ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មន្ត្រី​ទាំងអស់​កុំ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​កាន់​មន្ត្រី​ទាំងអស់​កុំ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​កាន់​មន្ត្រី​ទាំងអស់​កុំ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​យ៉ាង​ដូច្នេះ​ថា ៖ មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ ហើយ​កុំ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ឲ្យ​សោះ ។

សម្តេច​បាន​លើកយក​រឿង​គ្រាប់​ល្ពៅ​ថា ៖«​ខ្ញុំ​នៅ​តែ​និទានរឿង​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ឆ្នាំ​និទាន​ម្តង​ៗ ។ អ្វី​ជា​មន្ត្រី​គ្រាប់​ល្ពៅ ? មន្ត្រី​គ្រាប់​ល្ពៅ គឺ​មានរឿង​មួយ​ដំណាល​ថា មាន​ព្រះរាជា​មួយ​អង្គ​ចង់​ដឹង​អំពី​មន្ត្រី​របស់​ខ្លួន​យ៉ាងម៉េច ? ថ្ងៃមួយ​ព្រះរាជា​ក៏​បាន​យក​គ្រាប់​ល្ពៅ​មក ដើម្បី​ផ្តល់​ឲ្យ​មន្ត្រី​មាន​ឧបរាជ មហាឧបរាជ «…» មន្ត្រី​ខ្លះ​បាន​ទាញ​យក​គ្រាប់​ល្ពៅ​ច្រើន និង​ខ្លះ​យក​តិច​ទៅ​ដាំ ។ មួយ​រយៈពេល​ក្រោយមក ព្រះ​អង្គ​គិត​ថា ដល់​ពេល​ប្រមូល​ផល​ល្ពៅ​ក៏​កោះហៅ​មន្ត្រី​ទាំងនោះ​មក​វិញ ។ ពេល​នោះ​កើត​ចេញ​ជា​មនុស្ស​៤​ប្រភេទ គឺ​ទី​១.​មាន​មន្ត្រី​ដឹក​ផ្លែ​ល្ពៅ​មក តែ​ខាង​កងការពារ​មិន​ឲ្យ​ចូល​ក៏​មក​ទូល​ព្រះមហាក្សត្រ​ថា មិន​ឲ្យ​ដឹង​ល្ពៅ​ចូល​មក ។ ទី​២.​មន្ត្រី​ថា​ល្ពៅ​ខ្លួន​ក៏​ផ្លែ​តែ​មិន​បាន​បេះ​មក ទី​៣. មន្ត្រី​ថា បាត់​ពូជ​ល្ពៅ​ដែ ល​ព្រះមហាក្សត្រ​ប្រគល់​ជូន និង​ទី​៤. ដាំ​មិន​ដុះ​ទេ គឺ​គ្រាប់​ល្ពៅ​ស្ងោរ ។

សម្តេច​តេ​ជោ បាន​វាយតម្លៃ​ចំពោះ​មន្ត្រី​ប្រភេទ​ទី​៤ ថា​ជា​មន្ត្រី​ស្មោះត្រង់ ដោយ​ហ៊ាន​ប្រាប់​ស្មោះត្រង់ ។ មន្ត្រី​បែប​នេះ គឺជា​មន្ត្រី​ដែល​ត្រូវ​បាន​ហ្វឹកហាត់ និង​ដំឡើង​ស័ក្តិ ។ ចំពោះ​មន្ត្រី​ប្រភេទ​ទី​៣ វិញ​គួរតែ​យក​ទៅ​ធ្វើការ​អប់រំ ដោយ​ប្រាប់​ថា ថ្ងៃក្រោយ​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់ ។ មន្ត្រី​ប្រភេទ​២ ក៏​គ្រាន់បើ​ដែរ ប៉ុន្តែ​មន្ត្រី​ប្រភេទ​ទី​១​វិញ មិន​អត់ឱន​នោះ​ទេ ដោយសារ​បោក​ព្រះមហាក្សត្រ និង​ចង់​ឲ្យ​ស្លាប់​កងការពារ​ព្រះរាជវាំង​ទៀត ។

សម្តេច​តេ​ជោ​ក៏​បាន​ផ្តាំ​ទៅ​កាន់​មន្ត្រី​ទាំងអស់​កុំ​យក​គំរូ​តាម​មន្ត្រី​គ្រាប់​ល្ពៅ​ប្រភេទ​ទី​១​ឲ្យ​សោះ ។ ភាព​មិន​ស្មោះ​ណាមួយ​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ធ្វើការ​វិនិច្ឆ័យ​ខុស ហើយ​អ្នកដឹកនាំ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ច្បាស់លាស់ ដោយ​កុំ​ឲ្យ​ព័ត៌មាន​បំភ្លៃ​បោកប្រាស់​ខ្លួន​បាន ផ្ទុយ​ទៅ​វិញ​បើ​គេ​បោកប្រាស់​បាន​យើង​ត្រូវ​កែតម្រូវ​ភ្លាម ។ សម្តេច​បន្ថែម​ថា អ្វី​ដែល​សម្តេច​លើក​ឡើង​នេះ ដើម្បី​ដាស់តឿន​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញការងារ និង​បង្កើន​សមត្ថភាព​ជា​ប្រចាំ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ