ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ទទួល​បាន​យុត្តិ​ធម៌​​ពិត មិន​ដូច​ការ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​​អ្នក​ជិះ​លើក​នាវា Westerdam

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ពិតជា​ទទួល​បាន​យុត្តិធម៌​ពិត មិន​ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្នក​ជិះ​លើក​នាវា Westerdam នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ពិតជា​ទទួល​បាន​យុត្តិធម៌​ពិត មិន​ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្នក​ជិះ​លើក​នាវា Westerdam នោះ​ទេ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ យ៉ាង​ដូច្នេះ​ថា​៖ «​ការ​មិន​ទទួលខុសត្រូវ​របស់​ជនបរទេស​ខ្លះ​លើ​ការ​ពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ​ដែល​ជិះ​លើ​នាវា Westerdam បាន​ធ្វើ​ឱ្យ​កម្ពុជា ក្លាយជា​ជន​រង​គ្រោះ​នៃ​ទ​ង្វើ​មនុស្សធម៌​របស់​ខ្លួន អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​។ ទេវតា​ពិតជា​មាន​ភ្នែក ពេល​នេះ​អ្វី​ៗ​ច្បាស់លាស់​ហើយ​ដែល​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មក​វិញ​»​។

សម្តេច​បាន​អះអាង​ថា មិន​មាន​មនុស្ស​ណា​ម្នាក់​ដែល​ជិះ​លើ​នាវា​ខ្នាត​យក្ស Westerdam ឆ្លង Covid.19 នោះ​ទេ​។ សម្រាប់​ខ្ញុំ​កំពុង​វាយកូនគោល​នៅ City golf នៅ​ភ្នំពេញ​មិនមែន​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ Singapore ដូច​ពួក​បី​សាច​ឃោសនា​នោះ​ដែរ​។

តាម​រយៈ​ការ Comment នៅ​លើ Facebook នា​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ថា បើ​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​វិញ ពេល​នេះ​សម្តេច​នឹង​ដក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចោល​តែ​ម្តង ដោយសារ​តែ​ភាព​ខ្ជីខ្ជា​ខ្វះ​ការ​ការ​ទទួលខុសត្រូវ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​៤១​ប្រទេស​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​លទ្ធផល​ថ្មី​មួយទៀត ចំពោះ​ការ​ពិនិត្យ​សុខភាព​ស្ត្រី​ចំណាស់​ជនជាតិ​អា​មេ​រិ​កាំ​ង ដែល​ធ្វើ​ដំណើរ​តាម​នាវា Westerdam ចូល​ចត​នៅ​កម្ពុជា ហើយ​ហោះ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ឡើង​វិញ​ឃើញ​ថា «​អវិជ្ជមាន​» ពោល​គឺ​មិន​មាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី (COVID-19) ឡើយ ដែល​លទ្ធផល​នេះ​ខុស​ពី​លទ្ធផល​ពិនិត្យ​កាលពី​៥​ថ្ងៃមុន ដែល​ខ្លួន​បាន​រក​ឃើញ​ថា ស្ត្រី​ខាងលើ​មាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី បណ្តាល​ឱ្យ​អ្នកដំណើរ​ជា​ច្រើន​ត្រូវ​ខកខាន​ដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូល​ទៅ Comment នៅ​លើ Facebook របស់​នារី​ម្នាក់​ឈ្មោះ «Khek Khemrath» ដោយ​សរសេរ​ថា​៖ «​ហេតុតែ​ពូ​ស្រែក​ម្តង​ហើយ​ម្តងទៀត ក៏​ព្រោះតែ​ចង់ឱ្យ​ភាព​យុត្តិធម៌ សម្រាប់​កម្ពុជា​យើង​ផង សម្រាប់​មនុស្ស​ជាង​២០០០​នាក់ នៅ​លើ​នាវា​ផង​ពិសេស​យុត្តិធម៌​សម្រាប់​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក ដែល​គេ​ចាត់​ទុក​ថា ឆ្លង​ជំងឺ COVID-19​។ ទម្រាំ​បាន​យុត្តិធម៌​វិបត្តិ​មនុស្សធម៌ បាន​កើតឡើង​អស់​មួ​យស​ប្តា​ហ៍​។ បើ​ពូ​ជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​វិញ ពូ​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល ដោយសារ​ការ​ធ្វើការ​ខ្ជីខ្ជា​ខ្វះ​ការ​ទទួលខុសត្រូវ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​៤១​ប្រទេស​។ ប្រទេស​យើង​ក្រ តែ​យើង​មានការ​ទទួលខុសត្រូវ​លើ​កិច្ចការ​មនុស្សធម៌​នេះ​»​។

សូម​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​អា​មេ​រិ​កាំ​ង ដែល​ជា​អ្នកដំណើ​តាម​នាវា Westerdam ដែល​ក្រសួង​សុខាភិបាល​ម៉ា​ឡេ​ស៊ី ពិនិត្យ​ឃើញ​មាន​ករណី​កូ​រ៉ូ​ណា​ថ្មី (Covid-19) ពេល​ដែល​ចាក​ចេញពី​នាវា ហោះ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នោះ ពេល​នេះ​ត្រូវ​បាន​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ា​ឡេ​ស៊ី Wan Azizah Wan Ismail ចេញ​មក​ប្រកាស​ថា ពេល​នេះ​ស្ត្រី​នោះ​ពុំ​ផ្ទុកមេរោគ Covid-19 ទេ​។

កាលពី​ពេល​កន្លង​ទៅ សម្តេច​តេ​ជោ ហ៊ុន សែន និង​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី ដែល​ថា ខ្លួន​រក​ឃើញ​ករណី​ជំងឺ​កូ​រ៉ូ​ណា​ថ្មី នៅ​លើ​ខ្លួន​ជនជាតិ​អា​មេ​រិ​កាំ​ង​នេះ ហើយ​ថែម​ទាំង​ទាមទារ​ឱ្យ ម៉ា​ឡេ​ស៊ី ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ដោយសារ​តែ​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ពិនិត្យ​សុខភាព​អ្នកដំណើរ​ទាំងអស់​នៅ​លើ​កប៉ាល់ Westerdam មុន​នឹង​អនុញ្ញាត​ឱ្យ​ចុះ​ចេញពី​នាវា ហើយ​ហោះ​ចេញពី​កម្ពុជា ឃើញ​ថា មិន​មាន​នរណា​ម្នាក់ មាន​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ