ភ្លើង​ឆេះ​ព្រៃ​ភ្នំ​ខៀវ​អស់​៣​ថ្ងៃ ខណ​:​ពន្លត់​កន្លែង​នេះ​ភ្លើង​ឆេះ​កន្លែង​នោះ (មានវីដេ​អូ)


ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ផ្សែង​ខ្មៅ​អួរ​អាប់​ហុយ​ទ្រលោម​ចេញពី​ក្នុង​ព្រៃ​ភ្នំ​ខៀវ គ្របដណ្តប់​លើ​ផ្ទៃមេឃ ខណ​:​ភ្លើង​ឆេះ​ព្រៃ​អស់​រយ​:​ពេល​៣​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​មាន​កន្លែង​ខ្លះ​បន្ត​ឆេះ​ថែម​ទៀត ។ ទោះបីជា​យ៉ាងនេះ​ក្តី មាន​រថយន្ត​ពន្លត់អគ្គីភ័យ​នគរបាល​ស្នងការ​ខេត្ត​ចេញ​ប្រតិបត្តិការ​ពន្លត់​ជា​រៀងរាល់ថ្ងៃ ក៏​នៅ​ពេល​យប់​ឃើញ​មាន​អណ្តាតភ្លើង​ចេញពី​ក្នុង​ព្រៃ​ភ្នំ​មក​ដែរ ។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ភ្នំ​ខៀវ​ខាងលើ​នេះ​បាន​កើតឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២២-២៤ ខែកុម្ភ​: ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ជើងភ្នំ​ខៀវ​ជា​ច្រើន​កន្លែង ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តែ​ភ្លើង​នៅ​បន្ត​រាល​ឆេះ​ព្រៃ​លើ​ភ្នំ​ដដែល ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ចម្ការ​ដំណាំ​របស់​ពួក​គាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​ដុត​សំរាម​នៅ​តាម​ចម្ការ​របស់​ខ្លួន​ក្បែរ​ៗ​ជើងភ្នំ បណ្តាល​ឱ្យ​ភ្លើង​រាលដាល​ឆេះ​រហូត​ដល់​លើ​ភ្នំ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បន្ត​ថា ពេល​នោះ កម្លាំង​មន្ត្រី​របស់​លោក ក៏​ដូច​ជា​កម្លាំង​នគរបាល​ស្នងការ​ខេត្ត បាន​ចេញ​ប្រតិបត្តិការ ធ្វើការ​ពន្លត់​រាល់ថ្ងៃ ។ ប៉ុន្តែ​ក្រោយ​ពី​នាំ​គ្នា​ពន្លត់​ពេល​ថ្ងៃ​រួច ស្រាប់តែ​នៅ​ពេល​យប់ ភ្លើង​បន្ត​ឆេះ​ទៀត ដោយពេល​ខ្លះ​ជិត​ឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ជើងភ្នំ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ ។ ទោះបីជា​យ៉ាងណា តាំងពី​ឆេះ​ខ្លាំង​នៅ​លើ​ភ្នំ រហូត​ដល់​៣​ថ្ងៃ​ជាប់​ៗ​គ្នា មិន​អាច​ពន្លត់​បាន​ទាំងស្រុង​នោះ​ឡើយ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បន្ត​ទៀត​ថា ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ភ្នំ​នេះ មានការ​លំបាក​បន្តិច ដោយ​សារ​តែ​ឆេះ​នៅ​លើ​ភ្នំ​រាល​ឆ្លង​ទៅ​ក្នុង​ព្រៃ​ជ្រៅ ។ ប៉ុន្តែ​ក៏​មាន​កន្លែង​ខ្លះ​ទៀត ខាង​លោក​បាន​ទប់ស្កាត់​ជាប់​មិន​បណ្តាល​ឱ្យ​រាលដាល​តទៅ​ទៀត​នោះ​ទេ គឺ​ឆេះ​ត្រឹម​ព្រៃ​ឫស្សី​ងាប់​ៗ​ក្បែរ​ជើងភ្នំ ។ លោក​បញ្ជាក់​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាង​លោក​នឹង​បន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល ដើម្បី​ធ្វើការ​ចុះ​ទៅ​ត្រៀម​ពន្លត់​បន្ត​ទៀត ខណ​: រហូត​មក​ដល់​ពេល​នេះ មានការ​ឆេះ​គល់ឈើ​ហុយ​ៗ នឹង​ដើរ​ពន្លត់​ឱ្យ​បាន​អស់ ដើម្បី​កុំឱ្យ​រាលដាល​ឆេះ​ព្រៃ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភ​: នេះ ភ្លើង​ដែល​ឆេះ​នៅ​តាម​ជើងភ្នំ​មួយ​ចំនួន​មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ គឺ​កំពុង​ឆេះ​រាល​បន្តិច​ម្តង​ៗ តែ​ម្ចាស់​ចម្ការ និង​សមត្ថកិច្ច​កំពុង​ត្រៀមខ្លួន ដើម្បី​នាំ​គ្នា​ពន្លត់​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ