រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្នូរសម្លេងគ្រាប់ផ្ទុះបន្លឺឡើងចំនួន៥គ្រាប់ជាបន្តបន្ទាប់ ព្រោះតែជនមិនស្គាល់មុខ៣នាក់ជិះម៉ូតូ១គ្រឿង ដោយជិះបណ្តើរបាញ់បណ្តើរ ផ្អើលអស់អ្នកភូមិទាំងព្រលឹងចុងសក់ កាលពីម៉ោង៧និង២៥នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រាំងដូនទៃ បានបាញ់៤គ្រាប់ផ្ទួនៗ លុះទៅដល់ភូមិព្រៃសណ្តែក បាញ់១គ្រាប់ទៀត ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ តែត្រូវបានលោកអធិការខណ្ឌពោធិ៍សែនជ័យថា គ្រាន់តែដុតផាវទេ ។
តាមប្រជាពលរដ្ឋក្នុងភូមិក្រាំងដូនទៃ បានឲ្យដឹងថា នៅម៉ោងខាងលើ មានជន៣នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះឌុបគ្នាពីលិចទៅកើត ហើយពួកគាត់ក៏មិនបានឃើញកាំភ្លើងរបស់ជនទាំងនោះដែរ តែឃើញលើកដៃឡើងលើ ក៏ឮស្នូរសម្លេងផ្ទុះចំនួន៤គ្រាប់ផ្ទួនៗតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោអស់អ្នកភូមិ លុះជនទាំង៣នាក់ខាងលើ ជិះរត់ទៅដល់ភូមិព្រៃសណ្តែក ស្ថិតនៅជាប់គ្នានោះដែរ ស្រាប់តែឮស្នូរផ្ទុះមួយគ្រាប់ទៀត ទើបធ្វើឲ្យពលរដ្ឋកាន់តែផ្អើល កាន់តែភ័យញ័រ មិនដឹងថា មានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ។
ជុំវិញករណីផ្ទុះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចសឹងមួយចំហៀងខណ្ឌ ដឹកនាំដោយលោក មន វុធី អធិការខណ្ឌផង ទៅដល់កន្លែងកើតហេតុ ក្នុងភូមិទាំង២ តែទោះជាយ៉ាងណាក្តី រកពុំឃើញសំបកគ្រាប់ ឬសំណល់អ្វីឡើយ ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋមតិភាគច្រើនថា សម្លេងផ្ទុះនោះជាសម្លេងផ្ទុះគ្រាប់កាំភ្លើង ហើយក្នុងហេតុផលមួយ គឺកាំភ្លើងម៉ារ៉ូឡូ បាញ់អត់លោតសំបកគ្រាប់នោះទេ តែបើផ្ទុះផាវវិញ កន្លែងដែលផ្ទុះនោះ អត់មានឃើញសំណាកក្រដាសរំសេវឡើយ ពោលគឺឮតែសម្លេងផ្ទុះ គ្មានសំណល់បន្សល់ទុក ។
បើតាមលោក មន វុធី អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា សំឡេងផ្ទុះនោះ ជារឿងផ្ទុះផាវទេ បងប្អូនកុំឆ្ងល់ កុំភ័យ ដោយសារលោកបានសាកសួរក្មេងរួចហើយថា មានគេដុតផាវទេ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ