ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ទទួល​បាន​យុត្តិធម៌​ពិត ​ក្រោយ​ទ​ង្វើ​មនុស្សធម៌​របស់​ខ្លួន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ពិតជា​ទទួល​បាន​យុត្តិធម៌​ពិត មិន​ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្នក​ជិះ​លើ​នាវា Westerdam នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ពិតជា​ទទួល​បាន​យុត្តិធម៌​ពិត មិន​ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្នក​ជិះ​លើ​នាវា Westerdam នោះ​ទេ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ យ៉ាង​ដូច្នេះ​ថា ៖ «​ការ​មិន​ទទួលខុសត្រូវ​របស់​ជនបរទេស​ខ្លះ​លើ​ការ​ពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ​ដែល​ជិះ​លើ​នាវា​Westerdam បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ជន​រង​គ្រោះ​នៃ​ទ​ង្វើ​មនុស្សធម៌​របស់​ខ្លួន អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍ ។ទេវតា​ពិតជា​មាន​ភ្នែក ពេល​នេះ​អ្វី​ៗ​ច្បាស់លាស់​ហើយ​ដែល​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មក​វិញ​» ។

សម្តេច​តេ​ជោ​បាន​អះអាង​ថា មិន​មាន​មនុស្សណា​ម្នាក់​ដែល​ជិះ​លើ​នាវា​ខ្នាត​យក្ស​Westerdam ឆ្លង Covid.19 នោះ​ទេ ។ សម្រាប់​ខ្ញុំ​កំពុង​វាយកូនគោល​នៅ City golf នៅ​ភ្នំពេញ​មិនមែន​ស្ថិត​ក្នុង​មន្ទីរ ពេទ្យ​នៅ Singapore ដូច​ពួក​បិសាច​ឃោសនា​នោះ​ដែរ ។ តាម​រយៈ​ការ Comment នៅ​លើ​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា បើ​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​វិញ ពេល​នេះ​សម្តេច​នឹង​ដក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចោល​តែ​ម្តង ដោយសារ​តែ​ភាព​ខ្ជីខ្ជា ខ្វះ​ការ​រ​ទទួលខុស​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​៤១​ប្រទេស ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បន្ទាប់​ពី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​លទ្ធផល​ថ្មី​មួយទៀត ចំពោះ​ការ​ពិនិត្យ​សុខភាព​ស្ត្រី​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​ដែល​ធ្វើ​ដំណើរ​តាម​នាវ Wester dam ចូល​ចត​នៅ​កម្ពុជា ហើយ​ហោះ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ឡើង​វិញ​ឃើញ​ថា «​អវិជ្ជ មាន​» ពោល​គឺ​មិន​មាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី (COVID-19)​ឡើយ ។ លទ្ធផល​នេះ​ ខុស​ពី​លទ្ធផល​ពិនិត្យ​កាលពី​៥​ថ្ងៃ
មុន ដែល​ខ្លួន​បាន​រក​ឃើញ​ថា ស្ត្រី​ខាងលើ​មាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី បណ្តាល​ឱ្យ​អ្នកដំណើរ​ជា​ច្រើន​ត្រូវ​ខកខាន​ដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូល​ទៅ Comment នៅ​លើ​ហ្វេ​សបុ​៊​ក​របស់​នារី​ម្នាក់​ឈ្មោះ«Khek Khemrath» ដោយ​សរសេរ​ថា​៖« ហេតុតែ​ពូ​ស្រែក​ម្តង​ហើយ​ម្តងទៀត ក៏​ព្រោះតែ​ចង់ឱ្យ​ភាព​យុត្តិធម៌​សម្រាប់​កម្ពុជា​យើង​ផង សម្រាប់​មនុស្ស​ជាង​២.០០០​នាក់​នៅ​លើ​នាវា​ផង ពិសេស យុត្តិធម៌​សម្រាប់​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក ដែល​គេ​ចាត់​ទុក​ថា​ឆ្លង​ជំងឺ Covid.19 ។ ទម្រាំ​បាន​យុត្តិធម៌ វិបត្តិ​មនុស្សធម៌​បាន​កើត ឡើង​អស់​មួយស​ប្តា​ហ៍ ។ បើ​ពូ​ជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​វិញពូ​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល​ដោយ សារការ​ធ្វើការ​ខ្ជីខ្ជា ខ្វះ​ការ​ទទួលខុសត្រូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​៤១​ប្រទេស ។ ប្រទេស​យើង​ក្រ តែ​យើង​មានការ​ទទួលខុសត្រូវ​លើ​កិច្ចការ​មនុស្សធម៌​នេះ​» ។

សូម​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ជា​អ្នក​ដំណើ​រ​តាម​នាវា Westerdam ដែល​ក្រសួង​សុខាភិ​បាល​ម៉ា​ឡេ​ស៊ី ពិនិត្យ​ឃើញ​មាន​ករណី​កូ​រ៉ូ​ណា​ថ្មី​(Covid-19) ពេល​ចាក​ចេញពី​នាវា​ហោះ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នោះ ពេល​នេះ​ត្រូវ​បាន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី Wan Azizah Wan Ismail ប្រកាស​ថា ពេល​នេះ​ស្ត្រី​នោះ​ពុំ​មាន​ផ្ទុកមេរោគ Covid-19 ទេ ។

កាលពី​ពេល​កន្លង​ទៅ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​ក្រសួង សុខាភិបាល​ម៉ា​ឡេ​ស៊ី ដែល​ថា​ខ្លួនរក​ឃើញ​ករណី​ជំងឺ​កូ​រ៉ូ​ណា​ថ្មី នៅ​លើ​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​នេះ ហើយ​ថែម​ទាំង​ទាមទារ​ឱ្យ​ម៉ា​ឡេស៊ី ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ដោយ សារ​តែ​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO) ពិនិត្យ​សុខភាព​អ្នក​ដំណើ​រទាំង​អស់​នៅ​លើ​នាវា Westerdam មុន​នឹង​អនុញ្ញាត​ឱ្យ​ចុះ​ចេញពី​នាវា ហើយ​ហោះ​ចេញពី​កម្ពុជា ឃើញ​ថា​មិន​មាន​នរណា​ម្នាក់​មាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នោះ​ទេ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​នហេង បាន​ថ្លែងអំណរគុណ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​សហរដ្ឋអាមេរិក​(US-CDC) ដែលបាន​បញ្ជាក់​ការ​ពិត​ថា «​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក វ័យ ៨៣​ឆ្នាំ មិន​មាន​ផ្ទុកមេរោគ Covid-19 ទេ​» ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា ការ​ផ្តល់​នូវ​ព័ត៌មាន​នេះ​កាន់តែ​ផ្តល់​នូវ​ភ័ស្តុតាង​ថ្មី​ថែមទៀត ដែល​សបញ្ជាក់​ថា កា​រៀបចំ​ចាត់ចែង គ្រប់គ្រង​ទទួល​ត្រួតពិនិត្យ​អ្នកដំណើរ​នៃ​នាវា Westerdam បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ត្រឹមត្រូវ ។

លោក​រដ្ឋមន្ត្រី​ក៏​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើតេស្ត​រក​មេរោគ Covid-19 ទាំងអស់ នៅ​កម្ពុជា បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័​កម្ពុជា ដែល​ជា​សមាជិក​មួយ​ក្នុង​បណ្តាញ​វិទ្យាស្ថាន​ប៉ាស្ទ​រ័​ពិភពលោក ដែល​មាន​៣២​វិទ្យាស្ថាន និង​មាន​វត្តមាន​ក្នុង​២៥​ប្រទេស​ជុំវិញ​ពិភពលោក ។ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺឆ្លង​របស់សហ រដ្ឋអា មេរិក​(US-CDC) លោក Richard Quartarone) បាន​បញ្ជាក់​ច្បាស់លាស់​ថា អ្នកដំណើរ​ទាំងអស់​នៃ​កប៉ាល់​ទេសចរណ៍ Westerdam គឺ​ត្រូវ​បាន​គេ​ធ្វើតេស្ត​យ៉ាងល្អិតល្អន់​រក​មេរោគ Covid-19 ហើយ​លទ្ធផល​ពិតជា​បាន​បង្ហាញ​ថា «​អវិជ្ជមាន​» ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ស្ត្រី​អា​មេ​រិ​ក​វ័យ​៨៣​ឆ្នាំ​ម្នាក់​ផង​ដែរ ។

នេះ​បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​របស់​សារព័ត៌មាន​អា​មេ​រិ​ក US Today កាលពី​ថ្ងៃ​សៅរ៍ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ។ លោក Richard Quartarone លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​បញ្ជាក់​រួច​ទៅ​ហើយ​ថា អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ធ្វើតេស្ត ហើយ​ពួក​គេ​គ្មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា (Covid-19) នោះ​ឡើយ រួម​ទាំង​មនុស្ស​ម្នាក់​គឺ​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​វ័យ​៨៣​ឆ្នាំ ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន នៅ​ម៉ា​ឡេ​ស៊ី​នោះ​ផង​ដែរ ។ ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​នៅ​ម៉ា​ឡេ​ស៊ី​នោះ ប្រហែល​អាច​មាន​ជំងឺ​ផ្លូវដង្ហើម ប្រសិនបើ​វា​ជា​ការ​ពិត​នោះ​, វា​មិនមែន​ជា​មេរោគ Covid-19 នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ