ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឱ្យ​បិទ​មន្ទីរពេទ្យ​ចិន​អត់​ច្បាប់​… ស្រេច​​តែ​អញ​មិន​បិទ​!

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​ទោះបីជា​ក្រុមការងារ​ចំរុះ​ដែល​ដឹកនាំ​ដោយ​លោក ឈិ​ត សេង​ងួ​ន អភិ​បាល​រង​ខេត្ត សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញា​រង​នៃ​សាលាតំបូង​ខេត្ត រួម​ជាមួយ​អង្គភាព​សា​ម៉ី​ជា​ច្រើន បាន​ចុះ​ផ្អាក​អាជីវកម្ម​របស់​មន្ទីរពេទ្យ (​ថៃ​ខាង​)…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​ទោះបីជា​ក្រុមការងារ​ចំរុះ​ដែល​ដឹកនាំ​ដោយ​លោក ឈិ​ត សេង​ងួ​ន អភិ​បាល​រង​ខេត្ត សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញា​រង​នៃ​សាលាតំបូង​ខេត្ត រួម​ជាមួយ​អង្គភាព​សា​ម៉ី​ជា​ច្រើន បាន​ចុះ​ផ្អាក​អាជីវកម្ម​របស់​មន្ទីរពេទ្យ (​ថៃ​ខាង​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ របស់​ជនជាតិ​ចិន​មួយ​កន្លែង ដោយ​ផ្អែក​លើ​ហេតុផល​ចំនួន​២ គឺ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល និង​បាន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​វីរុស​កូ​រ៉ូ​ណា (COVID-19) ដែល​នាំ​ឲ្យ​មាន​ភាព​ចលាចល​ដល់​សង្គម តាំងពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២០​យ៉ាងណា​ក៏​ដោយ គិត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ គេ​នៅ​សង្កេត​ឃើញ​ថា មន្ទីរពេទ្យ​ធំ​ជាងគេ​របស់​ជនជាតិ​ចិន​មួយ​នេះ នៅ​តែ​បន្ត​អាជីវកម្ម​ដដែល ដោយ​ហាក់​ពុំ​ខ្វល់​ទៅ​នឹង​អ្វី​ដែល​រដ្ឋបាល​ខេត្ត បាន​ចុះ​ហាមឃាត់​នោះ​ទេ​។

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ សម្រេច​បិទ​មន្ទីរពេទ្យ​របស់​ជនជាតិ​ចិន​មួយ ដែល​មានឈ្មោះ​ថា «​ថៃ​ខាង​» ក្រោយ​រក​ឃើញ​ថា មន្ទីរពេទ្យ​នេះ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល និង​បាន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​វីរុស​កូ​រ៉ូ​ណា (COVID-19) ដែល​នាំ​ឲ្យ​មាន​ភាព​ចលាចល​ដល់​សង្គម​នេះ បើ​តាម​ការ​បញ្ជាក់​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០​មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Su YongYun បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ​នេះ ដោយ​មិន​មាន​អាកា​រៈ​ក្តៅខ្លួន​នោះ​ទេ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​ជនជាតិ​ចិន​មួយ​នេះ ដាក់​ការ​សង្ស័យ​ថា មាន​វីរុស កូ​រ៉ូ​ណា​។ បន្ទាប់​ពី​កើត​មាន​ដំណឹង​នេះ លោក​អភិបាលខេត្ត បាន អន្តរាគមន៍​ភ្លាម​ៗ ដោយ​សម្រេច​យក​សំណាក​របស់​ជនជាតិ​ចិន ដែល​សង្ស័យ​នោះ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​ជនជាតិ​ចិន​រូប​នោះ មិន​មាន​វីរុស​កូ​រ៉ូ​ណា​នោះ​ទេ​។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ជនជាតិ​ចិន​ដដែល​រូប​នោះ បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ «​ថៃ ខាង​» ជា​ថ្មី​ម្តងទៀត ហើយ​មន្ទីរពេទ្យ​នេះ នៅ​តែ​បំភ័យ​អ្នកជំងឺ​ថា មាន​ជំងឺ​កូ​រ៉ូ​ណា​។ ដោយ​មិន​អស់ចិត្ត​ជនជាតិ​ឈ្មោះ Su YongYun បាន​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ភ្នំពេញ ហើយ​មន្ទីរ​ពេទ្យ​នោះ​ក៏​បញ្ជូន​សំណាក​របស់​ឈ្មោះ Su YongYun ទៅ​ពិនិត្យ​ជា​ថ្មី​ម្តងទៀត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​បញ្ជាក់​ថា គ្មាន​វីរុស​កូ​រ៉ូ​ណា​ទេ​។ ដោយសារ​តែ​ការ​បំភ្លៃ​ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​មានការ​ចលាចល​ត​ៗ​គ្នា ហើយ​ជា​មន្ទីរពេទ្យ​បើក​ដំណើរការ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល​ផង​នោះ ទើប​អាជ្ញាធរ​សម្រេច​បិទ​មន្ទីរពេទ្យ​នេះ​។

ក្រោយ​មានការ​ចុះ​បិទ​អាជីវកម្ម មន្ទីរពេទ្យ​ដ៏​ធំ​របស់​ជនជាតិ​ចិន​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ហេតុ​ចំនួន​២​នោះ​រួច​មក បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយ​ចំនួន​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ថា មន្ទីរពេទ្យ​មួយ​នេះ ស្ថិត​នៅ​តាម​ផ្លូវ​ធំ មាន​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ហើយ​បាន​បើក​អាជីវកម្ម​ជា​ច្រើន​ខែ​មក​ហើយ (​មិន​ក្រោម​មួយ​ឆ្នាំ​) ហេតុ​អី​ទើបតែ​ដឹង​ថា ពុំ​មាន​លិខិត​អនុញ្ញាត្តិ? តើ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល កំពុង​ធ្វើ​អ្វី? ចុះ​កាលពី​បើក​សម្ភោ​ធ​ដំបូង ហេតុ​អី​ក៏​ខាង​មន្ទីរ​មិន​ចុះ​មក​សួរ​នាំ? ហើយ​អ្វី​ដែល​ពិសេស​ជា​នេះ​ទៀត ក្រោយ​ពី​ក្រុមការងារ​រដ្ឋបាល​ខេត្ត​ចុះ​ហាមឃាត់ តាំងពី​ថ្ងៃ​ទី​១៨ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ទៅ​ហើយ គេ​ពុំ​ទាន់​បានឃើញ​មន្ទីរពេទ្យ​មួយ​នេះ​ផ្អាក​អាជីវកម្ម​នៅ​ឡើយ​ទេ គេ​ពុំ​ទាន់​ដឹង​ថា ខាង​មន្ទីរ​អង្គភាព​សា​ម៉ី (​មន្ទីរ​សុខាភិបាល​) បានដឹង​ហើយ​នៅទេ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ឈិ​ត សេង​ងួ​ន អភិបាលរង​ខេត្ត ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ផ្អាក​អាជីវកម្ម​នេះ បានឱ្យ​ដឹង​ថា ចំពោះ​ការ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​នេះ គឺ​លោក​បាន​ប្រគល់​កិច្ចការ​បន្ទាប់​ទៅ​ឱ្យ​អង្គភាព​សា​ម៉ី ហើយ​ក្នុង​ការ​តាមដាន​លើ​អាជីវកម្ម​របស់​មន្ទីរពេទ្យ​មួយ​នេះ ។ ឯ​ត្រង់​ថា គិត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​មួយ​នេះ​នៅ​បើកទ្វារ​នោះ អាច​មក​ពី​អ្នកជំងឺ​ចាស់​ដែល​កំពុង​សម្រាក​ទីនោះ​ចំនួន​៩​នាក់​ពុំ​ទាន់​ជា​សះស្បើយ​នៅឡើយ ពុំ​ទាន់​បាន​ចេញពី​មន្ទីរពេទ្យ ទើប​មន្ទីរពេទ្យ​នៅ​បើកទ្វារ និង​មាន​ក្រុម​គ្រូពេទ្យ​ចេញចូល​ធម្មតា​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ