ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Jeff Bezos បង្ហាញ​ថា​ធ្វើ​អាជីវកម្ម​ត្រូវ​ខ្វល់​ពី​បរិស្ថាន

4 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon គឺ​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​ផង​ដែរ បាន​បង្កើត​មូលនិធិ​មួយ​ឈ្មោះ​ថា Bezos…

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon គឺ​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​ផង​ដែរ បាន​បង្កើត​មូលនិធិ​មួយ​ឈ្មោះ​ថា Bezos Earth Fund កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ដែល​ក្នុង​នោះ​រួម​មាន​មូលនិធិ​វិនិយោគ​ប្រមាណ ១០ ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​ផ្តួចផ្តើម​ផ្សេង​ៗ​ដែល​មាន​គោលដៅ​សង្គ្រោះ​ដល់​ពិភពលោក ។ វា​ជា​ជំហាន​គំរូ​មួយ​ដែល​អាជីវកម្ម​ដទៃ​គួរតែ​រៀនសូត្រ​តាម ។

ក្រុមហ៊ុន​ដែល​មិន​ទាន់​មាន​គម្រោងការ​ច្បាស់លាស់​ទាក់ទិន​នឹង​ការ​ចូលរួម​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​បម្រែបម្រួល​បរិយាកាស​អាច​នឹង​ចាញ់​ដៃគូ​ប្រកួតប្រជែង​ដទៃ​ដែល​បាន​ចូលរួម​រួច​ជា​ស្រេច ។
មុន​ពេល​លោក​បេ​សូ​ស​បង្កើត​មូលនិធិ​ខាងលើ បុគ្គលិក​របស់ Amazon ជា​ច្រើន​រូប​បាន​រិះគន់​ដល់​ក្រុមហ៊ុន ខណៈ​ដែល​មាន​បុគ្គលិក​មួយ​ចំនួន​ទៀត​ថែម​ទាំង​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើការ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចូលរួម​ដល់​ការ​រក​ដំណោះស្រាយ​នេះ​ផង​ដែរ ។

ខណៈ​ដែល​បញ្ហា​បម្រែបម្រួល​បរិយាកាស​កំពុង​តែ​ធ្ងន់ធ្ងរ​ឡើងជា​រៀងរាល់ថ្ងៃ បុគ្គលិក និង​អតិថិជន​កាន់តែ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឲ្យ​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ជា​ដំណោះស្រាយ ជា​ពិសេស​ក្រុមហ៊ុន​ដែល​ជំរុញ​ដល់​ការ​បំពុល ឬ​កង្វក់​បរិយាកាស​ផ្សេង​ៗ​ជាដើម ។ ជាក់ស្តែង វា​មិនមែន​ជា​រឿង​ងាយស្រួល​សម្រាប់​វិស័យ​ឯកជន​ទេ ព្រោះ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចំណាយ​ថវិកា​ជា​ច្រើន ប៉ុន្តែ​វា​អាច​ជា​យុទ្ធសាស្ត្រ​ល្អ​មួយ​ដែល​កែប្រែ​រូបរាង​របស់​ក្រុមហ៊ុន​បាន ។

លោក បេ​សូ​ស បាន​និយាយ​លើ Instagram របស់​លោក​ថា «​បម្រែបម្រួល​បរិយាកាស គឺជា​ការ​គម្រាមកំហែង​ធំ​ជាងគេ​សម្រាប់​ពិភពលោក​យើង ។ ខ្ញុំ​ចង់​សហការ​ជាមួយនឹង​អ្នក​ដទៃ​ក្នុង​ផ្នែក​ដំណោះស្រាយ​ដែល​មាន​ស្រាប់ និង​ការ​រក​ដំណោះស្រាយ​ថ្មី​ៗ​ដើម្បី​ប្រឆាំង​នឹង​បញ្ហា​នេះ​លើ​ពិភពលោក​របស់​ពួក​យើង ។ ការ​ផ្តួចផ្តើម​ខ្នាត​ពិភពលោក​នេះ​នឹង​ផ្តល់​មូលនិធិ​ដល់​អ្នក​វិទ្យាសាស្ត្រ សកម្មជន អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុង​ការ​អភិរក្ស និង​ការពារ​ពិភព​ធម្មជាតិ​» ។

ក្រៅពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​ល្អ​សម្រាប់​ពិភពលោក​ហើយ ការ​ដោះស្រាយ​បញ្ហា​នេះ​ក៏​អាច​ល្អ​សម្រាប់​អាជីវកម្ម​របស់​លោក​ដែរ ។ ដោយហេតុ​ដូចនេះ​ទើប​វា​ជា​មេរៀន​ល្អ​ដែល​អាច​ដាស់តឿន​ម្ចាស់​អាជីវករ​ដទៃ​ឲ្យ​ចាប់ផ្តើម​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ