មិនមែន​ឡាន​ហោះ​ទេ​! ម្ចាស់​ជួប​រឿង​ស្មាន​មិន​ដល់​ឡាន​ហើប​ក្បាល​ឡើង​ផុត​ពី​ដីសោះ


ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​ពណ៌​ក្រហម​១​គ្រឿង​របស់​ក្រុមហ៊ុន ស្ថាបនា​ផ្លូវជាតិ​លេខ​២ បាន​ជួប​រឿង​ដែល​ស្មាន​មិន​ដល់ និង​ចម្លែក​ដោយ​ក្បាល​រថយន្ត​នេះ​បាន​ហោះ​ឡើង​ផុត​ពី​ដី ចំណែក​ទ្រុង​របស់​វា​វិញ​បាន​បញ្ឈរ​ត្រង់​ឡើង​លើ​មើលទៅ​ហាក់បីដូច​រថយន្ត​នេះ​បម្រុង​ហោះ​ទៅ​កាន់​លើ​អាកាសវេហាស៍​អ៊ីចឹង ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រ​ហែ​៧​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណា​តិ​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ក្នុង​ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ដោយឡែក​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កា​ញ្ញា​រិ​ទ្ធ ក៏​បាន​ចាប់អារម្មណ៍​ទៅ​លើ​រូបភាព​ប្លែក​នេះ​ហើយ​បាន​យក​ទៅ​បង្ហោះ​នៅ​លើ​ទំ​ហ្វេ​ស​ប៊ុ​ករប​ស់លោក អម​ដោយសារ​ផង​ដែរ​ថា «​ឮដំណឹង​ថា ក្រុមហ៊ុន​ផលិត​ឡាន​នេះ និង​បញ្ជូន​អ្នកឯកទេស​មក​រៀន​ពី​របៀប​ដាក់​គន្លឹះ​បញ្ឈរ​ឡាន​ពី​កម្ពុជា​ហើយ​» ។

លោក ក្រូច វ​ណ្ណា ដែល​ជា​អ្នកដំណើរ​ម្នាក់​បាន​និយាយ​ថា ខណៈ​ដែល​លោក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​២ ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ​បាន​ប្រទះ​ឃើញ​រថយន្ត​នោះ​ហោះ​ហើប​ក្បាល​ឡើង​ផុត​ពី​ដី​ដែល​ក្បាល​បែរ​សំដៅ​ទៅ​រក​ផ្លូវ រីឯ​ទ្រុង​របស់​វា​បញ្ឈរ​ត្រង់​ឡើង​លើ​បែរ​ទៅ​រក​ប្រឡាយ​ទឹក និង​ស្ថិត​នៅ​ប​បេះ​មាត់​ប្រឡាយ​ទឹក​ថែម​ទៀត​ផង ។

ខណៈនោះ​លោក​មិន​បានដឹង​ថា រថយន្ត​នេះ​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​ក៏​បាន​ថតរូប​ភាព​ប៉ុន្មាន​ប៉ុស្តិ៍​ទុក និង​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ព្រោះ​មើលទៅ​ហាក់​ប្លែក​ភ្នែក​ជា​រូបភាព​ចម្លែក​ផង​ដែរ បន្ទាប់​មក​លោក​ក៏​បាន​សាកសួរ​អ្នក​ស្ថិត​នៅ​ជិត​នោះ​ទើប​ពួក​គាត់​ប្រាប់​ថា រថយន្ត​ខាងលើ​នេះ​ជា​របស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​២​នេះ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​១​គ្រឿង​នេះ បាន​ដឹក​ដី​យក​ទៅ​ចាក់​លុប​បំពេញ​ប្រឡាយ​ទឹក​ខាងលើ ដើម្បី​ពង្រីក​ផ្លូវជាតិ​លេខ​២​នេះ ហើយ​ខណៈ​ពេល​បែន​ចាក់​ដី​សង្ស័យ​អ្នកបើកបរ​ភ្លេច​ដក​គន្លឹះ​សន្ទះ​ទ្រុង​ខាងក្រោយ​ចេញ​ឲ្យ​ចំហរ​សិន ទើប​ពេល​បែន​ទៅ​ដី​អត់​ចេញ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដី​មាន​ទម្ងន់​រាប់​តោន​បាន​សង្កត់​បណ្ដាល​ឲ្យ​ក្បាល​រថយន្ត​ហោះ​ហើប​ឡើង​ផុត​ពី​ដី រីឯ​ទ្រុង​របស់​វា​បាន​បញ្ឈរ​ត្រង់​ឡើង​លើ ដែល​មើលទៅ​រថយន្ត​នេះ​ប្រុង​ហោះ​ឡើង​ទៅ​លើ​អាកាស​អ៊ីចឹង ។ ប៉ុន្តែ​ជា​សំណាង​មិន​បាន​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់ ឬ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ឡើយ ហើយ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​នោះ​ដោយ​សុវត្ថិភាព ។

ម្យ៉ាងទៀត​នៅ​ក្នុង​ហេតុការណ៍​នេះ​ក៏​មិន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​មួយ​នេះ​ឡើយ តែ​ព្រោះ​រថយន្ត​នេះ ស្ថិត​នៅ​លើ​ចំណែក​ផ្លូវ​ម្ខាង​ទៅ​ហើយ ដូច្នេះ​យានយន្ត​គ្រប់​ប្រភេទ​អាច​ធ្វើ​ដំណើរ​នៅ​តាម​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ដោយ​រលូន ។

ប្រភព​ខាងលើ​ក៏​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃើញ​រថយន្ត​នោះ​ហោះ​បែប​នេះ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​បាន​នាំ​គ្នា​គេច​ចេញ​រៀង​ៗ​ខ្លួន​មិន​ហ៊ាន​ទៅ​ជិត​នោះ​ទេ ព្រោះ​ខា​ច​រថយន្ត​នេះ​ធ្លាក់​មក​វិញ​សង្កត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ បន្ទាប់​មក​ខាង​ក្រុមហ៊ុន​បាន​កាយ​ដី​ចេញពី​ទ្រុង​ដើម្បី​ឲ្យ​ក្បាល​រថយន្ត​នេះ​ធ្លាក់​ចុះ​ក្រោម​វិញ​រួច​បើក​ចេញពី​កន្លែង​កើតហេតុ​បន្តការងារ​ទៀត ៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ