រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំង មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ដែលធ្លាប់តែល្បីប្រកួតមិនដែលចាញ់សោះមួយរយៈចុងក្រោយនេះ បែរជាភ្លាត់ស្នៀតចាញ់ពិន្ទុកីឡាករថៃ រ៉ុងណាផា ស.សំរ៉ូងយីម ដាច់ទាំង៥ទឹកតែម្ដងក្នុងជំនួបមិត្តភាពនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីក្នុងកម្មវិធីប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»កាលពីថ្ងៃសៅរ៍ទី២២ កុម្ភៈ។
សម្រាប់ការជួបគ្នាលើកនេះ មឿន សុខហ៊ុចបានព្យាយាមសម្រុកចូលវាយលុកទៅលើគូប្រកួតដូចព្យុះតាំងពីទឹកទី១ម្ល៉េះ ប៉ុន្តែស្នៀតកែងនិងជង្គង់ដែលគេធ្លាប់ធ្វើឱ្យកីឡាករថៃបាក់ស្បាតច្រើនគ្នាមកហើយនោះបែរជាមិនអាចប្រើប្រាស់បានល្អទាល់តែសោះ ។
ផ្ទុយទៅវិញ មឿន សុខហ៊ុច ត្រូវកីឡាករថៃម៉ាត់និងទាត់ចូលចំគោលដៅពេញៗតាំងពីទឹកទី២ម្ល៉េះ។ទោះជាយ៉ាងណា មឿន សុខហ៊ុច ដែលបានបាត់បង់កម្លាំងបណ្ដើរៗ តាំងពីទឹកទី៣រហូតមកនោះ បានព្យាយាមតស៊ូប្រកួតយ៉ាងស្វិតស្វាញរហូតដល់ចប់ទឹកទី៥ទើបចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។ ចប់ការប្រកួតមឿន សុខហ៊ុច ទទួលស្គាល់ថា កីឡាករថៃ រ៉ុងណាផា ពិតជាខ្លាំងមែន ហើយគេក៏មានការសោកស្ដាយផងដែរចំពោះការបរាជ័យលើកនេះ ។
មួយគូទៀតកីឡាករ ថា សារុន មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ បានចាញ់កីឡាករថៃ ភីតណាមអេក នៅត្រឹមទឹកទី៣ ដោយសារ តែខូចជើងក្រោមរន្ទះជើងកីឡាករថៃ ។ ថា សារុន ចាញ់ប្រៀបកីឡាករថៃតាំងពីទឹកទី១ម្ល៉េះដោយគេឃើញកីឡាករថៃម៉ាត់ និងទាត់ចូលមុខ និងពោះទឹកពេញៗ ។
ទោះបីថា សារុន មានឱកាសវាយបកសងវិញម្ដងម្កាលក្ដីក៏មិនអាចទម្លុះបារ៉ាសដ៏រឹងមាំរបស់កីឡាករថៃម្នាក់នេះបានដែរ ។ ចូលដល់ទឹកទី២និងទី៣កម្លាំងថា សារុន កាន់តែថយចុះខ្លាំងលុះចូលដល់ពាក់កណ្ដាលទឹកទី៣ ថា សារុន ត្រូវកីឡាករថៃទាត់ត្រូវជើងឆ្វេងយ៉ាងសន្ធាប់និងម៉ាត់ចូលមុខជាច្រើនដៃបណ្ដាលឱ្យដួលក្រោកលែងរួចត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ។
ក្នុងចំណោមកីឡាករកម្ពុជាទាំង៣រូបមានតែកីឡាករ កូយ ឡាយ មកពីក្លិបកងពលតូចឆត្រយោង៩១១ប៉ុណ្ណោះ ដែលបានយកឈ្នះកីឡាករថៃភីដាំ ដោយពិន្ទុប៉ុណ្ណោះ ។ ចំណែកគូប្រកួតមិត្តភាពបើកឆាកវិញកីឡាករ ចិត្រ សុភី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានយកឈ្នះកីឡាករ នូវ ស៊ីណា មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ដោយពិន្ទុ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ