ខេត្តបាត់ដំបង៖ កសិករមួយចំនួននៅក្នុងស្រុកឯកភ្នំដែលនិយមដាំដំណាំ «ស្ពៃក្ដោប» ពេលនេះបាននិងកំពុងត្អូញត្អែរយ៉ាងខ្លាំង ដោយសារតែតំលៃស្ពៃក្ដោបធ្លាក់ថ្លៃដល់កំរិតទាបបំផុត បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ ដែលអាចធ្វើឲ្យប្រជាកសិករខ្លះប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងប្រឈមនឹងបំណុលធនាគារវ័ណ្ឌកទៀតផង។
កសិករនៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ អ្នកស្រី រ៉ើន សារឿត អាយុ៤៣ឆ្នាំបាននិយាយថា ឆ្នាំនេះប្រជាពលរដ្ឋដែលនិយមដាំដំណាំស្ពៃក្ដោបកំពុងប្រឈមនឹងការខាតបង់ដល់កំរិត ហើយក៏អាចប្រឈមនឹងការជំពាក់បំណុលធនាគារវ័ណ្ឌកដែរ ដោយសារតែដល់រដូវប្រមូលផល ស្រាប់តែតំលៃស្ពៃក្ដោបធ្លាក់ចុះស្ទើរដល់បាត។ ដៃកាត់ស្ពៃបណ្ដើរផ្ដល់បទសម្ភាសន៏ជាមួយកោះសន្តិភាពបណ្ដើរថា ឆ្នាំនេះតំលៃស្ពៃក្ដោប១គីឡូក្រាមលក់បានតំលៃត្រឹមចន្លោះពី ២០០រៀល ទៅ៤០០រៀលប៉ុណ្ណោះ ខណៈឆ្នាំមុនក្នុងរដូវនេះដែរគឺពួកគាត់លក់បានតំលៃចន្លោះពី ១២០០រៀល ដល់១៥០០រៀលឯណោះ ។ អ្នកស្រីបានបញ្ជាក់ថា គាត់ដាំដំណាំស្ពៃក្ដោបនេះលើផ្ទៃដីចំនួន៣រ៉ៃ ហើយក្នុង១រ៉ៃ អាចប្រមូលផលបានពី៦ទៅ៧តោនដែរ។
អ្នកស្រីបានពោលទាំងទឹកមុខស្រពោនថា «ប៉ុន្តែឆ្នាំនេះខ្ញុំអាចប្រឈមនឹងការខាតបង់ ហើយប្រឈមនឹងការជំពាក់ប្រាក់ធនាគារទៀតផង ដោយសារតែស្ពៃក្ដោបគ្មានទីផ្សារ» ។ អ្នកស្រី សារឿត បានបញ្ជាក់ថា ពេលនេះគាត់ទើបប្រមូលផលលក់អស់ជិតកណ្ដាល តែបើការប្រមូលផល បន្តបន្ទាប់នាពេលខាងមុខនេះ តំលៃនៅតែងើបមិនរួចទេ មិនមែនមានតែគាត់ទេដែលខាតបង់ និងជំពាក់បំណុលធនាគារ គឺអ្នកភូមិដទៃទៀតក៏ប្រឈមនឹងបំណុលនេះដូចគ្នាដែរ។
ដោយឡែកលោកវ៉ាន យ៉ាន ជាកសិករ រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ដែលមានដំណាំស្ពៃក្ដោបនេះចំនួន៣រ៉ៃដែរ បាននិយាយថា តំលៃស្ពៃក្ដោបនៅឆ្នាំនេះពិតជាធ្លាក់ថ្លៃដល់កំរិតមែន។ គាត់បាននិយាយទៀតថា ពេលនេះកសិករទូទៅ ទើបចាប់ផ្ដើមប្រមូលផលបានប្រហែល២០% នៃដំណាំស្ពៃក្ដោបដែលកសិករបានដាំនៅតំបន់នោះ តែតំលៃនេះ ហាក់ធ្លាក់ចុះតាំងពីដំបូងម្លេះ ចុះទម្រាំដល់ពេលកសិករចាប់ផ្ដើមប្រមូលផលគ្រប់ទីកន្លែង តើតំលៃស្ពៃធ្លាក់ដល់កំរិតណាទៅ ឬ ក៏ត្រូវដកចោល ?
លោកវ៉ាន យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ពៃក្ដោបរបស់ខ្ញុំ ប្រហែល១ខែទៀត ទើបត្រូវប្រមូលផល តែមិនដឹងថាដល់ពេលនោះ តំលៃឡើងឬចុះដោកជាងនេះនោះទេ ព្រោះពេលនោះមានកសិករច្រើន ដែលត្រូវប្រមូលផល»។ កសិករវ័យ៥៧ឆ្នាំ រូបនេះបានថ្លែងថា បើតំលៃស្ពៃមិនអាចងើបឡើងវិញទេ ឆ្នាំនេះមានកសិករច្រើនណាស់ដែលអាចប្រឈមមុខនឹងការខាតបង់ ឬ បានត្រិមទប់ទល់លើទុនចំណាយតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងតំលៃទីផ្សារស្ពៃក្ដោបនេះ ឈ្មួញកណ្ដាលម្នាក់ គឺលោក សែម រិទ្ធី ហៅ ធឿន បានថ្លែងប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា តំលៃស្ពៃក្ដោប ដែលលោកប្រមូលទិញពីកសិករផ្ទាល់នៅចំការ គឺទិញក្នុងតំលៃដូចការលើកឡើងរបស់កសិករពិតមែនហើយ។
ឈ្មួញរូបនេះបានប្រាប់ពីតំលៃនៅលើទីផ្សារដូច្នេះថា «សព្វថ្ងៃខ្ញុំទិញពីកសិករក្នុងតំលៃ៤០០រៀល ក្នុង១គីឡូក្រាម ហើយដឹកទៅលក់នៅផ្សារទំនើប ភូពុយ លក់ដុំឲ្យម៉ូយធំៗបានតំលៃត្រឹមពី៥០០រៀល ទៅ ៦០០រៀលប៉ុណ្ណោះ ឬ ពេលខ្លះចាល់ដើមក៏មាន ដែលតំលៃទាបជាងឆ្នាំមុនជាងពាក់កណ្ដាល»។ លោកធឿនក៏បាននិយាយពីមូលហេតុ ដែលនាំឲ្យតំលៃស្ពៃក្ដោបធ្លាក់ថ្លៃដែរដែលលោកអះអាងថា ជាតំលៃមួយមិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គាត់បានប្រាប់ថា កាលពីឆ្នាំមុនៗស្ពៃក្ដោបនៅខេត្តបាត់ដំបង មិនត្រិមតែសម្រាប់តម្រូវការក្នុងខេត្តទេ អាចនាំចេញទៅកាន់ទីផ្សារក្រៅខេត្ត ឬ ចេញទៅទីផ្សារក្រៅប្រទេសទៀតផង។ ប៉ុន្តែស្ពៃក្ដោបឆ្នាំនេះ បែរជាគ្មានម៉ូយទទូលទិញធំដុំដូចឆ្នាំមុនៗ ហើយនាំចេញទីផ្សារក្រៅខេត្តតិចទូចបំផុត។
ឈ្មួញកណ្ដាលរូបនេះ បានបញ្ជាក់ត្រង់ចំណុចនេះថាឆ្នាំមុនម៉ូយម្នាក់ៗកុម្ម៉ង់ទិញយ៉ាងតិច១តោនក្នុង១ថ្ងៃ តែពេលនេះម៉ូយដដែលបែរជាកុម្ម៉ងទិញយ៉ាងច្រើន១០០ ឬ ២០០គីឡូប៉ុណ្ណោះក្នុង១ថ្ងៃ។ ដូច្នេះហើយ ទើបធ្វើឲ្យតំលៃស្ពៃក្ដោបដាំក្បាលចុះតាំងពីចាប់ផ្ដើមប្រមូលផលដំបូងដៃម្លេះ។ ប៉ុន្តែឈ្មួញរូបនេះបានប្រមានថា បើចន្លោះពីកន្លះខែ ទៅដល់១ខែទៀតខាងមុននេះ តំលៃស្ពៃមិនអាចងើបឡើងវិញទេ កសិករអាចប្រឈមនឹងការខាតបង់ ហើយម្នាក់ៗក៏វ័ណ្ឌកនឹងបំណុលធនាគារយ៉ាងធ្ងន់ធ្ងរដែរ តែបើយោងលើស្ថានភាពដូចបច្ចុប្បន្ននេះ ទំនងដូចជាមិនអាចងើបរួចទេ ព្រោះមើលតម្រុយទីផ្សារបច្ចុប្បន្នមិនល្អសោះ។
សូមបញ្ជាក់ថា បើតាមមន្ត្រីមូលដ្ឋាន បាននិយាយថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកនរិន្ទ ជាពិសេសពលរដ្ឋដែលរស់នៅតំបន់ខាងលើនេះ ស្ទើរគ្រប់គ្រួសារ មានមុខរបរធ្វើស្រែចំការ។ ក្រោយរដូវច្រូតកាត់រួចប្រជាកសិករទាំងនោះបាននាំគ្នាចាប់ផ្ដើបធ្វើដីដាំដំណាំវិលជុំម្ដង លើផ្ទៃដីដដែលនោះទៅតាមការនិយមចូលចិត្តរបស់ពួកគេ ដូចជាដំណាំស្ពៃ ដំណាំពោត ដំណាំត្រសក់ ដំណាំត្រឡាច ឬដំណាំសណ្ដែក ។ល។
ប៉ុន្តែមន្ត្រីដដែលបានបញ្ជាក់ថា ពេលខ្លះកសិករត្រូវជួបឧបស័គ្គទីផ្សារកសិផល ដូចជាករណីខាងលើនេះជាដើម។ កន្លងមកកសិករនៅតំបន់នោះ មិនធ្លាប់បានចងក្រងជាសហគមន៏កសិកម្ម ដើម្បីងាយគៀងគរគ្នារកទីផ្សារ តែយ៉ាងណាយូរៗម្ដងប៉ុណ្ណោះ ដែលពួកគេជួយបញ្ហាទីផ្សារធ្ងន់ធ្ងរដូចខាងលើនេះ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ