លោក ជេមស៍ ហេកមេន (James Heckman) ដែលជាជ័យលាភីរង្វាន់ណូបែល និងសេដ្ឋវិទូមួយរូបចូលចិត្តសួរមនុស្សពីតួនាទីនៃភាពឆ្លាតវៃក្នុងការជួយមនុស្សឲ្យក្លាយជាមនុស្សដែលជោគជ័យផ្នែកលុយ ។ សំណួររបស់លោកមានដូចជា តើនឹងប្រាក់ចំណូលនឹងមានខុសគ្នាទេប្រសិនបើ IQ របស់អ្នកខ្ពស់ជាងមនុស្សម្នាក់ទៀត?
យោងទៅតាមការស្រាវជ្រាវរបស់លោកបានឲ្យដឹងថា ភាពឆ្នាតវៃរបស់លោកដើរតួយ៉ាងច្រើនណាស់តែ ១ទៅ ២% ប៉ុណ្ណោះក្នុងការធ្វើឲ្យមនុស្សម្នាក់ជោគជ័យនៅថ្ងៃអនាគត ។ ផ្ទុយមកវិញ ភាពជោគជ័យផ្នែកលុយមានជាប់ពាក់ព័ន្ធច្រើនជាមួយនឹងគុណសម្បត្តិបីធំៗ គឺការចេះមានវិន័យនិងគ្រប់គ្រងខ្លួនឯង ការខិតខំតស៊ូ ព្រមទាំងការឧស្សាហ៍ព្យាយាម ។
ការប្រទះឃើញទាំងនេះស្រដៀងគ្នាទៅនឹងការស្រាវជ្រាវលើអាពាហ៍ពិពាហ៍ដែរដោយមនុស្សដែលមានដៃគូជីវិតដែលឧស្សាហ៍ព្យាយាម និងអាចពឹងពាក់បានភាគច្រើនជាមនុស្សដែលពូកែក្នុងការងារ ប្រាក់ចំណូល ការឡើងឋានៈ និងជាមនុស្សដែលពេញចិត្តនឹងការងាររបស់ខ្លួនជាដើម ។
ជាទូទៅដៃគូទាំងនោះជាមនុស្សដែលបំពេញកិច្ចការផ្ទះច្រើន និងមានអាកប្បកិរិយាល្អៗដែលធ្វើឲ្យដៃគូរបស់ខ្លួនធ្វើតាម និងមានជីវិតរស់នៅល្អក្នុងផ្ទះដែលអនុញ្ញាតឲ្យដៃគូផ្តោតស្មារតីច្រើនលើការងារ ។
មានពេលខ្លះទៀត សំណាងល្អក៏ដើរតួនាទីសំខាន់ដែរ ដោយអ្នកស្រាវជ្រាវបានប្រទះឃើញថាភាពជោគជ័យពេលខ្លះមិនចាំបាច់ត្រូវការទេពកោសល្យឡើយ តែអាស្រ័យលើសំណាងល្អទាំងស្រុង ។ ប៉ុន្តែអ្នកមិនអាចគ្រប់គ្រងសំណាងបានឡើយ ហើយអ្នកអាចគ្រប់គ្រង IQ អ្នកបានតែមួយផ្នែកប៉ុណ្ណោះ ។
ជាក់ស្តែងមនុស្សអាចទទួលបានការអប់រំកាន់តែខ្ពស់ និងទទួលបានចំណេះដឹងកាន់តែច្រើន ប៉ុន្តែសមត្ថភាពក្នុងការគិតដោយសមហេតុសមផល និងអាចដោះស្រាយបញ្ហាគឺភាគច្រើនត្រូវបានកំណត់ដោយធម្មជាតិ ។
វីដែលអ្នកអាចគ្រប់គ្រងបាន គឺគុណសម្បត្តិទាំងបីខាងលើទៅវិញទេ ។ ដូច្នេះប្រសិនបើអ្នកគិតថាភាពជោគជ័យគឺជាការមានការងារល្អ ឬទ្រព្យសម្បត្តិច្រើននោះ ការខិតខំប្រឹងប្រែងគឺជាគុណសម្បត្តិល្អជាងគេដែលអាចជួយឲ្យអ្នកឆ្ពោះទៅរកវា ។ អ្នកប្រហែលជាមិនឆ្លាតជាងគេ មានទេពកោសល្យជាងគេ ស្គាល់មនុស្សច្រើនជាងគេ ឬទទួលបានការអប់រំខ្ពស់ជាងគេទេ តែអ្នកអាចជំនួសវាដោយការខិតខំក្នុងការអភិវឌ្ឍន៍ខ្លួនព្រោះការខិតខំប្រឹងប្រែងនាំយកមកនូវជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ