កម្ពុជា​នៅ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ


ខេត្តបាត់ដំបង ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ការ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ នៅ​សាលាខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ដែល​មានការ​ចូលរួម​ពី​លោក ថោ​ង ខុន រដ្ឋ​ក្រសួងទេសចរណ៍ និង​ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មន្ត្រី​ពាក់​ព​ន្ធ័​ជា​ច្រើន​រូប ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​ដូច​ជា ពិភពលោក​ទាំងមូល​កំពុង​តែ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ Covid-19 ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ដែល​កំពុង​មានការ​ធ្លាក់​ចុះ​មក​វិញ ខណៈ​កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព ផ្តល់​ភាព​កក់ក្តៅ គ្មាន​ការ​ភ័យ​ព្រួយ​រឿង​ឆ្លង​ជំងឺ​នេះ​ឡើយ ព្រោះ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គ្រប់​ផ្នែក គ្រប់​ជំនាញ ពិសេស​ជំនាញ​សុខាភិបាល​បាន​ធ្វើការ​ដោយ​ហ្មត់ចត់ ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​សម្រាប់​មនុស្សជាតិ​ទាំងមូល ។

លោក​ថា ភ្ញៀវ​ទេសចរ​មក​ពី​កប៉ាល់ Westerdam សុទ្ធតែ​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​បាន​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​ស្វាគមន៍​គ្រប់​ទីកន្លែង និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួក​គេ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដើម្បី​សម្រេច​បាន​កំណើន​ទេសចរ​មក​វិញ​កម្ពុជា​បាន​ខិតខំ​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ខិតខំ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​នានា​ខិតខំ​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ។

ជាក់ស្ដែង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​មួយ​ដែរ ដែល​នឹង​ចូលរួម​ចំណែក​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក និង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ទៅ​ដល់ទី​ផ្សារ​ទេសចរណ៍​ក៏​ដូច​ជា ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ចលនា​ទេសចរ​ក្នុង​ប្រទេស ស្រប​ដែល​មាន​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 ខណៈ​ដែល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ថា ប្រទេស​ខ្លួន​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​កក់ក្ដៅ និង​សុវត្ថិភាព​មិន​ភ័យ​ព្រួយ​ពី​បញ្ហា​ឆ្លង​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​ដូច​ប្រទេស​ដទៃ​ឡើយ ។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការ​រំពឹង​ទុក​ថា ពី​ធី​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​នៅ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​មិន​តិច​ជាង​១​លាន​នាក់ ដោយ​រំពឹង​ទទួល​បាន​ចំណូល​ក្នុង​រង្វង់ ៥០​លាន​ដុល្លារ (​ទេសចរ​ម្នាក់​ចាយ​មិន​ក្រោម​៥០​ដុល្លារ​) ពីព្រោះ​ខេត្តបាត់ដំបង ជា​គោល​ទេសចរណ៍​ទី​២ មាន​សក្ដានុពល​ទេសចរណ៍​គួរ​ឱ្យ​ទាក់ទាញ និង​មាន​បន្សល់​នូវ​សម្បត្តិ​បេតិកភណ្ឌ​ជា​ច្រើន​សម្បូរ​បែប ម្យ៉ាង​នៅ​ជិត​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ​ថែម​ទៀត ហើយ​អាច​មាន​លំហូរ​ពី​ខាង​ប្រទេស​ថៃ ។

លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​អនុ​គណៈកម្មការ​កីឡា​អញ្ជើញ​ក្រុម​កីឡាករ​គុន​សៅ​លី​ញ​ពី​ប្រទេស​ចិន ឱ្យ​ចូលរួម​សម្ដែង​ប្រកួត​ក្នុង​ពិធីបុណ្យ​ទន្លេ ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​កីឡា​កាន់តែ​អធិកអធម ក្រៅពី​កីឡាប្រដាល់​គុន​ខ្មែរ និង​កម្មវិធី​កីឡា​ជា​ច្រើន​ទៀត ។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ណែនាំ​ឱ្យ​មានការ​ឃោសនា​ផ្សព្វផ្សាយ​ពី​ការ​សម្ដែង​សិល្បៈ​របាំ ល្ខោនបាសាក់ ការ​ប្រគំ​តន្ត្រី ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ស្រុក​ជនបទ ដើម្បី​ឱ្យ​ប្រជាជន​បាន​ទស្សនាការ​សម្ដែង​សិល្បៈ​ល្អ​ៗ​មក​ពី​ថ្នាក់​ជាតិ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ​ដល់​ពួក​គេ​ផង​ដែរ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ