ការចាយលុយជាបទពិសោធន៍មួយដែលទាក់ទងច្រើនជាមួយនឹងអារម្មណ៍របស់មនុស្ស ។ សម្រាប់មនុស្សមួយចំនួន ពួកគេសម្រេចចិត្តចាយវាយ ដើម្បីបំពេញចន្លោះអ្វីមួយដែលពួកគេមានក្នុងជីវិត ឬដើម្បីសម្រេចបានអារម្មណ៍អ្វីមួយដែលពួកគេចង់បាន ។ យ៉ាងណាក្តី ការយល់ដឹងពីកត្តាដែលជំរុញឲ្យអ្នកចាយវាយខ្ជះខ្ជាយអាចជាជំហានសំខាន់មួយ ដែលជួយឲ្យអ្នកបោះបង់ទម្លាប់មិនល្អនេះចោល ។ ខាងក្រោម គឺជាកត្តាផ្នែកអារម្មណ៍មួយចំនួនដែលអ្នកគួរតែពិចារណា ៖
១. ពេលដែលការទិញទំនិញធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត
កីឡាកររត់ប្រណាំងតែងមានអារម្មណ៍សប្បាយចិត្តពេលដែលពួកគេបញ្ចប់ការរត់របស់ពួកគេ ។ សម្រាប់អ្នកដែលចូលចិត្តការទិញទំនិញ អ្នកអាចនឹងមានអារម្មណ៍សប្បាយចិត្តពេលដែលហុចលុយឲ្យទៅអ្នកលក់ ។ មនុស្សជាច្រើនសម្រេចចិត្តទិញទំនិញព្រោះពួកគេគិតថាការចាយវាយលុយអាចជួយធ្វើឲ្យពួកគេសប្បាយចិត្តជាងមុន ។
២. អារម្មណ៍ប្រកួតប្រជែង
មនុស្សភាគច្រើនចូលចិត្តទិញទំនិញពេលដែលមានការលក់បញ្ចុះតម្លៃ ។ ក្រៅពីមូលហេតុទំនិញចុះថ្លៃហើយ មនុស្សមួយចំនួនជ្រើសរើសជម្រើសនេះព្រោះពួកគេចង់ឈ្នះអ្នកដទៃក្នុងការដណ្តើមទិញទំនិញទាំងនោះ ។ លើសពីនេះទៅទៀត អ្នកក៏អាចសម្រេចចិត្តទិញអ្វីមួយព្រោះអ្នកមើលឃើញសមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកជិតខាងដែលមានរបស់ទាំងនោះដែរ ។
៣. ពេលដែលអ្នកគិតថាវាមិនថ្លៃ
អ្នកលក់តែងតែមានអន្ទាក់ទុកបោកប្រាស់អ្នកទិញឲ្យគិតថាទំនិញដែលកំពុងត្រូវបានលក់មានតម្លៃសមរម្យ ឬតម្លៃថោកដែលអតិថិជនត្រូវតែទិញដាច់ខាត ។ អន្ទាក់ទាំងនោះរួមមានការបោកប្រាស់ថាមានការបញ្ចុះតម្លៃ ការសរសេរលេខតម្លៃទំនិញធំៗជាពណ៌ក្រហម ឬការលក់ជាដុំជាដើម ។
៤. ពេលដែលអ្នកធុញទ្រាន់
មនុស្សជាច្រើនចូលចិត្តដើរទិញទំនិញពេលដែលពួកគេធុញទ្រាន់ ឬនៅទំនេរព្រោះដូចដែលបានលើកឡើងនៅចំណុចខាងលើ ការទិញទំនិញជាសកម្មភាពមួយដែលអាចធ្វើឲ្យមនុស្សមានអារម្មណ៍សប្បាយរីករាយបាន ។ ដូច្នេះប្រសិនបើអ្នកជាមនុស្សប្រភេទនេះ អ្នកគួរតែរកសកម្មភាពផ្សេងមកជំនួសពេលដែលអ្នកមានពេលទំនេរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ