រាជធានីភ្នំពេញ ៖ គណៈកម្មាធិការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំពិសេសមួយជាមួយសហព័ន្ធកីឡាជាតិ ដើម្បីស្វែងរកធាតុចូលសម្រាប់ពន្លឿនផែនការឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង ទេសចរណ៍និងជាអគ្គលេខាធិការCAMSOC បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាមួយសហព័ន្ធកីឡាជាតិ ក្នុងការអនុវត្តផែនការមេ និងការពន្លឿន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួត និងការជំរុញផែនការយុទ្ធសាស្ត្រនានា ។
ជាពិសេសជាមួយសហព័ន្ធកំពុងតែសកម្មធ្វើផែនការរបស់ខ្លួន សម្រាប់ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមតែម្ដង ។ កិច្ចប្រជុំនេះត្រូវបានបែងចែកជា២វគ្គ ទី១ លោក អ៊ុក សិទ្ធិជាតិ អគ្គលេខាធិការរងCAMSOC ឡើងធ្វើបទបង្ហាញ និងធ្វើជាគំរូផែនការយុទ្ធសាស្ត្រច្បាស់លាស់មួយជូនទៅដល់សហព័ន្ធកីឡាជាតិ ដើម្បីឱ្យសហព័ន្ធកីឡាជាតិទាំងអស់បំពេញបន្ថែមលក្ខណៈពិសេស ធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាដែលមានជាក្រដាសស្នាមត្រឹមត្រូវទៅតាមគោលការណ៍ ។
ទី២គឺជាការធ្វើបទបង្ហាញរបស់លោក ជា បូរ៉ា អនុប្រធានCAMSOC និងជាប្រធានទីលានប្រកួតគណៈកម្មាធិការកីឡាស៊ីហ្គេម ដើម្បីធ្វើការបែងចែកឱ្យបានច្បាស់លាស់ចាប់ពីពេលឥឡូវនេះទៅ ថាសហព័ន្ធមួយណានៅទីតាំងកន្លែងណា ហើយមានការខ្វះខាតសម្ភារទំហំប៉ុនណា មានបំពាក់ឧបករណ៍អ្វីខ្លះ ដើម្បីរាយការណ៍មកកាន់ CAMSOC ហើយត្រូវរៀបចំពីឥឡូវនេះទៅ ។
ជាពិសេសទីលានណាត្រូវការកែលម្អ និងទីលានណាដែលត្រូវកសាង ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ។ដូច្នេះសហព័ន្ធកីឡាជាតិទាំងអស់គាត់ជាអ្នកទទួលខុសត្រូវ ជា ស្នូលនៃការប្រកួតកីឡាស៊ីហ្គេមទាំងមូលនៅ ក្នុងលក្ខណៈបច្ចេកទេស ។
លោកបានបន្តថា ចាប់ពីពេលនេះទៅ គ្រប់សហព័ន្ធកីឡាជាតិដែលត្រូវត្រៀមប្រកួតកីឡាស៊ីហ្គេម ការចង្អុលបង្ហាញផែនការមេរបស់កីឡាស៊ីហ្គេមក៏ដូចជាការចង្អុលបង្ហាញផែនទីបង្ហាញផ្លូវ ដូច្នេះឆ្នាំ២០២០នេះ គណៈកម្មការជំនាញ ត្រូវរៀបចំឱ្យបានរួចរាល់នូបទប្បញ្ញតិផ្សេងៗទាំងទីលាននិងការផ្សព្វផ្សាយពីការរៀបចំស៊ីហ្គេម ដូចជាការប្រកាសពីជ័យលាភី ការធ្វើឡូហ្គោ និងស្លាកសញ្ញារបស់កីឡាស៊ីហ្គេម ត្រូវធ្វើឱ្យហើយទាំងអស់ ។ ចំណែកឆ្នាំ២០២១គឺជាដំណើរការនៃការរៀបចំអនុវត្តត្រៀមលក្ខណៈស៊ីហ្គេម ហើយចូលដល់ឆ្នាំ២០២២ត្រូវរួចរាល់ទាំងអស់ចំពោះការងារដែលត្រៀមលក្ខណៈ ។
លោកសង្កត់ធ្ងន់ថា អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ត្រូវដាក់ចិត្តដាក់កាយរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវទើបការងារយើងមានការរីកចម្រើនទៅបាន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ