ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​កើតឡើង​ជិត​១០០​ឆ្នាំ​មុន​នៃ​ផ្នូរ​​ជនជាតិ​បារាំង​ម្នាក់​ក្នុង​ខេត្ត​មណ្ឌល​គិរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នេះ​ជា​រឿង​ពិត​មួយ​ដែល​បាន​កើត​ឡើង​កាលពី​ជិត​១០០​ឆ្នាំ​មុន បណ្តាល​ឲ្យ​មាន​ច​ម្ង​ល់​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​ប្រែក្លាយ​ទីតាំង​ភូមិ​ជនជាតិ​ដើម​ភាគតិច​ឈ្មោះ «​ក្រង់​» ទៅ​ជា​តំបន់​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​ផង​។ ជុំវិញ​ដំណើររឿង​នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នេះ​ជា​រឿង​ពិត​មួយ​ដែល​បាន​កើត​ឡើង​កាលពី​ជិត​១០០​ឆ្នាំ​មុន បណ្តាល​ឲ្យ​មាន​ច​ម្ង​ល់​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​ប្រែក្លាយ​ទីតាំង​ភូមិ​ជនជាតិ​ដើម​ភាគតិច​ឈ្មោះ «​ក្រង់​» ទៅ​ជា​តំបន់​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​ផង​។

ជុំវិញ​ដំណើររឿង​នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​​ឲ្យ​ដឹង​ថា លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត រួម​ទាំង​ក្រុមការងារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​បាន​ចូល​ទៅ​ពិនិត្យ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង ដែល​មាន​អាយុកាល​ប្រមាណ​ជិត​១​សតវត្សរ៍​នោះ គឺ​ផ្នូរ​សព​ជន​ជាតិ​បារាំង​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សម័យ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អាណា​និគម​និយម​បារាំង​។

បច្ចុប្បន្ន​ផ្នូរ​សព​ជនជាតិ​បារាំង​ម្នាក់​នេះ ត្រូវ​បាន​អ្នក​ជំនាន់​មុន​រៀបចំ​ជា​ស្មសាន ដោយ​មាន​ចម្លាក់​ចារឹក​នៅ​លើ​ផ្ទាំង​ថ្ម​ជា​ភាសា​បារាំង អំពី​ប្រវត្តិ​នៃ​សិលា​នេះ​។ ផ្នូរ​សព​នេះ ត្រូវ​បញ្ចុះ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ហ្គា​ទី ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ ពី​ឃុំ​ស្រែ​ព្រះ ដែល​សម្បូរ​ទៅ​ដោយ​បង​ប្អូន​​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​។

តាម​ការ​ជួប​សម្ភាសន៍ និង​សាកសួរ​អំពី​ប្រវត្តិ​សាវតា​ផ្នូរ​សព​ពី​អ្នក​ភូមិ និង​ចាស់ទុំ ដែល​ជា​ជន​ជាតិភាគតិច​ព្នង បាន​ឲ្យ​ដឹង​ថា ភូមិ​ហ្គា​ទី កាលពីមុន​មានឈ្មោះ​ហៅ​ថា ភូមិ​ក្រង់ ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៣១ មាន​មេទ័ព​ជា​ជនជាតិ​បារាំង​ឈ្មោះ ហ្គា​ទី (Gatille) បាន​បាត់បង់​ជីវិត​ដោយសារ​កាំបិត​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​តំបន់​នោះ ហើយ​ទាហាន​ឈ្មោះ ហ្គា​ទី នេះ ក៏​ជា​មេទ័ព​ធំ​ម្នាក់​ប្រចាំ​ភូមិភាគ​ឦសាន ទើប​ជាប់​ឈ្មោះ​ហ្គា​ទី ជា​ភូមិ​ជំនួស​ឲ្យ​ឈ្មោះ​ភូមិ​ក្រង់​វិញ​។

ផ្នូរ​សព​របស់​ជនជាតិ​បារាំង ដែល​មានឈ្មោះ​ដូច​គ្នា​ទៅ​នឹង​ឈ្មោះ​ភូមិ​ហ្គា​ទី បាន​ក្លាយជា​មន្ទិល​មួយ​របស់​អ្នក​ចំណូល​ថ្មី និង​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់ ហើយ​ពួក​គេ​បាន​ស្វែងរក​ការ​បក​ស្រាយ​​ថា ឈ្មោះ​ភូមិ និង​ឈ្មោះ​សព​ក្នុង​ផ្នូរ មាន​អ្វី​ទាក់ទង​គ្នា​។ យ៉ាងណាមិញ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មិន​ទាន់​មាន​ឯកសារ​ណាមួយ​យក​មក​បង្ហាញ​ជា​ទឡ្ហីករណ៍​នៅឡើយ​ទេ ដោយ​នឹង​ស្វែងរក និង​ស្រាវជ្រាវ​បន្ថែម​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ