រាជធានីភ្នំពេញ ៖ មកទល់ពេលនេះកម្ពុជាទទួលយកកីឡាតេក្វាន់ដូITF រយៈពេល២៥ឆ្នាំហើយដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានសម្រេចក្តីសុបិនរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយទទួលបានមេដាយមាសក្នុងការប្រកួតនៅក្នុងប្រទេសប៊ុលហ្គារីនោះផង ។
អ្វីដែលគួរកត់សម្គាល់គឺកីឡាករនៅក្នុងវិស័យនេះ កាន់តែមានឈ្មោះបោះសំឡេងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដោយសារតែកីឡាករ-កីឡាការិនីភាគច្រើនសុទ្ធតែបានពង្រឹងសមត្ថភាពធ្វើឱ្យស្រទាប់មហាជនទទួលស្គាល់ពីសក្តានុពលក្នុងវិស័យនេះ បើទោះជាតេក្វាន់ដូជាកីឡាដែលមានដើមកំណើតមកពីខាងក្រៅក្ដី។
ការប្រែប្រួលនេះ គេកត់សម្គាល់ថា គឺបន្ទាប់ពី លោក កែវ រ៉េមី ត្រូវបានតែងតាំងជាប្រធាន សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា និងត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អន្តរជាតិ ដែលកាន់តែជំរុញឱ្យតេក្វាន់ដូកម្ពុជា មានការទទួលស្គាល់ និងមានសកម្មភាពច្រើននៅក្រៅប្រទេស។
យ៉ាងណាមិញ ទោះបីជាកីឡាតេក្វាន់ដូITFកម្ពុជារីកចម្រើនយ៉ាងលឿនក្តីតែថ្នាក់ដឹកនាំស្ថាប័នមួយនេះហាក់មិនទាន់ស្កប់ចិត្តនៅឡើយ។ ថ្នាក់ដឹកនាំវិស័យនេះ និយាយថា សហព័ន្ធមិនចង់ឃើញតេក្វាន់ដូITFល្បីតែនៅក្នុងប្រទេស ទេត្រូវតែធ្វើឱ្យពិភពលោកទទួលស្គាល់។ ជាមួយ
នឹងការតាំងចិត្ត គេឃើញថ្នាក់ដឹកនាំសហព័ន្ធ តែងធ្វើយុទ្ធនាការធ្វើឱ្យតេក្វាន់ដូកម្ពុជាមានមុខនៅក្រៅប្រទេស ។
លោក កែវ រ៉េមី ប្រធាន សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបន្តថា កម្ពុជាមិនអាចល្បីឈ្មោះដូចកង្កែបក្នុងអណ្ដូងបានទេ គឺដាច់ខាតត្រូវតែមានការទទួលស្គាល់ដោយអន្តរជាតិ ហើយកីឡាករកម្ពុជាក៏ត្រូវតែពង្រឹងសមត្ថភាពឱ្យក្លាយជាធនធានកីឡាករល្អ និងមានស្នាដៃនៅគ្រប់ការប្រកួត ។
លោកបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ ដូ ITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នៅចុងឆ្នាំ ២០២០ ខាងមុខនេះ ។ ជាមួយនឹង ការប្រកួតនេះ លោកប្រធានសហព័ន្ធ កែវ រ៉េមី ប្រកាសថា លោកចង់ឃើញលទ្ធផលល្អបន្ថែមទៀតពីកីឡាករ-កីឡាការិនី ។ លោកបានថ្លែងនៅក្នុងពិធីមហាសន្និបាតនាពេលថ្មីៗកន្លងទៅ បង្ហាញពីការតាំងចិត្តជាច្រើនដើម្បីឱ្យសហព័ន្ធទាំងមូលបោះជំហានទៅមុខបានល្អ។
លោកបួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជាបានរាយការណ៍ពីសមិទ្ធផលនានាឱ្យដឹងដែរថា សហព័ន្ធកីឡាតេក្វាន់ដូITFនឹងពង្រីកក្លិបឲ្យ បានកាន់តែច្រើន និងសន្យាបណ្តុះបណ្តាលនិងកែលម្អគុណភាពធនធានមនុស្សឲ្យកាន់តែប្រសើរជាងមុន ។
បើទោះបីជាសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាល្បីទាំងក្នុងនិងនៅលើឆាកអន្តរជាតិក៏ដោយ តែគេនៅមិនទាន់ដឹងនៅឡើយទេថាតើសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា នឹងអាចត្រូវគេដាក់បញ្ចូលឲ្យចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅក្នុងប្រទេសកម្ពុជាដែរឬទេ? នេះគឺជាសំណួរដែលកំពុងរង់ចាំចម្លើយជាក់លាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ