ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​វីរុស​កូ​រ៉ូ​ណា ​៖ ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តក្រចេះ​ស្ម័គ្រចិត្ត​បញ្ចុះ​ថ្លៃ ១០% លើ​គ្រប់​សេវាកម្ម

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រើន​ក្នុង​ខេត្តក្រចេះ​បាន​ស្ម័គ្រចិត្ត​បញ្ចុះ​ថ្លៃ ១០% លើ​គ្រប់​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​ខេត្តក្រចេះ​ឲ្យ​កាន់តែ​ច្រើន​កុះករ ។ នេះ​បើ​តាម​លោក ជួប…

ខេត្តក្រចេះ ៖ ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រើន​ក្នុង​ខេត្តក្រចេះ​បាន​ស្ម័គ្រចិត្ត​បញ្ចុះ​ថ្លៃ ១០% លើ​គ្រប់​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​ខេត្តក្រចេះ​ឲ្យ​កាន់តែ​ច្រើន​កុះករ ។ នេះ​បើ​តាម​លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។

ការ​ចូលរួម​បញ្ចុះតម្លៃ​លើ​គ្រប់​សេវាកម្ម​ទេសចរណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​អំពាវនាវ​ពី​សំណាក់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​ស្នើ​ឱ្យ​វិស័យ​ឯកជន ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ ក៏​ដូច​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​បញ្ចុះតម្លៃ​សេវាកម្ម​ទេសចរណ៍ ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ចលនា​ទេសចរ​ក្នុង​ប្រទេស ស្រប​ពេល​ដែល​ពិភពលោក​ជួប​ប្រទះ​នូវ​វិបត្តិ​ការ​រីក​រាលដាល​ជំងឺ Covid 19 ដែល​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មានការ​ធ្លាក់​ចុះ ក្នុង​នោះ​កម្ពុជា​ក៏​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​នេះ​ផង​ដែរ​។

លោក​ប្រធាន​មន្ទីរ ជួប រតនា បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ ជា​ពិសេស​ទេសចរ​ក្នុងស្រុក ដើម្បី​ចូលរួម​ចំណែក​ស្តារ​ស្ថានការណ៍​ក្នុង​វិបត្តិ​នៃ​ជំងឺឆ្លង Covid 19 និង​ដាក់​ទិស​ដៅ​រួម​គ្នា​លើក​ស្ទួយវិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ផុលផុស​បន្ថែម​ទៀត​។ ​លោក​បាន​បន្ត​ថា កិច្ចប្រជុំ​បាន​ពិភាក្សា និង​ស្រាយ​បញ្ហា​ប្រឈម​នានា ការ​ពង្រឹងគុណភាព​សេវាកម្ម​តាម​រយៈ​ការ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍ ពង្រឹងគុណភាព​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​ខេត្ត បង្កើន​ចំនួន​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ ជំរុញ​ការ​ផ្សព្វផ្សាយ លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​រៀបចំ​ឲ្យ​មាន​វិ​ថី​ម្ហូបអាហារ​ក្នុង​ខេត្ត (Street Food) ជា​ពិសេស​មន្ទីរ​ទេសចរណ៍​បាន​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍ ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត និង​វិនិយោគ​ថ្មី​លើ​សេវាកម្ម​សម្បទា​ទេសចរណ៍​នានា​។

បើ​តាម​លោក​ប្រធាន​មន្ទីរ ភាគី​ឯកជន​ក៏​បាន​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ លើ​ការ​បង្កើត​ក្រុមការងារ​រដ្ឋ​-​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត ដែល​ជា​ទម្រង់​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​មានការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​។

ជាមួយ​គ្នា​នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​បាន​ប្តេជ្ញា​ចិត្ត​ប​ញ្ជុះ​តម្លៃ ១០% លើ​គ្រប់​សេវាកម្ម​នានា​ក្នុង​ខេត្ត ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​ខេត្តក្រចេះ​ឲ្យ​កាន់តែ​ច្រើន​កុះករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ