ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​លើ​នាវា​វេ​ស្ទើរ​ដាម ​ចុង​ក្រោយ​ចេញ​អស់ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​នី​​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ អ្នកទេសចរ​ចុង​ក្រោយ​របស់​នាវា WESTERDAM ចំនួន​២៣៣​នាក់​បាន​មក​ដល់​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចាក​ចេញពី​នាវា WESTERDAM ដោយ​ត្រៀម​ឡើង​យន្តហោះ​ទៅ​ប្រទេស​ពួក​គេ​រៀង​ៗ​ខ្លួន…

រាជ​ធា​នី​​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ អ្នកទេសចរ​ចុង​ក្រោយ​របស់​នាវា WESTERDAM ចំនួន​២៣៣​នាក់​បាន​មក​ដល់​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចាក​ចេញពី​នាវា WESTERDAM ដោយ​ត្រៀម​ឡើង​យន្តហោះ​ទៅ​ប្រទេស​ពួក​គេ​រៀង​ៗ​ខ្លួន ក្រោយ​ការ​ពិនិត្យ​សុខភាព​ពុំ​ឃើញ​មាន Covid-19 ។

អ្នកទេសចរ​របស់​នាវា WESTERDAM ២៣៣​នាក់​ចុង​ក្រោយ​នេះ បាន​ចាក​ចេញពី​នាវា​នៅ​ឯកំ​ពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ទទួល​ស្វាគមន៍ និង​ជូន​ដំណើរ​ដោយ​លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក អូ​ឡែ​ន​ដូ អាស​ហ្វ៊​ដ (Orlando Ashford) នាយក​នាវា Westerdam ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ។

ពេល​ធ្វើ​ដំណើរ​មក​ដល់​សណ្ឋាគារ​សុខា​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​រៀបចំ​ឲ្យ​មាន​ទស្សនីយភាព​សិល្បៈ​ដូច​ជា របាំ​អប្សរា របាំ​ប្រពៃណី​ជូន​ពួក​គាត់ ទស្សនា​កម្សាន្ត រួម​ជាមួយ​ក្រុម​ភ្ញៀវ​មក​មុន ដែល​កំពុង​សម្រាក​នៅ​ទីនោះ​ស្រាប់​ផង​ដែរ ដើម្បី​កែ​អផ្សុក ។

បើ​តាម​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ការ​រៀបចំ​ឲ្យ​មាន​ទស្សនីយភាព​សិល្បៈ​ជូន​ភ្ញៀវ​ទេសចរ​របស់​នាវា Westerdam នេះ​បន្ថែម​លើ​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ពួក​គាត់​បាន​ទស្សនា​រាជធានី​ភ្នំពេញ​ដ៏​ស្រស់បំព្រង ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់់​ភ្ញៀវ​ទេសចរ​កប៉ាល់ Westerdam ដែល​សំរាក​ចាំជើង​យន្តហោះ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​បំបាត់​កែ​អផ្សុក ក្រៅពី​រដ្ឋបាល​ក្រុង បាន​រៀបចំ​ឲ្យ​ពួក​គាត់​ខ្លះ​បាន​ទៅ​ទស្សនា​ទីក្រុង ក្រសួងទេសចរណ៍​បាន​ចែក​សៀវភៅ​ផ្សព្វផ្សាយ​ទេសចរណ៍ ហើយ​ល្ងាច​នេះ​យើង​ក៏​នឹង​រៀបចំ​ឲ្យ​មាន​ទស្សនីយភាព សិល្បៈ​ដូច​ជា របាំ​អប្សរា របាំ​ប្រ​ពែ​ណី​ជូន​ពួក​គាត់​ទស្សនា​កំសាន្ត​នៅ​សណ្ឋាគារ​ផង​ដែរ​» ។

ចំណែក​អ្នកបម្រើ​ការងារ​នៅ​លើ​នាវា​ចំនួន​៧៤៧​នាក់ ក៏​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​តាម​កប៉ាល់ Westerdam «​លា​ផែ​»​ឆ្ពោះទៅ​កាន់​ហ្វី​លី​ពី​ន​វិញ ។

សូម​បញ្ជាក់​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក​Westerdam បាន​ចូល​សំចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០២០ ក្រោយ​ទទួល​បានការ​អនុញ្ញាត​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

នាវា​យក្ស​នេះ​ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុង​នោះ​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក កប៉ាល់​ចំនួន​៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វី​លី​ពី​ន ជប៉ុន កូរ៉េ​ខាងត្បូង កោះ​ហ្គាំ (​អា​មេ​រិ​ក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារ​តែ​ការ​ព្រួយបារម្ភ​ថា ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19) ។

បន្ទាប់​ពី​បាន​ចូល​ចត​នៅ​កំពង់​ផែ​ព្រះ​សីហ​នុ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកទេសចរ​ទាំងនោះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​កម្សាន្ត​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ចាកចេញ​តាម​ជើង​យន្តហោះ បើសិនជា​ពួក​គេ​ចង់​ចាកចេញ ។

ស្ថានទូត​ប្រទេស​ជា​ច្រើន​ទាំង​អា​មេ​រិ​ក និង​អឹ​រ៉ុ​ប សុទ្ធតែ​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​ដល់​នាវា​យក្ស​នេះ​ឱ្យ​ចុះ​ចត ។ ដោយឡែក នាវា​Westerdam ដែល​តាម​គម្រោង​ថា​នឹង​ចាកចេញ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នោះ បាន​ត្រូវ​ពន្យារ​ទៅ​ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ