ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19​ ការ​ព្រួយ​បារ​ម្ភ ៖ ​កើន​នៅ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ តែ​ចិន​សុទិដ្ឋិ​និយម

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​សម្ដែង​ក្ដី​សាទរ ចំពោះ​ការ​ចុះ​ថយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ចំនួន អ្នក​ឆ្លង​វីរុស​ COVID-19 តែ​ការ​ព្រួយបារម្ភ​មានការ​កើនឡើង​នៅ​ជប៉ុន​ជាមួយ​ការ​​បាត់​បង់​ជីវិត​​អតីត​អ្នកដំណើរ​លើ​នាវា​កម្សាន្ត​២​នាក់ និង​នៅ​កូរ៉េ​ខាងត្បូង​ដែល​មាន​អ្នក​​បាត់​បង់​ជីវិត​ម្នាក់…

ប្រទេស​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​សម្ដែង​ក្ដី​សាទរ ចំពោះ​ការ​ចុះ​ថយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ចំនួន អ្នក​ឆ្លង​វីរុស​ COVID-19 តែ​ការ​ព្រួយបារម្ភ​មានការ​កើនឡើង​នៅ​ជប៉ុន​ជាមួយ​ការ​​បាត់​បង់​ជីវិត​​អតីត​អ្នកដំណើរ​លើ​នាវា​កម្សាន្ត​២​នាក់ និង​នៅ​កូរ៉េ​ខាងត្បូង​ដែល​មាន​អ្នក​​បាត់​បង់​ជីវិត​ម្នាក់ ជាមួយ​អ្នក​ឆ្លង​កាន់តែ​កើន​ដល់​១៥៦​នាក់​ជាមួយ​អ្នក​ឆ្លង​ថ្មី​៥២​នាក់​ទៀត​។

ទោះបី​យ៉ាងណា​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន រៀបរាប់​នា​ថ្ងៃ​ទី​២១​កុម្ភៈ​ពី​មនុស្ស​​បាត់​បង់​ជីវិត​ថ្មី ​១១៨​នាក់​ថែម​ទៀត​នៅ​ចិន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ភាគច្រើន​ក្នុង​ខេត្ត​ហ៊ូ​ប៉ី នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​សរុប​នៅ​ចិនដីគោក ឡើង​ដល់​២.២៣៦​នាក់​។ ប៉ុ​ន្ទែ​គណៈ​កម្មាធិ​ការ​នោះ​ប្រកាស​ជា​ពិសេស ពី​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មក​ត្រឹម​៨៨៩​នាក់​។ ក្នុង​ចំណោម​​អ្នក​ឆ្លង​ថ្មី​មាន​៤១១​នាក់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ​ក្នុង​នោះ​៣១៩​នាក់​នៅ​ក្រុង​វូ​ហាន​។ សរុប​មនុស្ស​ជាង​៧៥.០០០​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ចិន ចាប់តាំងពី​លេច​ចេញពី​ខែធ្នូ​មក​។

ម្យ៉ាងវិញទៀត​លើ​ពិភពលោក​ក្រៅពី​ចិនដីគោក ការ​ឆ្លង​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​១១​នាក់ ក្នុង​នោះ​៣​នាក់​នៅ​ជប៉ុន ២​នាក់​នៅ​ហុងកុង ម្នាក់​នៅ​បារាំង ២​នាក់​នៅ​អ៊ី​រ៉​ង់ ម្នាក់​នៅ​តៃវ៉ាន់ ម្នាក់​នៅ​ហ្វ៊ី​​លី​ពី​ន​និង​ម្នាក់​នៅ​កូរ៉េ​ខាងត្បូង​។

នៅ​កូរ៉េ​ខាងត្បូង​ចំនួន​អ្នក​ឆ្លង​វីរុស​កើន​ដល់​ទ្វេ​ដង រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​គឹ​ឡើង​ដល់​១៥៦​នាក់ ជាមួយ​អ្នក​ឆ្លង​ថ្មី​៥២​នាក់ ពិសេស​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ ដែល​មាន​អ្នក​ឆ្លង​ជាង​៨០​នាក់​។ បុរស​អាយុប្រមាណ​ជា​៦០​ឆ្នាំ​ម្នាក់​បាន​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ ក្នុង​ទីក្រុង​CHEONGDO ចម្ងាយ​៣២០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល​។

បុរស​នោះ​ស្ថិត​ក្នុង​ក្រុម​អ្នកជំងឺ​១៥​នាក់​និង​បុគ្គលិក​ដែល​ឆ្លង​ក្នុង​មន្ទីរពេទ្យ​មួយ​ជាមួយ​គ្នា​។ មិន​ឆ្ងាយ​​ពី​ទីនោះ​គឺ​នៅ​ក្រុង​DAEGU ជាទី​ក្រុង​ធំ​ទី​៤​របស់​ប្រទេស ជាមួយ​ប្រជាជន​២,៥​លាន​នាក់ នារី​អាយុ​៦១​ឆ្នាំ​ម្នាក់​កាន់​គ្រឹ​ស្ត​សាសនា មិនដឹង​ថា​គាត់​ឆ្លង​វីរុស ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ចម្លង​តែ​​គាត់​ម្នាក់ នូវ​វីរុស​ដល់​មនុស្ស​ជាង​៨០​នាក់ ពិសេស​ពេល​គាត់​ទៅ​ចូលរួម​សួ​ត្រ​ធម៌​ក្នុង​ព្រះ​វិហារ​នេះ​។ អភិបាលក្រុង​នេះ​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​។

នៅ​ចិន​អាជ្ញាធរ​វាយតម្លៃ​ថា បណ្ដា​វិធានការ​ដែល​ប្រកាន់​យក ដើម្បី​កម្រិត​ការ​ដើរហើរ​ពិសេស​ការ​​បង្ខាំង​មនុស្ស​ជាង​៥០​លាន​នាក់ ឲ្យ​នៅ​ដាច់​ពី​គេ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ចាប់ផ្ដើម​ទទួល​បាន​ផ្លែផ្កា​ហើយ​។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង​យី​សម្ដែង​ការ​សាទរ​ថា វិធានការ​ម៉ឺង​ម៉ាត់​ទាំងឡាយ អាច​ទប់​ការ​ឆ្លង​វីរុស​ក្នុង​ប្រទេស​និង​ក្នុង​ផ្នែក​ឯទៀត​ៗ​នៃ​ពិភពលោក​។ យោង​តាម​តួលេខ​ផ្លូវការ​ថា​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ចិន បាន​ចុះ​ថយ​៤​ថ្ងៃ​ជាប់​ៗ​គ្នា​។ ចំណែក​អ្នកជំងឺ​ជាង​១៦.០០០​នាក់​ពេល​នេះ​បាន​ជា​សះស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ