតែខេត្តហ៊ូប៉ី ចំណុចកណ្ដាលនៃការចម្លងជំងឺនេះ បានសម្រាលបណ្ដាវិធានការរឹតត្បិត លើការដឹកជញ្ជូននិងធ្វើចរាចរណ៍របស់មនុស្សម្នា។
យោងតាមតួលេខបង្ហាញកាលពីថ្ងៃទី២៤កុម្ភៈ ដោយគណៈកម្មាធិការសុខាភិបាលជាតិចិនថា ខេត្តនិងតំបន់២៤ក្នុងចំណោមខេត្តនិងតំបន់ទាំង៣១របស់ចិន ក្នុងនោះមានតំបន់ក្រុងប៉េកាំង សៀងហៃ និងខេត្តមានប្រជាជនច្រើនបំផុតហឺណាន់និងអានហ្វី ពុំមានរកឃើញអ្នកឆ្លងថ្មីណាម្នាក់ឡើយនាថ្ងៃទី២៣កុម្ភៈ។ សរុបមានអ្នកឆ្លងថ្មីតែ១១នាក់ប៉ុណ្នោះ ត្រូវបានរកឃើញ ក្នុងខេត្ត៦ទៀត និងក្នុងខេត្តហ៊ូប៉ី។ អ្នកឆ្លងថ្មីកាលពីថ្ងៃទី២៣កុម្ភៈមាន៣៩៨នាក់ ទល់នឹងសរុប៦៣០នាក់នាពេលមុននេះ។
ចាប់តាំងពីវីរុសនោះរាតត្បាតពីដើមខែធ្នូមក មនុស្សជាង៧៧.០០០នាក់បានឆ្លងវីរុសនៅចិនដីគោក ជាមួយមនុស្សបាត់បង់ជីវិតជិត២.៦០០នាក់។ វីរុសនេះក៏ឆ្លងរាលដាលដល់ក្រៅព្រំដែនចិនដីគោកហើយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានកន្លែងឆ្លងថ្មីនៅកូរ៉េខាងត្បូង អ៊ីតាលីនិងអ៊ីរ៉ង់ដែលនាំឲ្យមានការព្រួយបារម្ភ នៃការឆ្លងរាលដាល។
ក្រសួងពាណិជ្ជកម្មចិនប្រកាសថាចិននឹងបង្កើនការខិតខំប្រឹងប្រែង ដើម្បីកម្រិតផលប៉ះពាល់ ដោយសារការឆ្លងរាលដាលនៃវីរុសថ្មី លើបណ្ដាសហគ្រាសពាណិជ្ជកម្ម ហើយជួយផ្នែកពាណិជ្ជកម្មឲ្យអាចមានសន្ទុះវិញ ដោយទប់ការឆ្លងរាលដាលនៃវីរុសនោះ។ តាមសារាចរណែនាំមួយរបស់ក្រសួងនេះថា បណ្ដាសហគ្រាសដែលមានមុខងារក្នុងការធ្វើចរាចរណ៍បណ្ដាទំនិញ ត្រូវបានអំពាវនាវឲ្យធ្វើសកម្មភាពឡើងវិញ ឲ្យបានឆាប់រហ័សបំផុត ដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញចាំបាច់នានាសម្រាប់ប្រជាជន ពង្រឹងទំនុកចិត្តរបស់បណ្ដាអ្នកប្រើប្រាស់និងស្ដារឡើងវិញសកម្មភាពទីផ្សារ។
ក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលសំដៅធ្វើឲ្យមានស្ថេរភាពដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ក្រសួងពាណិជ្ជកម្មចិនបានសន្យាពីការទ្រទ្រង់ខាងនយោបាយកាន់តែខ្លាំង សម្រាប់ពាណិជ្ជកម្មក្រៅប្រទេស និងបណ្ដាសហគ្រាសមានដើមទុនបរទេស ពិសេសក្នុងបណ្ដាផ្នែកគន្លឹះទាំងឡាយ និងបណ្ដាសហគ្រាសសំខាន់ៗ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
អាជ្ញាធរពាណិជ្ជកម្ម ក៏លើកទឹកចិត្តដែរដល់បណ្ដាសហគ្រាសពាណិជ្ជកម្មអេឡិចត្រូនិក ឲ្យប្រកាន់យកវិធីសាស្ត្រនៃការលក់ថ្មីៗ ជាមួយជំនួយរបស់បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់កាត់បន្ថយលទ្ធភាពនៃការចម្លងជំងឺ។
ជើងហោះហើរក្នុងស្រុកបើកវិញលើកលែងតែហ៊ូប៉ី
ទំនាក់ទំនងតាមអាកាសដែលផ្អាកនៅចិន ដោយសារការលេចនៃវីរុសថ្មី នឹងដំណើរការឡើងវិញជាបណ្ដើរៗ លើកលែងតែជាមួយខេត្តហ៊ូប៉ី។ នេះជាការអះអាងកាលពីថ្ងៃទី២៥កុម្ភៈរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន។
ក្នុងសេចក្ដីប្រកាសមួយអាជ្ញាធរនេះគូសបញ្ជាក់ថា ខ្លួននឹងនឹងអំពាវនាវដល់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ លើពិភពលោកឲ្យអនុញ្ញាតដល់ការហោះហើរអន្តរជាតិឡើងវិញ មកកាន់ប្រទេសចិនដើម្បីធានាថាប្រទេស ត្រូវបានភ្ជាប់ជាមួយពិភពខាងក្រៅវិញហើយ៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ