ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករ១៩៣តូប ដែលមានមុខរបរលក់ដូរតាមជួរដើមស្រល់មុខផ្សារឆ្នាំងស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានសម្ដែងការព្រួយបារម្ភ បន្ទាប់ពីអាជ្ញាធរក្រុង និង ខេត្ត បានធ្វើការបណ្ដេញពួកគាត់មិនឲ្យលក់នៅទីតាំងចាស់ ដោយឱ្យទៅលក់លើទីតាំងថ្មី លើដីចុងកោះ ដែលជាដីមិនទាន់មានទីប្រជុំជនច្រើនកុះករនៅឡើយ ។ លើសពីនេះទៀត ផ្លូវទៅកាន់កន្លែងថ្មីតាមមាត់ទន្លេនៅមិនទាន់ធ្វើនៅឡើយដែរ តែអាជ្ញាធរបានដាក់កំណត់ចេញឱ្យអស់នៅដើមខែមីនានេះ ។
ផ្តល់កិច្ចសម្ភាសន៍ នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមអាជីវករទាំងនោះបានលើកឡើងថា ពួកគាត់មិនប្រកែកប្រណាំងជាមួយនឹងការអភិវឌ្ឍន៍របស់អាជ្ញាធរនោះទេ ក៏ប៉ុន្តែនៅលើទីតាំងថ្មី នៅមិនទាន់មានផ្លូវទៅបានស្រួលនោះទេ នៅពេលខែទឹកឡើងមិនអាចធ្វើដំណើរទៅបានឡើយ បើចង់ទៅផ្សារថ្មី ដែលអាជ្ញាធរ កំណត់ចូលទៅលក់ដូរនោះ ត្រូវជិៈម៉ូតូឌុបតាមផ្លូវវាង ក្នុងតម្លៃ ៥ពាន់រៀល ទៅមក១ម៉ឺនរៀល បើអាជីវករតូចតាច រកតែប្រាក់ឱយថ្លៃម៉ូតូឌុបមិនបានផង ។
ម្យ៉ាងវិញទៀត នៅផ្សារថ្មីនោះ មិនទាន់មានដំណើរការ មានមនុស្សកុះករនៅឡើយទេ គឺស្ងាត់ជ្រងំ គ្មានអ្នកចេញចូលដូចនៅផ្សារក្រោមនេះទេ ហើយផ្សារក្រោម ក៏សំបូរភ្ញៀវទេសចរបរទេស ចុះពីកប៉ាល់ទស្សនា និងជួយទិញទំនិញលក់ដូររបស់ពួកគាត់ដែរ ប៉ុន្តែបើអាជ្ញាធរបង្ខំ ឲ្យពួកគាត់ទៅលក់ដូរទីនោះ ដូចជាជំរុញឲ្យពួកគាត់ទៅដាច់បាយយ៉ាងដូច្នោះដែរ ។ អាជីវករទាំ១៩៣ តូបបានលើកឡើងថា៖ ទៅនៅពេលដែលអាជ្ញាធរខេត្ត ធ្វើផ្លូវរួចរាល់ពីចំណុចចុងកោះ រហូតដល់ទីតាំងថ្មី ពួកគាត់នឹងព្រមចាកចេញ ប៉ុន្តែការចាកចេញទៅទីតាំងថ្មីនេះ គឺ សូមឱយអាជ្ញាជីរករទាំងអស់ ទាំងអ្នកជួរដើមស្រល់ ដូចពួកគាត់ ទាំងអ្នកលក់ក្នុងផ្សារឆ្នាំង និងទាំងអ្នកលក់តាមមាត់ទន្លេផ្សារក្រោម គឺទៅទាំងអស់គ្នា មិនត្រូវទៅមួយអត់មួយបែបនេះទេ ។
ជាចុងក្រោយ ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាល សូមមេត្តា ទុកលទ្ឋភាព ឱយពួកគាត់បានលក់ដូរលើទីតាំងចាស់ ជួរដើមស្រល់មុខផ្សារឆ្នាំងសិន ទម្រាំតែអាជ្ញាធរ ធ្វើផ្លូវទៅកាន់ផ្សារថ្មីហើយ និងក៏ដូចជារង់ចាំឱយផ្សារនៅទីតាំងថ្មី ក្លាយជាទីប្រជុំជន មានមនុស្សកុះករសិនដែរ។ តាមការបញ្ជាក់ ពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានឱយអ្នកសារព័ត៌មានដឹងថាៈ ដើម្បីកែសោភ័ណ្ឌភាព មុខផ្សារឆ្នាំងឡើងវិញ សម្រាប់ភ្ញៀវទេសចរណ៌ អាជ្ញាធរបានឱយក្រុមអាជីវករទាំង១៩៣តូប ដែលលក់ដូរនៅតាមជួរដើមស្រល់ ចាក់ចេញទៅលក់នៅផ្សារថ្មី លើដីកំពុងអភិវឌ្ឍន៍ ដើម្បីយកជួរដើមស្រល់ធ្វើជាសួនច្បារ ។
ម្យ៉ាងវិញទៀត អាជីវករដែលត្រូវចាកចេញ ទៅលក់នៅផ្សារថ្មី ខាងអាជ្ញាធរបានសម្របសម្រួលអស់ហើយជាមួយម្ចាស់ផ្សារ ដោយតូបប្រភេទលេខ១ មានតម្លៃ៩០០ដុល្លា តូបលេខ២មាន តម្លៃ៦០០ដុល្លារ និងតូបលេខ៣មានតម្លៃ៣០០ដុល្លារ គឺជួលរយៈពេល៥ឆ្នាំ ។ ទោះយ៉ាងនេះក្តី ក៏មានមន្ត្រីរាជការ និង អាជ្ញាធរខ្លះមិនពេញចិត្តនឹងការដេញឱយអាជីវករទាំងនោះចេញ ទាំងកំរោលដែរ គួរតែមានផ្លូវឱ្យបានស្រួលជាមុនសិន និងពិសេសទីតាំងថ្មី មិនទាន់ក្លាយជាទីប្រជុំជនប្រមូលផ្តុំណាស់ណាទេ ហេតុនេះ គួរតែបន្ធូរបន្ថយខ្លះសិនទៅ ៕
ចែករំលែកព័តមាននេះ