រាជធានីភ្នំពេញ ៖ អ្នកភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន៣៥គ្រួសារតំណាងឲ្យ១៤៥គ្រួសារ បានប្រមូលផ្ដុំគ្នាវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើដីទំនាស់ដ៏រ៉ាំរ៉ៃជាមួយអង្គភាពយោធាមូលដ្ឋានកងការពារអាកាសវរៈ៩១ រយៈពេល២០ឆ្នាំកន្លងមកហើយនោះ ដើម្បីទាមទារឲ្យក្រុមការងារដែលបង្កើតឡើងដោយក្រសួងការពារជាតិរួមមាន ៖
១- នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិជាប្រធាន
២- នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិជាអនុប្រធាន
៣- តំណាងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទជាសមាជិក
៤- តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោកជាសមាជិក
៥- តំណាងអាជ្ញាធរដែនដីរាជធានីភ្នំពេញជាសមាជិក ។
មេត្តាអនុវត្តន៍នូវ «ចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបែងចែកដីនេះ ដឹងចំណែករួចអស់ហើយនោះ» ប្រគល់ដីជូនពួកគាត់ ដើម្បីបញ្ចប់រឿងទំនាស់ដ៏រ៉ាំរៃនេះ។ ព្រោះប្រសិនបើក្រុមការងារខាងលើ អនុវត្តន៍តាមចំណារដ៏ខ្ពង់ខ្ពស់នេះ ដោយគ្មានការរួញរានោះ រឿងទាំងប៉ុន្មាន នឹងត្រូវបញ្ចប់មិនចាំបាច់ឲ្យពួកគាត់ និងយោធាប្រឈមមុខដាក់គ្នាឡើយ។
ទោះបីជាបែបណា អ្នកភូមិខាងលើនៅតែទទូចសុំឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយដល់ពួកគាត់ផង។ ពួកគាត់បញ្ជាក់ថា ការអូសបន្លាយនូវរឿងទំនាស់ខាងលើនេះ ព្រោះតែក្រុមការងារខាងលើ មិនព្រមអនុវត្តន៍តាមចំណាររបស់សម្ដេចសោះ ដោយបានយកចំណារដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចក្នុងការបញ្ចប់រឿងទំនាស់នេះ ទៅផ្កាប់ចោលមិនអនុវត្តន៍តែម្ដង ហើយថែមទាំងមានមន្ត្រីខិលខូចខ្លះទៀតធ្វើរបាយការណ៍ ឬរាយការណ៍កុហកសម្ដេចថា រឿងនេះបានដោះស្រាយចប់ហើយ។
មិនតែប៉ុណ្ណោះ បានទម្លាក់កំហុសមកលើពួកគាត់ថា «អ្នកភូមិខូចណាស់ បានដោះស្រាយចប់ហើយ នៅតែនាំគ្នាទាមទារមិនឈប់» ដែលការរាយការណ៍កុហកបែបនេះ អាចនឹងធ្វើឲ្យសម្ដេចមានការភាន់ច្រឡំថា រឿងបានដោះស្រាយចប់ហើយ ប៉ុន្តែតាមពិតទៅពួកគាត់អត់ទាន់ទទួលបានការដោះស្រាយទៅតាមចំណាររបស់សម្ដេចម្ដងណាឡើយ។
ជាងនេះទៀត ដីត្រូវបានបាត់បង់ម្ដងបន្តិចៗ ដោយសារតែពេលនេះខាងកងទ័ព និងគ្រួសារកងទ័ពបានបន្តសាងសង់លំនៅដ្ឋានលើដីទំនាស់ និងលួចអង្កន់ដីនេះ លក់ជាបន្តបន្ទាប់ ហើយពួកគាត់កំពុងព្រួយបារម្ភថា បើនៅតែគ្មានការអនុវត្តន៍នូវដំណោះស្រាយដែលមានស្រាប់មកហើយទៀតនោះ នោះថ្ងៃណាមួយនឹងអាចកើតមានអំពើហិង្សាជាក់ជាមិនខានឡើយ គឺនៅពេលដែលពួកគាត់លើកគ្នាទៅធ្វើការរារាំងការសាងសង់ផ្ទះនៅលើដីនោះ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ