រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះការផ្ទុះឡើងនៅវីរុសកូរ៉ូណា និងការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបបានជះឥទ្ធិពអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាបន្ថែមក្រៅពីភាពតានសង្គ្រាមពាណិជ្ជកម្មក៏ដូចជា បញ្ហាជម្លោះភូមិសាស្ត្រនយោបាយខាងក្រៅប្រទេស ។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងាររបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២០ កាលពីថ្ងៃទី១៩ កុម្ភៈថា យើងទាំងអស់គ្នាបានដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជម្រុញកំណើនសេដ្ឋកិច្ចកើនឡើងជាមធ្យម៧ភាគរយ រហូតបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ក៏ប៉ុន្តែដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិយើងបានឈានចូលមកដល់បរិបទប្រឈមនឹងបញ្ហាថ្មីទាំងនៅកំរិតតំបន់ និងសកលោកដែលតម្រូវអោយយើងខិតខំជំនះដោះស្រាយឱ្យបានសំដៅរក្សាបានកំណើនខ្ពស់ បង្កើតការងារ និងមុខរបរកាន់តែប្រសើរ ស្របតាមក្តីប្រាថ្នាកាន់តែខ្ពស់ឡើង របស់ប្រជាពលរដ្ឋ ព្រមទាំងធានាថា យុវជនជំនាន់ក្រោយរបស់យើងនឹងមិនក្លាយជាអ្នកទទួលរងហានិភ័យធ្ងន់ធ្ងរនៃការអត់ការងារធ្វើដូច ដែលយុវជននៅក្នុងប្រទេសមួយចំនួនកំពុងជួបប្រទះ ។
លោករដ្ឋមន្ត្រីសង្គត់ធ្ងន់ថា «ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម, បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ, សន្តិសុខសកល, ការកើតចលាចលនៅក្នុងប្រទេសមួយចំនួន, ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ហើយករណីថ្មីៗនេះទៀតវីរ៉ុសកូរ៉ូណា ហៅកូវីត១៩ និងការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបជាដើម បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចបើកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ ។
ទន្ទឹមនេះ ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័សដែលនាំឱ្យកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤.០ កំពុងជះឥទ្ធិពល ឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ ។ នៅកម្ពុជាបច្ចុប្បន្ននេះ យើងក៏កំពុងទទួលរងឥទ្ធិល នៃការផ្លាស់ប្តូរគ្រប់ផ្នែកដែលបណ្តាលមកពីបដិវត្តន៍នេះដែរ ដូចជា សេវាដឹកជញ្ជូននិងធ្វើដំណើរ សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ សេវាទេសចរណ៍និងបដិសណ្ឋាកិច្ចជាដើម» ៕
ចែករំលែកព័តមាននេះ