ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលទាន​កាហ្វេ​ពេញ​និយម​ខ្លាំង​តែ​តម្លៃ​កាហ្វេ​ធ្លាក់​ចុះ​ព្រោះ​ការ​នាំ​ចូល​ច្រើន​ពី​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​អតិថិជន​ទទួលទាន​កាហ្វេ​តាម​ហាង​ទំនើប​និង​តាម​ទីតាំង​តាម​ដងផ្លូវ​នានា​ទាំង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង តែ​តម្លៃ​កាហ្វេ​ក្នុងស្រុក​បែរជា​ធ្លាក់​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​ការ​នាំ​ចូល​កាហ្វេ​ពី​ប្រទេស​ជិតខាង​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ពេក ។ ​ ជាក់ស្តែង​កាហ្វេ​ក្នុងស្រុក​ដែល​កំពុង​ទទួល​បាន​នូវ​ល្បីល្បាញ​គឺ «​កាហ្វេ​មណ្ឌលគិរី​»…

ខេត្តមណ្ឌលគិរី ៖ ខណៈ​អតិថិជន​ទទួលទាន​កាហ្វេ​តាម​ហាង​ទំនើប​និង​តាម​ទីតាំង​តាម​ដងផ្លូវ​នានា​ទាំង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង តែ​តម្លៃ​កាហ្វេ​ក្នុងស្រុក​បែរជា​ធ្លាក់​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​ការ​នាំ​ចូល​កាហ្វេ​ពី​ប្រទេស​ជិតខាង​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ពេក ។

ជាក់ស្តែង​កាហ្វេ​ក្នុងស្រុក​ដែល​កំពុង​ទទួល​បាន​នូវ​ល្បីល្បាញ​គឺ «​កាហ្វេ​មណ្ឌលគិរី​» ដែល​ទទួល​បាន​គាំទ្រ​ពី​អតិថិជន​ទាំង​ក្នុង​និង​ក្រៅប្រទេស គឺ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​បី​បាន​នាំ​យក​គ្រាប់​កាហ្វេ​ប្រចាំ​ខេត្ត​មួយ​នេះ​ទៅ​លក់​នៅ​ក្រៅប្រទេស​ជា​ច្រើន​ទាំង​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ។ ​ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​ដែល​ខេត្តមណ្ឌលគិរី​មាន​ដំណាំ​កាហ្វេ​ឈ្ងុយ​ឆ្ងាញ់ ក្រ​ឡែក​ទៅ​មើល​កសិករ​ដែល​កំពុង​អាស្រ័យ​ផល​លើ​ដំណាំ​កសិឧស្សាហកម្ម​នេះ បាន​អះអាង​ថា ផល​កាហ្វេ​ឆ្នាំ​នេះ​បាន​តិច​ជាង​ឆ្នាំ​មុន ព្រោះតែ​បញ្ហា​អាកាសធាតុ ឯ​តម្លៃ​ទៀត​សោត​ក៏​ស្រក​ចុះ​បន្តិច ព្រោះ​មានការ​នាំ​ចូល​គ្រាប់​កាហ្វេ​ពី​ប្រទេស​ជិតខាង ដូច​ជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ច្រើន​ចូល​ទីផ្សារ​កម្ពុជា ។

​លោក យស ចាន់​ថា នាយក​ក្រុមហ៊ុន Coffe Timor ដែល​មាន​ចំការ​ផ្ទាល់​នៅ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា តម្លៃ​កាហ្វេ​ឆ្នាំ​នេះ​បាន​ថោក​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ព្រោះតែ​មានការ​នាំ​ចូល​កាហ្វេ​ពី​ប្រទេស​វៀតណាម​ច្រើន ដូច្នេះ​តម្លៃ​ក្នុងស្រុក​ធ្លាក់​ចុះ​បន្តិច ។ បច្ចុប្បន្ន​កាហ្វេ​ដែល​ក្រុមហ៊ុន​លោក​ទទួល​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​ចាប់ពី​១០,០០០ រៀល ទៅ​ដល់​១៨,០០០ រៀល ក្នុង​មួយ​គីឡូក្រាម​។ លោក ចាន់​ថា បាន​បន្ត​ថា ទិន្នផល
កាហ្វេ​ឆ្នាំ​នេះ ដោយសារ​តែ​កើត​មាន​បញ្ហា​រដូវ​រាំង​ស្ងួត​ច្រើន ដូច្នេះ​ផល​កាហ្វេ​ក៏​ធ្លាក់​ចុះ​ដោយ​មួយ​ហិច​តា បាន​ត្រឹម ២ តោន​ប៉ុណ្ណោះ ចំណែក​កាល​ឆ្នាំ​កន្លង​មក​បាន​រហូត​ដល់​ទៅ ៤​តោន​ក្នុង​មួយ​ហិច​តា ។ តាម​ការ​បញ្ជាក់​ពី​នាយក​ក្រុមហ៊ុន​កាហ្វេ​រូប​នេះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមការងារ​របស់​លោក​បាន​នឹង​កំពុង​បង្កើន​សកម្មភាព​ចុះ​បង្រៀន នឹង​ជួយ​ផ្តល់​ជាដើម​ទុន​សម្រាប់​បងប្អូន​ប្រជា​កសិករ​ដាំ​ដំណាំ​កាហ្វេ បែប​ធម្មជាតិ​ដើម្បី​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ទទួល​បាន​តម្លៃ​ថ្លៃ​។

ដោយឡែក​កសិករ​ឈ្មោះ រ៉ូ​យ ទើប រស់នៅ​ភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​មាន​ផ្ទៃដី​ដាំ​កាហ្វេ​ចំនួន​៨​ហិច​តា ហើយ​សព្វថ្ងៃ​កំពុង​ប្រមូល​ផល ។ កសិករ​ម្ចាស់​ចំការ​ខាងលើ​បាន​បន្ត​ថា កាហ្វេ​ជា​ដំណាំ​មួយ​ប្រភេទ​ងាយស្រួល​ដាំ​និង​ថែទាំ មិន​ពិបាក​ដូច​ដំណាំ​ម្រេច​ទេ​។ ចំណែក​រយៈពេល​នៃ​ការ​ប្រមូល​ផល គឺ​មាន​រយៈពេល​២​ឆ្នាំ​កន្លះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដាំ​ដុះ ។ កសិករ​ដដែល​បាន​បញ្ជាក់​ថា តម្លៃ​កាហ្វេ​កាលពី​ឆ្នាំ​២០១៩ គាត់​អាច​លក់​បាន​តម្លៃ​មួយ​គីឡូក្រាម​រហូត​ដល់​ជាង ២ ម៉ឺន​រៀល ចំពោះ​គ្រាប់​កាហ្វេ​ស្ងួត ឯ​គ្រាប់​កាហ្វេ​ស្រស់​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៨,០០០ រៀល ទៅ​១,០០០ រៀល តម្លៃ​នេះ​ពិតជា​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​ផល​ចំនេញ​ច្រើន ។ ​ក៏​ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០២០ នេះ តម្លៃ​កាហ្វេ​បាន​ធ្លាក់​ចុះ​បន្តិច​វិញ ។ ដោយ​គ្រាប់​កាហ្វេ​ស្ងួត​បាន​តម្លៃ​១៥, ០០០ រៀល ទៅ​១៧, ០០០ រៀល គ្រាប់​កាហ្វេ​ស្រស់​បាន ៤,៥០០ រៀល ទៅ​៦, ០០០​រៀល ប៉ុណ្ណោះ ។ ចំណែក​ទិន្នផល​ដែល​ទទួល​បាន​កាលពី​ឆ្នាំ​២០១៩​គឺ​មួយ​ហិច​តា បាន​គ្រាប់​កាហ្វេ​ស្រល់​ប្រមាណ​៧​ទៅ​៨​តោន បើ​ហាល​ស្ងួត​អាច​នៅ​សល់​ត្រឹម​៤​ទៅ​៥​តោន ហើយ​ឆ្នាំ​២០២០​នេះ​ទិន្នផល​ធ្លាក់​ចុះ​ខ្លាំង គឺ​បាន​ត្រឹមតែ​៥០% នៃ​ទិន្នផល​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ផ្ទៃដី​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្ត មាន​សរុប​ចំនួន​៣២៧​ហិ​កតា កើន​លើស​ឆ្នាំ​២០១៩ ចំនួន​៤១​ហិច​តា​។ លោក​ប្រធាន​មន្ទីរ​ក៏​បាន​បង្ហាញ​ពី​ការ​ថែទាំ​កាហ្វេ​គឺ​ចាំបាច់​ត្រូវ​ដើរ​បេះ​ខ្នែង​វា​ដុះ​ចេញពី​មែក និង​ត្រូវ​ស្រោច​ទឹក​នៅ​រដូវប្រាំង​ឲ្យ​បាន​ក្នុង​១​គុម្ព ចំណុះ​ទឹក​១០​ទៅ​២០​លី​ត្រ ក្នុង​១​ថ្ងៃ ។

បើ​នៅ​រដូវវស្សា​ទឹក​មិនបាច់​ស្រោច​ក៏​បាន ព្រោះ​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​សើម​ដី ។ តែបើ​ដី​ស្ងួត​អាច​ស្រោច​ទឹក​៣​ថ្ងៃ​ម្ដង និង​ថែម​ជី​ក្នុង​១​គុម្ព​២​បង្គី​សម្រាប់​ជី​កំ​ប៉ុ​ស្ត ។ ការ​ថែទាំ​កាហ្វេ​ដិត​ដល់​វា​នឹង​ហុច​ផល​ក្នុង​រយៈពេល​៣​ឆ្នាំ នៅ​ឆ្នាំ​ទី​៤​ទើប​គេ​ចាប់ផ្ដើម​ប្រមូល​ផល​ពេញ​តែ​ម្តង ។ ដើម​កាហ្វេ បើ​គេ​អាច​ថែទាំ​វា​បាន​ល្អ​ស្រោច​ទឹក​ដាក់​ថែម​ជី​គ្រប់គ្រាន់ វា​នឹង​ឲ្យ​ផល​បេះ​ផ្លែ​បាន​រហូត​ដល់​ជិត​២០​ឆ្នាំ ។ ហើយ​វា​អាច​ផ្តល់​ទិន្នផល​ប្រមាណ​ពី​៣​ទៅ​៦​តោន​ក្នុង​មួយ​ហិ​កតា​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ