រថយន្តមួយគ្រឿងកំពុងបើកបរឆ្លងកាត់ស្ពានយោលថ្មីដែលទើបស្ថាបនារួចបាន២ខែ ស្រាប់តែប៉ូលិសមួយក្រុមចេញស្ទាក់ជាប់ រួចហើយភ្នាក់ងារប៉ូលិសម្នាក់យកបាច់ផ្កាយ៉ាងស្អាតមកជូនអ្នកបើក បរ។ បន្ទាប់ពីភ្នាក់ងារប៉ូលិសនោះថយក្រោយបន្តិច លោកប្រធានក្រុមប៉ូលិសដើរចូលនិយាយ ៈ
-ជម្រាបលោក, រថយន្តលោកជារថយន្តទីមួួយលាន ដែលបើកលើស្ពានយោលនេះ បន្ទាប់ពីវាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈមក។ សូមជូនពរលោក! ទីក្រុងពួកយើងសូមជូនមូលប្បទានបត្រដែលមានទឹកប្រាក់៥.០០០ដុល្លារដល់លោក។ សូមលោក និងគ្រួសារបានទទួលការសប្បាយរីករាយ។
ឮដូច្នេះអ្នកបើកបររថយន្តស្រែកឡើងដោយអំណរ ៈ
-ជយោ ! តែប៉ុណ្ណេះ ខ្ញុំមានលុយដោះស្រាយយកប័ណ្ណបើកបរបានហើយ។
នាងប្រពន្ធអ្នកបើកបរដែលអង្គុយនៅម្ខាងបុកពោះប៉ផ្អុកខ្លាចប៉ូលិសដឹងប្តីបើកបរដោយគ្មានប័ណ្ណបើកបរ ក៏ប្រញាប់លូកមាត់ចូល ៈ
-សូមបងៗកុំជឿពាក្យនេះ, គាត់កំពុងស្រវឹងខ្លាំងអត់ដឹងខ្លួននិយាយខុសទេ។
ភ្លាមនោះ លោកយាយដែលអង្គុយនៅកៅអីក្រោយ ដោយធ្ងន់ត្រចៀកពុំដឹងគេនិយាយអី ក៏លូកមាត់ចូលដែរ ៈ
-ម៉ែប្រាប់ហើយថា ឡានលួចគេមិនអាចជិះដើរលេងបានទេ តែគ្មានអ្នកព្រមជឿម៉ែសោះ។ ឥឡូវត្រូវប៉ូលិសចាប់ហើយដោះស្រាយយ៉ាងម៉េចទៅ ?
ចែករំលែកព័តមាននេះ