ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ទោះបី​អ្នកឯង​ផ្កាយ​៤ ឬ តួនាទី​រដ្ឋមន្ត្រី ក៏​ចាប់​ដែរ​ឲ្យ​តែ​មិន​គោរព​ច្បាប់​ចរាចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​សម្តេច​ក្រឡា ហោម ស​ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​ប្រកាស​ធានា​ការពារ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​ចាប់​មន្ត្រី​ថ្នាក់​ធំ​ៗ​ជាង​ខ្លួន​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ថ្លែង​ក្នុង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ទីចាត់ការ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​សម្តេច​ក្រឡា ហោម ស​ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​ប្រកាស​ធានា​ការពារ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​ចាប់​មន្ត្រី​ថ្នាក់​ធំ​ៗ​ជាង​ខ្លួន​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ថ្លែង​ក្នុង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ទីចាត់ការ អគារ​រដ្ឋបាល​ឃុំ និង​សមិទ្ធផល​នានា នៅ​ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ​ថា​៖« ខ្ញុំ និង​សម្តេច​តេ​ជោ​បាន​កំណត់​ហើយ ការ​ណា​ខុសច្បាប់ គឺ​ផ្តន្ទាទោស ហើយ​បើ​មិន​ចង់​ផ្តន្ទាទោស គឺ​គោរព​ច្បាប់ ហើយ​គោរព​ច្បាប់ គឺ​ដើម្បី​ជីវិត​របស់​គាត់ ។

ឥឡូវ​ម៉ូតូ​បើក​អត់​ពាក់មួក ពេល​មុន​មក​ខ្ញុំ​ចេញ​វិធានការ​អប់រំ ដោយ​ចាប់​ទាំង​ម៉ូតូ និង​មនុស្ស ដើម្បី​ឲ្យ​នៅ​ជាមួយ​ប៉ូលិស​ដល់​ពេល​យក​មួក​មក​ទើប​ឲ្យ​ទៅ ។ ប៉ុន្តែ​លើក​នេះ​យើង​នឹង​ពិចារណា បើ​គាត់​ជិះ​ម៉ូតូ ហើយ​មិន​ពាក់មួក យើង​អនុវត្ត​វិធានការ​ដូច​មុន​ដដែល ដោយ​ឃាត់​ទាំង​មនុស្ស និង​ម៉ូតូ​នៅ​ដដែល​ដោយ​ឲ្យ​យក​មួក​មក​ទើប​ទៅ​ឲ្យ​ទៅ ប៉ុន្តែ​ពេល​ក្រោយ​នេះ​ឲ្យ​ទៅ​ដូច​មុន តែ​បង់​ផាកពិន័យ​សិន​» ។

សម្តេច​គូសបញ្ជាក់​ថា ៖«​រដ្ឋ​មិន​ចង់បាន​លុយ​នេះ​ទេ ប៉ុន្តែ​ចង់កា​ពារ​អាយុជីវិត​ប្រជាជន បើ​លោក​ឯង​មិន​ចង់​ឲ្យ​គេ​ផាកពិន័យ​លោក​ឯង​គោរព​ច្បាប់​មិន​ខាត​ដំណើរ​ត្រូវ​ពាក់មួក ។ អី​ញ្ចឹ​ង​យើង​សុំ​ដូរ​ឡើង​វិញ​ពី​មុន​យក​ការ​អប់រំ​សំខាន់ ប៉ុន្តែ​ពេល​នេះ​យក​ការ​អប់រំ​មក​ដាក់​បន្ទាប់ ហើយ​ការ​អនុវត្ត​ច្បាប់​មុនគេ​វិញ​» ។ សម្តេច​ស ខេ​ង បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​គោក​សម្តេច សម្រេច​បែប​នេះ​ហើយ នឹង​មានការ​ពិភាក្សា​គ្នា​រហូត​ឈាន​ដល់​វិសោធនកម្ម​អនុក្រឹត្យ​បន្ទាប់​សិក្សា​វិ​សោ​ន​ធ​កម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ ។

សម្តេច​ស ខេ​ង បាន​គូស​លើក​ឡើង​ទៀត​ថា​៖«​យើង​យក​ការ​អនុវត្ត​ច្បាប់​សំខាន់ បន្ទាប់​មក​យើង​យក​ការ​អប់រំ ។ ការ​អប់រំ​កន្លង​មក​ប្រើ​កំលាំង​ច្រើន​តែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ដូច្នេះ​មាន​តែ​យក​ការ​អនុវត្តន៍​ច្បាប់​ជា​ធំ​វិញ »​។ សម្តេច​ក្រឡាហោម ស​ខេ​ង បាន​គូសបញ្ជាក់​ទៀត​ថា ច្បាប់​ធ្វើ​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិនមែន​សម្រាប់​អ្នក​ណា​ម្នាក់​មិនមែន​សម្រាប់​ក្មេង ចាស់ ប្រុស ស្រី អ្នកតូច អ្នកធំ​នោះ ទេ គឺ​ប្រជាជន​ទាំងអស់​នៅ​ក្រោម​ច្បាប់ ។

សម្តេច​បញ្ជាក់​ថា ៖«​ទាំងអស់​គ្នា​ស្មើភាព​ចំពោះ​មុខ​ច្បាប់ អត់​មាន​លើកលែង​អ្នក​ណា​ទេ ឲ្យ​តែ​ខុសច្បាប់ ។ អ្នកខ្លះ​ថា ទេ​! ប៉ូលិស​ចរាចរណ៍​ស័ក្តិ​១ ដល់​ចាប់​ឧត្តមសេនីយ៍​ប៉ូលិស​ពាក់​ផ្កាយ​៣ ចាប់​ឧត្តមសេនីយ៍​យោធា ពាក់​ផ្កាយ​៣ អត់​ត្រូវ​ទេ​ធ្វើ​អីចឹង ។ ខ្ញុំ​សួរ​តើ ធ្វើ​ម៉េច​បាន​ត្រូវ ? តែ​ច្បាប់​ចែង​ថា មនុស្ស​មាន​សិទ្ធិ ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ទោះបី​អ្នកឯង​ផ្កាយ​៤ ក៏​ដោយ​បើកឡាន​បុក​គេ ប៉ូលិស​ផ្កាយ​មួយ ឬ​ស័ក្តិ​មួយ ឬ​ក៏​ពលបាលត្រី​ទេ ក៏​ចាប់​បាន​ដែរ ព្រោះ​មាន​សិទ្ធិ​ភាព​ចំពោះ​មុខ​ច្បាប់ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​មាន​ស័ក្តិ ឬ​តួនាទី​ជា​អ្នកតំណាង​រាស្ត្រ ដែល​ធ្វើ​ច្បាប់​យ៉ាងណា​ក្តី​បើ​មិន​គោរព​ច្បាប់​ឲ្យ​អនុវត្ត​ក៏​ត្រូវ​អនុវត្ត​ច្បាប់​ដែរ និង​តួនាទី​រដ្ឋមន្ត្រី បើ​មិន​គោរព​ច្បាប់​ក៏​ខុស ផ្កាយ​៤​ក៏​ដោយ បើ​ធ្វើ​ខុសច្បាប់ គឺ​ខុស​» ។ សម្តេច ស ខេ​ង បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​សុំ​ឲ្យ​អស់លោក​ប៉ូលិស​ធ្វើ​ទៅ ហើយ​មានអី​ឆ្លើយ​ដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ អី​ញ្ចឹ​ង​អត់​ហ៊ាន​ធ្វើ​ទេ គ្រាន់តែ​ដោះ​មួក​មក​រួចខ្លួន​នោះ ! រឿង​នឹង​អត់​ទេ គឺ​អ្នក​ណា​ក៏​ដោយ​ត្រូវ​តែ​អនុវត្ត​ច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ