ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​ប្រណាំងទូក​ខ្នាត​អន្តរជាតិ​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ស ខេ​ង លើក​ទី​2 ឆ្នាំ 2020

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង​រដ្ឋបាល​ខេត្តសៀមរាប សហការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​(​ទូក​នាគ​) ជ្រើសរើស​ជើងឯក​ប្រចាំ​ភូមិភាគ​បឹង​ទន្លេសាប ដណ្តើម​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង…

ខេត្តសៀមរាប ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង​រដ្ឋបាល​ខេត្តសៀមរាប សហការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​(​ទូក​នាគ​) ជ្រើសរើស​ជើងឯក​ប្រចាំ​ភូមិភាគ​បឹង​ទន្លេសាប ដណ្តើម​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង លើក​ទី​២ ឆ្នាំ​២០២០ នៅ​បឹង​ឈូក នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ដោយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប​ចំនួន​៨០​នាក់​មក​ពី​សមាគម​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំនួន​៤​ខេត្ត (​សៀមរាប បន្ទាយ​មាន​ជ័យ កំពង់​ឆ្នាំង និង​ពោធិសាត់​)​ចូលរួម​ផង​ដែរ​។

ចូលរួម​ជា​គណៈអធិបតី​ក្នុង​ឱកាស​នោះ​មាន​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា តំណាង​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អុ​ី​ង​កម្ពុជា និង​លោក ទៀ សីហា អភិ អភិបាលខេត្ត​សៀមរាប​។

បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ឲ្យ​ដឹង​ថា ការ​ប្រកួត​អនុវត្ត​តាម​រូបមន្ត​ជម្រុះ ក្នុង​នោះ​រួម​មាន​វិញ្ញាសា​ប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​(​ទូក​នាគ​)​ចម្ងាយ​១ ពាន់​ម៉ែត្រ និង​៥​រយ​ម៉ែត្រ​ផ្នែក​បុរស ។ នៅ​ក្នុង​កម្មវិធី​នោះ​ក៏​មានការ​ប្រកួត​ដកស្រង់​បច្ចេកទេស​លើ​វិញ្ញាសា​ទូក​កា​នូ​-​កា​យ៉ាក់​ចម្ងាយ​៥​រយ​ម៉ែត្រ និង​ប្រភេទ​ទូក​រ៉ូ​អ៊ី​ង​ចម្ងាយ​៥​រយ​ម៉ែត្រ​ផង​ដែរ ។

នៅ​ក្នុង​ការ​ប្រកួត​នេះ សមាគម​កីឡា​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ​ខេត្តសៀមរាប ទទួល​បាន​ជ័យ​លា​ភី លេខ​១​ទាំង​វិញ្ញាសា​១​ពាន់​ម៉ែត្រ និង​៥​រយ​ម៉ែត្រ ខេត្តបន្ទាយមានជ័យ​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ខេត្តកំពង់ឆ្នាំង​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ប្រភេទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​«​ទូក​នាគ​» ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង​នៅ​កម្ពុជា កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍ និង​គាំទ្រ​បណ្តើរ​ៗ​ពី​មហាជន ចាប់តាំងពី​សហព័ន្ធ​បាន​កែទម្រង់​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន ។ លោក​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​ប្រភេទ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ី​ង និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​កាន់តែ​មាន​វឌ្ឍនភាព​ទាំង​បរិមាណ និង​គុណភាព ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ចាំបាច់​ត្រូវ​ខិតខំ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡាការិនី​បន្ថែម​ទៀត ។

សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ណាស់​ត្រូវ​មាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុង​ការ​ហ្វឹកហាត់​ជាមួយនឹង​ការ​ខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែម​ទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​តាម​ដែល​អាច​ធ្វើ​បាន ។

ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ជ្រើសរើស​ជើងឯក​ភូមិភាគ ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង លើក​ទី​២ ឆ្នាំ​២០២០ បែងចែក​ជា​៥​ភូមិភាគ រួម​មាន​ភូមិភាគ​រាជធានី​ភ្នំពេញ ភូមិភាគ​វាលរាប ភូមិភាគ​និរតី ភូមិភាគ​បឹង​ទន្លេសាប និង​ភូមិភាគ​ឦសាន ។

មុន​ការ​រៀបចំ​នៅ​ភូមិភាគ​បឹង​ទន្លេសាប សហ ព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា បាន​រៀបចំ​រួច​ហើយ​នៅ​ភូមិភាគ​វាលរាប និង​ភូមិភាគ​និរតី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ