ខេត្តកណ្តាល ៖ ទីតាំងកែច្នៃរថយន្តអត់ច្បាប់មួយកន្លែងនៅស្រុកស្អាង ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលចុះបង្ក្រាប និងរឹបអូសបានរថយន្ត២គ្រឿង ។
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចង្អុលបង្ហាញដ៏ម៉ឺងម៉ាត់ពីសំណាក់ឧត្តមសេនីយ៌ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំង សាខាគយនិងរដ្ឋាករខេត្តកណ្ដាល កម្លាំងអធិការរដ្ឋាននគរបាលស្រុកស្អាង និងប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដឹកនាំនិងសម្របសម្រួលនីតិវិធីដោយលោកហោ លីណាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចុះបង្ក្រាបទីតាំងរថយន្តកែច្នៃគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅចំណុច ភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
ម្ចាស់ទីតាំងយានដ្ឋានកែច្នៃរថយន្តខាងលើឈ្មោះអេង គង់ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ វត្ថុតាងដកហូតរួមមាន រថយន្តចង្កូតស្ដាំមួយគ្រឿង ប្រភេទ៥តោន ពណ៌ស មានទ្រុង គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០០១ (គ្មានពន្ធ) និងរថយន្តចង្កូតស្ដាំមួយគ្រឿង ពណ៌ប្រផេះ គ្មានផ្លាកលេខ ស៊េរីឆ្នាំ១៩៩២ (គ្មានពន្ធ)។
បន្ទាប់ពីការត្រួតពិនិត្យរួច លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យក្រុមការងារដឹកជញ្ជូន រថយន្តទាំងពីរគ្រឿងខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង រង់ចាំការអនុវត្តតាមនីតិវិធីរបស់សាខាគយនិងរដ្ឋាករខេត្តកណ្ដាល។ ចំណែកឯម្ចាស់ទីតាំងរថយន្តកែច្នៃ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃរថយន្តដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត និងបានណែនាំឲ្យម្ចាស់ទីតាំងធ្វើច្បាប់ត្រឹមត្រូវមុននឹងបន្តរបើកអាជីវកម្ម៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ