ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤១​ឆ្នាំ​កន្លង​ទៅ​ អនុស្សាវរីយ៍​ស្នេហា​ព្រាត់​​ជួប​នៃ​សម្ដេច​តេ​ជោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បាន​សរសេរ​រំឭក​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់​សម្ដេច​ថា ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៧៩-​ថ្ងៃ​ទី​២៤ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បាន​សរសេរ​រំឭក​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់​សម្ដេច​ថា ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៧៩-​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ គឺជា​ខួប​៤១​ឆ្នាំ​នៃ​ការ​ជួប​គ្នា​ឡើង​វិញ​រវាង​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។

សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​សរសេរ​ថា ថ្ងៃនេះ​គឺជា​ខួប​៤១​ឆ្នាំ នៃ​ការ​ជួប​គ្នា​ឡើង​វិញ រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២០) បាន​រៀបរាប់ ត្រួស​ៗ​មួយ​ចំនួន​រួច​មក​ហើយ លើ​ការ​ជួប​ហើយ​ព្រាត់ ព្រាត់​ហើយ​ជួប​។ លើក​នេះ​ខ្ញុំ​ខិតខំ​សរសេរ​បំពេញបន្ថែម​នូវ​រឿងរ៉ាវ​បន្ទាប់​ពី​កូនប្រុស​កំសត់​បាន​ស្លាប់​យ៉ាង​វេទនា កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ហើយ​ដែល​ខ្ញុំ​បាន​សរសេរ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​ការ​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​» ។

ខ្ញុំ​គួរ​រំឭក​ថា បន្ទាប់​ពី​មិន​អាច​សុំ​ការ​អនុញ្ញាត​ពី​មេបញ្ជាការ​ឃោរឃៅ ដើម្បី​យកស​ពកូន​ទៅ​កប់ និង​នៅ​ថែទាំ​ភរិយា ដែល​ទើប​សម្រាលកូន​បាន ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ដំណើរ​ជាមួយ​មេបញ្ជាការ​រូប​នេះ​ទៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ (​ពេល​នោះ​គេ​បង្កើត​ជា​ស្រុក​ពាមជីលាំង​)​។ យើង​សម្រាក និង​ធ្វើការ​នៅ​ទីនោះ​មួយ​យប់ និង​មួយ​ព្រឹក ។ ពេល​រសៀល​យើង​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​អង្គភាព​វិញ ដោយ​ឆ្លងកាត់​តាម​មន្ទីរពេទ្យ​ស្រុក​មេមត់ ដែល​ភរិយា​ខ្ញុំ​កំពុង​សម្រាក​នៅ​ទីនោះ ។

ក្នុង​ពេល​ធ្វើ​ដំណើរ ខ្ញុំ​បាន​ខិតខំ​សុំ​មេបញ្ជាការ​រូប​នេះ​ជា​ថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែ​ភរិយា​របស់ខ្ញុំ ។ តែ​សំណើរ​ដដែល ចម្លើយ​ក៏​ដដែល​ដែរ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្ទើរតែ​ទ្រាំ​លែង​បាន​បម្រុង​ដក​កាំភ្លើង​បាញ់​ក្បាល​អា​ចង្រៃ​នេះ ប៉ុន្តែ​ការ​អត់ធ្មត់​គឺជា​រឿង​ចាំបាច់ ដើម្បី​ធានា​ដល់​ការ​រស់រាន​មានជីវិត សម្រាប់​ការ​តស៊ូ​មួយ​ដែល​ខ្លួន​បាន​រៀបចំ​បណ្តាញសម្ងាត់​មួយ​ចំនួន​រួច​មក​ហើយ ។

ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច ថ្ងៃ​ទី​១១ ខែ វិច្ឆិកា ឆ្នាំ​១៩៧៦ ពេល​ម៉ូតូ​មក​ដល់​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់ ព្រោះ​ខ្ញុំ​ជា​អ្នក​ជិះ​ស្រាប់ ។ ខ្ញុំ​ដើរទៅ​បន្ទប់​ដែល​ភរិយា​ខ្ញុំ​សម្រាក ពិនិត្យ​ឃើញ​រ៉ា​នី​ហើម​ខ្លួន ។ ដោយសារ រ៉ា​នី ជា​គ្រូពេទ្យ​ឆ្មប​ស្រាប់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​អាច​នៅ​សល់​សុក​ដែល​ពេទ្យ​ទម្លាក់​មិន​អស់ ។

ពីរ​នាក់​ប្តី​ប្រពន្ធ​យើង​ពុំ​មាន​អ្វី​ក្រៅពី​មើល​មុខ​គ្នា​ដោយ​ទឹកភ្នែក​នោះ​ទេ គឺ​ទឹកភ្នែក​អាណិត និង​ស្តាយ​កូន​ដែល​ស្លាប់​ទៅ ទឹកភ្នែក​ដែល​មិន​បាន​នៅ​ថែទាំ​ភរិយា​ដែល​ទើប​ឆ្លងទន្លេ តែ​រ៉ា​នី ហាក់​ដូច​រឹងប៉ឹង​ជាង​ខ្ញុំ និង​យល់​ពី​ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ ទោះជា​ខ្ញុំ​មិន​ដែល​ប្រាប់​នាង​ក៏​ដោយ ។

ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក ហើយ​ក៏​មិន​បាន​សួរ​រក​ទីកន្លែង​ដែល​គេ​កប់​សាកសព​កូន​ខ្ញុំ​ដែរ ។ ពេល​ត្រឡប់​ទៅ​ដល់​អង្គភាព​វិញ ខ្ញុំ​ក៏​បាន​យក​រឿង​នេះ​ជម្រាប​ទៅ​ប្រធាន​នយោបាយ​នៃ​អង្គភាព​ដែល​គាត់​ជា​មនុស្ស​ចិត្ត​បុណ្យ​ម្នាក់ ។ គាត់​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​យក​រ៉ា​នី ទៅ​ព្យាបាល​នៅ​អង្គភាព ដែល​បោះទីតាំង​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ (​ពេល​នោះ​គេ​បង្កើត​ជា​ស្រុក​ត្រ​មូង​) ។ ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ខិតខំ​ទៅ​កាន់​មន្ទីរពេទ្យ​តាំងពី​មេឃ​មិន​ទាន់​ភ្លឺ ដើម្បី​នាំ​យក រ៉ា​នី មក​កាន់​អង្គភាព ។ ពិតជា​សំណាង​សម្រាប់​រ៉ា​នី ដែល​ខ្ញុំ​បាន​នាំ​នាង​មក​ឱ្យ​ឆ្មប​បុរាណ​កាយ​ទម្លាក់​សុក​ចេញ​ទាន់​ពេល បើ​ពុំនោះ​ទេ​នឹង​ទៅ​ជា​ក្រឡាភ្លើង និង​ឈាន​ដល់​ស្លាប់​មិន​ខាន ។

ពេល​នោះ ទោះបីជា​លំបាក តែ​ខ្ញុំ​បាន​មើលថែ​ទាំ រ៉ា​នី ដោយ​ផ្ទាល់​ដៃ ។ ខ្ញុំ​មើលថែ​ទាំ និង​បម្រើ​រ៉ា​នី ដូច​ថែទាំ​ម្តាយ​ចាស់ មិន​ត្រឹមតែ​បាយ​ទឹក​ទេ សូ​ម្បី​តែ​សម្លៀក​បំពាក់​ក៏​ខ្ញុំ​ត្រូវ​បោកគក់​ជូន​គាត់​ដែរ ។ ខ្ញុំ​បាន​បំពេញ​មុខងារ​ជា​ប្តី​យ៉ាង​ពិតប្រាកដ​។ ខ្លុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំខ្មែរ ដើម្បី​សុខភាព​របស់​ភរិយា ។ អ្វី​ៗ​គ្រប់យ៉ាង​ខ្ញុំ​ត្រូវធ្វើ​ដោយ​ផ្ទាល់​ដៃ​ប្រហែល​ជាង​កន្លះ​ខែ ។ ខ្ញុំ​តែង​លួច​យំ​អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី​ដោយ​លំបាក​វេទនា តែ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​រ៉ា​នី​ទេ ដូចនេះ​បានជា​ខ្ញុំ​មិន​នាំ​គាត់​និយាយ ឬ​រំឭក​ពី​រឿង​កូន​ស្លាប់ ឬ​រឿង​ណា​ដែល​មិន​សប្បាយចិត្ត​នោះ​ឡើយ។

ទោះបីជា​ជួប​ការ​លំបាក តែ​នេះ​ជា​លើក​ដំបូង ដែល​ខ្ញុំ​បាន​រស់នៅ​ជាមួយ រ៉ា​នី លើស​ពី​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​រៀប​ការ​ហើយ ។ មក​ដល់ ខែមករា ឆ្នាំ​១៩៧៧ រ៉ា​នី មាន​ផ្ទៃពោះ​សា​ជា​ថ្មី​ម្តងទៀត ដែល​ខុស​ជាមួយ​បំណងប្រាថ្នា​របស់ខ្ញុំ ព្រោះ​មិន​គួរ​មានកូន​ក្នុង​កាលៈទេសៈ​បែប​នេះ​ទេ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​វាយ​ពួក ប៉ុ​ល​ពត ក្នុង​ពេល​ដែល​ភរិយា​មាន​ផ្ទៃពោះ ប្រសិនជា​ការ​ប្រយុទ្ធ​​កើតឡើង តើ​ប្រពន្ធ និង​កូន​របស់ខ្ញុំ​ទៅ​ជា​យ៉ាងណា ? ខ្ញុំ​ចង់​រស់នៅ​ជាមួយ​ភរិយា​ខ្ញុំ តែ​ខ្ញុំ​មិន​ចង់​ឃើញ​ភរិយា និង​កូន​ខ្ញុំ​មាន​គ្រោះថ្នាក់​នៅ​ពេល​មានការ​ប្រ​យុ​ទ្ឋ​កើតឡើង ។ ខ្ញុំ​បាន​ទៅ​សុំ​ប្រធាន​នយោបាយ​អង្គភាព ដើម្បី​បញ្ជូន​រ៉ា​នី ទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ​កងទ័ព ដែល​មា​នទី​តាំងនៅ​ភូមិ​សំរោង ឃុំ​ដារ ស្រុក​មេមត់ ឃ្លាត​ពី​អង្គភាព​ខ្ញុំ​ជាង​៣០​គីឡូម៉ែត្រ ។

បែក​គ្នា​លើក មុន​ៗ ត្រូវ​បាន​អង្គការ​ជា​អ្នក​បំបែក តែ​បែក​គ្នា​លើក​នេះ ខ្ញុំ​ជា​អ្នក​រៀបចំ​ដោយ​ខ្លួន​ឯង ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​វាយ​ពួក​បន​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ។ ខ្ញុំ​ជួប រ៉ា​នី ចុង​ក្រោយ គឺ​ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ គឺ​មុន​២​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ​ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​វាយ​ពួក​ប៉ុ​ល ពត ។ ខ្ញុំ​បាន​សម្រេចចិត្ត​ច្បាស់លាស់​ហើយ តែ​ខ្ញុំ​មិន​និយាយ​ប្រាប់ រ៉ា​នី​នោះ​ទេ ។ ការ​មិន​និយាយ​ប្រាប់ មិន​មាន​ន័យ​ថា​ខ្ញុំ​មិន​ទុកចិត្ត​ភរិយា​ខ្ញុំ​នោះ​ឡើយ តែ​បញ្ហា​សំខាន់ គឺ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​ភរិយា​ខ្ញុំ​ហូរ​ស្រក់​មក មិន​ចង់ឱ្យ​ភរិយា​ខ្ញុំ​ទទួល​រង​នូវ​ការ​វាយប្រហារ​ខាង​ផ្លូវចិត្ត​ភ្លាម​ៗ សម្រាប់​រឿង​មួយ​ដែល​មិន​ទាន់​បាន​កើតឡើង​នៅឡើយ​នោះ​ទេ ។

មុន​ពេល​ចាកចេញ ខ្ញុំ​មិន​សម្រក់​ទឹកភ្នែក​ឱ្យ រ៉ា​នី ឃើញ​នោះ​ដែរ ។ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ថ្ងៃ​ដែល​លំបាក​បំផុត​សម្រាប់​ខ្ញុំ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា ។ ម៉ោង​ប្រហែល​២​រសៀល​បន្ទាប់​ពី​បញ្ជា​ឱ្យ​កងទ័ព​បើក​ជង្រុក​ស្រូវ ដើម្បី​ដាំបាយ​ទទួលទាន ខ្ញុំ​បាន​អង្គុយ​សរសេរ​លិខិត​ផ្ញើ​ឱ្យ រ៉ា​នី ។ ការ​ចាប់ផ្តើម​នៃ​លិខិត​ពិតជា​លំបាក​រក​ពាក្យ​សរសេរ​ដែល​ទីបំផុត ខ្ញុំ​បាន​ប្រើ​ពាក្យ​ថា «​មក​ដល់​រ៉ា​នី ប្រពន្ធ​ដ៏​កម្សត់រ​បស់បង នៅ​ពេល​ដែល​អូន​អាន​លិខិត​នេះ រូប​បង​នៅ​សែន​ឆ្ងាយ ឆ្ងាយ​រហូត​ដល់​រូប​បង​មិនដឹង​ថា ខ្លួន​នៅ​កន្លែង​ណា​ផង​ទេ​» ។

រឿង​ដែល​ពិបាក តើ​ត្រូវ​ប្រាប់ រ៉ា​នី ថា ខ្ញុំ​នៅ​ទីណា? ព្រោះ​គ្មាន​អ្វី​ច្បាស់​ទេ​សម្រាប់​ជីវិត​ខ្ញុំ​នា​ពេល​នោះ ។ សរសេរ​លិខិត​រួច​ត្រូវ​គេ​បាញ់​សម្លាប់? ឬ​សរសេរ​លិខិត​រួច ត្រូវ​ធ្វើការ​ប្រយុទ្ធ? យើង​ចង់​ទៅ​ទិស​ខាងកើត តែ​សភាពការណ៍​បង្ខំ​ឱ្យមក​ទិស​ខាងលិច​វិញ ។ ខ្ញុំ​សរសេរ​ផង​យំ​ផង រហូត​ស្រវាំងភ្នែក ទម្រាំ​បាន​លិខិត​មួយ​ច្បាប់​ចំណាយពេល​ប្រ​ម៉ា​ណ​២​ម៉ោង ។

ខ្ញុំ​ចង់​រំឭក​ដល់​អព្ភូតហេតុ​មួយ ដែល​បាន​កើតឡើង​នា​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ១៩៧៧ នោះ ។ ម៉ោង​ប្រហែល​៤​ល្ងាច បន្ទាប់​ពី​ប្រគល់​លិខិត និង​សម្ភារ​មួយ​ចំនួន តាម​រយៈ​និ​រ​សារ​ខ្ញុំ​ឈ្មោះ​នឿ​ន (​ពេល​នេះ​ជា​ឧត្តមសេនីយ៍ត្រី​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​) ដើម្បី​បញ្ជូន​ទៅ​ឱ្យ​ភរិយា​ខ្ញុំ ។ ខ្ញុំ​ក៏​សម្រាក​លង់លក់​ដើម្បី​រង់ចាំ​មិត្ត​ខ្ញុំ​៤​នាក់​ទៀត ។ ខ្ញុំ​ភ្ញាក់​ឡើង​ម៉ោង​៨​យប់​ទៅ​ហើយ ខ្ញុំ​ក្រោក​អង្គុយ​យក​ដែកកេះ​ដុត​ចង្កៀងប្រេងកាត ពេល​ចង្កៀង​ឆេះ​ស្រាប់តែ​ឮ​សំឡេង​មនុស្ស​ស្រែក​ចេញពី​ដើម​ជ្រៃ​ដែល​មាន​ខ្ទម​អ្នកតា​នៅ​នឹង​គល់​ហ្នឹង គឺ​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល​៣០​ម៉ែត្រ ។

សំឡេង​មនុស្ស​ប្រុស​វ័យ​ចំណាស់​ស្រែក​ខ្លាំង​ៗ​ថា «​ចេញ​ភ្លាម​ទៅ ចេញ​អ​ឱ្យ​ឆាប់​» ស្រែក​ច្រើន​ដង និង ខ្លាំង​ៗ​ស្ទើរ​បែក​ក្រដាស់ត្រចៀក​។ បន្ទាប់​ពី​សំ​ឡង​ស្រែក​ចប់​ភ្លើង​ចម្រុះ​ពណ៌​មក​រុំ​ខ្លួន​ខ្ញុំ​ជុំ​ជិត ខ្ញុំ​ស្រែក​ស្ទើ​ភ្លាត់​សំឡេង​ឱ្យ​អ្នក​នៅ​ខាងក្រៅ​ផ្ទះ​ចូល​មក​ជួយ ។ នៅ​ពេល​យុទ្ធ​ជន​៣​នាក់​ចូល​មក ខ្ញុំ​សួរ​ពួក​គេ​ថា អ្នក​ណា​ស្រែក? ហើយ​មាន​ឃើញ​ភ្លើង​ក្នុងផ្ទះ ឬទេ ? ពួក​គេ​ទាំង​៣​នាក់​ឆ្លើយ​ស្រុះគ្នា​ថា មិន​ឮ និង​មិនឃើញ​អ្វី​ទាំងអស់ ។ ខ្ញុំ​ព្រឺក្បាល ហើយ​គិត​ក្នុង​ចិត្ត​ថា បារមី​តាម​ថែទាំ​ខ្ញុំ ប្រាប់​ឱ្យ​ខ្ញុំ​ចាកចេញ​ហើយ ។

ខ្ញុំ​សូម​ជម្រាប​ថា ដើម​ជ្រៃ​ដ៏​ធំ​ដែល​មាន​ខ្ទម​អ្នកតា​នៅ​នឹង​គល់ ធ្លាប់​ឱ្យ​ខ្ញុំ​ឃើញ​២​លើក​រួច​មក​ហើយ ។ លើក​ទី​១​នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ​ដេក​យល់សប្តិ​ឃើញ​បុរស​ចំណាស់​ម្នាក់ យក​សារុង​សូត្រ​ថ្មី​យ៉ាង​ស្អាត​មក​ឱ្យ​ខ្ញុំ (​ជំនឿ​មនុស្ស​ខ្លះ​យល់សប្តិ​បាន​សារុងសូត្រ​គឺ​នឹង​មាន​ប្រពន្ធ​) មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ខ្ញុំ​រៀប​ការ​ជាមួយ​រ៉ា​នី ។ លើក​ទី​២ ភ្លើង​ហោះ​ចេញពី​ដើម​ជ្រៃ​កាត់​ដំបូលផ្ទះ​ខ្ញុំ​ជះ​ពន្លឺ​ចូល​ក្នុងផ្ទះ ពេល​យប់​នោះ​ហើយ​ដែល រ៉ា​នី ក្អួតចង្អោរ​ចាញ់កូន​នៅ ខែមករា ឆ្នាំ ១៩៧៧ គឺ​កំណើត ម៉ា​ណែ​ត នេះ​ហើយ ។

ការ​ព្រាត់​គ្នា​នា​ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​១៩៧៧ គឺជា​ការ​ព្រាត់​គ្នា​ដោយ​មាន​សង្ឃឹម​តិចតួច​ណាស់​ថា​នឹង​បាន​ជួប​វិញ ។ ទឹកភ្នែក​រាប់​ម៉ឺន​សែន​លាន​តំណក់​ហូរ​មក​ជាមួយ​ការ​ឈឺចាប់​ដែល​មិន​អាច​រៀបរាប់​បាន តែ​ទឹកភ្នែក​នេះ​ហើយ​ដែល​ជួយ​ពង្រឹងស្មារតី​ខ្ញុំ​ឱ្យ​ប្រឹង​តស៊ូ​ដើម្បី​ការ​រស់រាន​មាន​ជីវិត​របស់​ប្រជាជន​កម្ពុជា ។ (​ប្រវត្តិ​ទាក់ទង​នឹង​ការ​តស៊ូ​រំដោះជាតិ​មាន​ឯកសារ​ច្រើន​ហើយ មិន​មានការ​ចាំបាច់​ដើម្បី​ខ្ញុំ​សរសេរ​នៅ​ក្នុង​អត្ថបទ​ទាក់ទង​នឹង​ការ​ជួបជុំ​គ្នា​ឡើង​វិញ​រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ​នោះ​ទេ​) ។

តាំងពី​បែក​គ្នា​នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ១៩៧៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំ​មិន​ដែល​ទទួល​ព័ត៌មាន​អំពី​ភរិយា​ខ្ញុំ​ទេ ហើយ​ប្រសិនបើ​បាន​ទទួល​វិញ គឺ​សុ​ទ្ឋ​តែ​បញ្ជាក់​ថា ភរិយា​ខ្ញុំ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ តាំងពី​ថ្ងៃ​បែក​គ្នា​មក ខ្ញុំ​មិន​ដែល​ទទួល​ព័ត៌មាន​ថា ភរិយា​ខ្ញុំ​នៅ​រស់​ទេ ហើយ​កាន់តែ​ជឿ​ថា​ភរិយា​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ នោះ​គឺ​ក្រោយ​ថ្ងៃ​រំដោះ ៧​មក​រា ១៩៧៩ រយៈពេល​ជាង​១​ខែ ខ្ញុំ​មិន​អាច​ស្វែងរក​ឃើញ ឬ​មាន​ព័ត៌មាន​ពី​ប្រពន្ធ ឬ​ឪពុក​មា្ត​យ​ក្មេក បងថ្លៃ ប្អូនថ្លៃ​ខ្ញុំ​ឡើយ គឺ​បាត់​ទាំង​ពូជ​តែ​ម្តង ។

មានរឿង​មួយ​ដែល​ខ្ញុំ​គួរ​រំឭក នោះ​គឺ នៅ​ប្រហែល​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​១៩៧៩ ខ្ញុំ​យល់សប្តិ​ឃើញ រ៉ា​នី ភរិយា​ខ្ញុំ​នៅ​ម្ខាង​ព្រែក​ដែល​មានទឹក​ជ្រៅ​មិន​អាច​ដើរមក​រកគ្នា​បាន ខ្ញុំ​កំពុង​តែ​ទៅ​រក​ទូក​ដើម្បី​អុំ​ទៅ​យក រ៉ា​នី ស្រាប់តែ​នាឡិការោទ៍​ឡើង​នៅ​ម៉ោង​៥​ភ្លឺ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ពីដេក​ដាច់​យល់​សប្តិ​អស់ ។ ខ្ញុំ​ភ្ញាក់​ឡើង ខ្ញុំ​អង្គុយ​យំ ហើយ​ក៏​មិន​អាច​រក​ការ​ពន្យល់​ពី​ការ​យល់សប្តិ​នេះ​ថា រ៉ា​នី នៅ​រស់ ឬ​ស្លាប់ ។

ការ​សប្បាយ​រីករាយ​សម្រាប់​ការ​រំដោះប្រជាជន​ចេញពី​របប ប៉ុ​ល ពត មិន​ទាន់​បាន​បញ្ចប់​ទឹកភ្នែក​ខ្ញុំ​នៅឡើយ ។ ប្រសិនបើ​ប្រពន្ធ​ខ្ញុំ​ស្លាប់ តើ​គាត់​ស្លាប់​នៅ​ទីណា ? ស្លាប់​ដោយ​ជំងឺ ឬ​ស្លាប់​ដោយ​គេ​សម្លាប់? ហើយ​តើ​កូន​របស់​ខ្ញុំគេ​កើត​មុន​ពេល​ភរិយា​ខ្ញុំ​ស្លាប់? ឬ​ស្លាប់​ទាំង​មាន​ផ្ទៃពោះ? ប្រ​សិន​កូន​ខ្ញុំ​កើត​ហើយ តើ​គេ​ប្រុស ឬ​ស្រី? តើ​គេ​នៅ​រស់ឬ​ស្លាប់? ប្រសិនបើ​កូន​ខ្ញុំ​នៅ​រស់​តើ​គេ​នៅ​ទីណា? សំនួរ​ជា​ច្រើន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ហូរ​ទឹកភ្នែក​ដោយ​ការ​ឈឺចាប់ ។

ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ខ្ញុំ​កំពុងធ្វើការ​នៅ​ក្រសួងការបរទេស នៅ​មាត់ទន្លេ ស្រាប់តែ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នូ បេង បាន​ទៅ​ប្រាប់​ខ្ញុំ​ថា ប្រពន្ធ និង​កូន ព្រមទាំង​ប្អូនស្រី​ខ្ញុំ​មក​ដល់​ផ្ទះ​ហើយ ។ ខ្ញុំ​មិន​ជឿ​ទាល់តែ​សោះ ព្រោះ​ករណី​បែប​នេះ​មាន​២​លើក​រួច​មក​ហើយ ។ លើក​ទី​១​មាន​ស្ត្រី​អាយុ​ប្រហែល​ម្តាយ ខ្ញុំ​បាន​មក​ជួប​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ជា​ប្រពន្ធ​តា​រដ្ឋមន្ត្រី​ការ​បរទេស ។ គាត់​ប្រើ​ខ្ញុំ​ឱ្យទៅ​ហៅ​ប្តី​គាត់​មក​ជួប​គាត់ ។ តាម​ពិត​គាត់​ច្រឡំ ព្រោះ​ប្តី​គាត់​មានឈ្មោះ​ដូច​ខ្ញុំ​ដែរ ។ លើក​ទី​២ នៅ​ក្រសួងការបរទេស ស្ត្រី​ម្នាក់​ទៀត​ក៏​ទៅ​រក​ប្តី​គាត់​ដែរ ។

ខ្ញុំ​មក​ជួប​គាត់ គាត់​ហៅ​ខ្ញុំ​ថា​ក្មួយ ហើយ​សុំ​ចូល​ទៅ​ជួប​រដ្ឋមន្ត្រី ។ ពេល​នោះ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​រដ្ឋមន្ត្រី គាត់​ខឹង​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​ស្រែក​ឡូឡា​ទាល់តែ​ខ្ញុំ​បើកឡាន​ចេញពី​ក្រសួង មិនដឹង​ថា​គាត់​ទៅ​ណា​ទៀត​ទេ ។ ដោយសារ​មានរឿង​មិន​ពិត​រួម​ផ្សំ​ថា​មាន​ទាំង​កូន និង​ប្អូន​ទៀត ខ្ញុំ​អត់​ជឿ​តែ​ម្តង ។ តែ​យ៉ាងណា នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​ហើយ​ខ្ញុំ​ក៏​មក​ផ្ទះ ។

ជា​រឿង​រំភើប​ណាស់ ចុះ​ពីលើ​ឡាន​ភ្លាម​ខ្ញុំ​ក្រឡេក​ឃើញ រ៉ា​នី ប្រពន្ធ​ខ្ញុំ​មុនគេ បន្ទាប់​ទៅ​ឃើញ​ប្អូនស្រី​ខ្ញុំ និង​ក្មេង​ប្រុស​ម្នាក់ ។ ប្រ​ពន្ទ​ខ្ញុំ​ប្រាប់​ខ្ញុំ​ទាំង​ទឹកភ្នែក​ថា នេះ​ហើយ​ជា​កូនប្រុស​យើង ខ្ញុំ​ខំ​ទៅ​ស្រវា​ពកូន តែ​កូន​នេះ​បែរជា​គេច​ចេញ​ទៅ​ឱប​ម្តាយ ហើយ​ស្រែកយំ ។ តាម​ពិត​ភរិយា​ខ្ញុំ និង​ក្រុម​គ្រួ​សារបាន​សម្ងំ​លាក់ខ្លួន មក​រើស​កួរស្រូវ​នៅ​ស្រុក​ត្បូងឃ្មុំ ព្រោះ​សភាពការណ៍​ពេល​នោះ​ច្របូកច្របល់​ពេក មិន​ទាន់​ហ៊ាន​ចេញ​មុខ​នៅឡើយ ។

ភរិយា​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ខ្ញុំ​នៅ​រស់​ជា​រៀង​រហូត​មក តែ​ដើម្បី​សេចក្តីសុខ នាង​សុខចិត្ត​លាក់​ខ្លួន​ទ្រាំទ្រ​ជាមួយ​ការ​លំបាក​មួយ​រយៈ​ទៀត ។ ការ​ជួបជុំ​ឡើង​វិញ​រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​បញ្ចប់​ស្ថានភាព​ពោះម៉ាយ និង​មេម៉ាយ ដែល​រូប​ខ្ញុំ​មានឈ្មោះ​ជា​បុរស​ពោះម៉ាយ ឯ​រ៉ា​នី មានឈ្មោះ​ថា​ជា​មេម៉ាយ​កូន​១ ។

ម៉ា​ណែ​ត កូនប្រុស​ខ្ញុំ​ហៅ​ខ្ញុំ​ថា​ពូ​រយៈពេល​២​ខែ ដោយសារ​តែ​គេ​មិន​ដែល​មាន​ឪពុក​សម្រាប់​ហៅ ។ នៅ​ពេល ម៉ា​ណែ​ត ព្រម​ហៅ​ខ្ញុំ​ថា​ពុក​បាន​ប៉ុន្មាន​ថ្ងៃ ខ្ញុំ និង​ភរិយា​មានរឿង​អកុសល​កើតឡើង​ម្តងទៀត គឺ​ភរិយា​ខ្ញុំ​រលូត​កូន ។ នេះ​ជា​កំហុស​របស់ខ្ញុំ​ដែល​មិន​បាន​រែក​ទឹក​ដាក់​ពាង ។ នៅ​ភ្នំពេញ​​ពេល​នោះ​ពុំ​មានទឹក​ម៉ាស៊ីន​ប្រើប្រាស់​ទេ ។ យើង​ត្រូវ​រក​ធុង​ទៅ​អូស​ទឹក​នៅ​ទន្លេមេគង្គ ហើយ​យក​មក​រក្សា​ទុក​នៅ​ពាង​ខាងក្រោម​ផ្ទះ និង​ត្រូវ​រក​ប៉ោត​រែក ឬ​យួរ​មក​ចាក់​ក្នុង​ពាង​នៅ​បន្ទប់​ទឹក ។ ខ្ញុំ​តែង​ធ្វើ​កិច្ចការ​នេះ​ជា​ប្រចាំ តែ​ថ្ងៃមួយ​ប្រញាប់​ទៅ​ធ្វើការ​មិន​បាន​ដងទឹក​ដាក់​ពាង ប្រពន្ធ​ខ្ញុំ​ទៅ​ខំ​យូរ​ទឹក​មក​ចាក់​បំពេញ​ពាង ទើប​ធ្វើ​ឱ្យ​កូន​ជិត​២​ខែ​នេះ​រលូត​។

សោកនាដកម្ម​គ្រួសារ​ខ្ញុំ គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ទុក្ខសោក​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស ដែល​ក្រុម​គ្រួសារ​ភាគច្រើន​លំបាក​វេទនា​និរាស​ព្រាត់ប្រាស​លើស​គ្រួសារ​ខ្ញុំ​ច្រើន​ដង​ទៅ​ទៀត ។ សូម​កុំ​​ឱ្យ​រឿង​ឈឺចាប់​កើតឡើង​លើ​ទឹកដី​កម្ពុជា​តទៅ​ទៀត ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ