ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​មានទឹក​បូម​ដាក់​ស្រែ​វិញ​ហើយ បន្ទាប់​ពី​ស្រូវប្រាំង​អត់​ទឹក​ជិត​២​ស​ប្តា​ហ៍

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ជា​ច្រើន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២០ នេះ មានទឹក​ក្នុង​ប្រឡាយ​ដូច​ដើម​វិញ បន្ទាប់​ពី​ដាច់​ទឹក​អស់​រយ​:​ពេល​ជិត​២​ស​ប្តា​ហ៍ ។…

ខេត្ត​ប៉ៃលិន ៖ កសិករ​ជា​ច្រើន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ ខែ
កុម្ភ​: ឆ្នាំ​២០២០ នេះ មានទឹក​ក្នុង​ប្រឡាយ​ដូច​ដើម​វិញ បន្ទាប់​ពី​ដាច់​ទឹក​អស់​រយ​:​ពេល​ជិត​២​ស​ប្តា​ហ៍ ។ ចំណែក​ស្រូវប្រាំង​ដែល​កំពុង​តែ​លូតលាស់​យ៉ាង​ខៀវស្រងាត់​នៅ​ក្នុង​ស្រែ​ដែល​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ចុង​តិច​ៗ ខណ​:​ដី​ក្នុង​ស្រែ​ប្រេះ​បែក​នៅ​ត្រង់​កន្លែង​ខ្លះ ក៏​សង្ឃឹមថា ស្រូវ​នឹង​បញ្ចេញ​ពណ៌​ខៀវ​ដូច​ដើម​ឡើង​វិញ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក យិ​វ ម៉ៅ អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភោ​ក មុំ អាយុ​២៤​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ទួល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ក្នុងស្រុក​សាលា​ក្រៅ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ចម្ការ ចំណែក​អ្នកខ្លះ​ទៀត​ធ្វើស្រែ​ប្រាំង និង​ស្រែវស្សា ខណ​:​ដី​របស់​ខ្លួន​ស្ថិត​នៅ​ក្បែរ​ៗ​មាត់​ប្រឡាយ​ទឹក ដែល​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ងាយស្រួល​បូមទឹក​បញ្ចូល​ស្រែ ។

លោក​យិ​វ ម៉ៅ បាន​បន្ត​ថា ចំណែក​គាត់​បាន​ធ្វើស្រែ​អស់​រយ​:​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយនៅ​ដើមរដូវ​ឆ្នាំ​នេះ​គឺ​ធ្វើស្រែ​ប្រាំង ព្រោះ​ពូជស្រូវ​ស្រងែ​ប្រភេទ (​ស្រូវស្រាល​) ចំនួន​៣​ហិ​កតា ដោយ​ក្នុង​១​ហិ​កតា ទទួល​បាន​ផល​ចាប់ពី​៣០​ទៅ​៤០​បាវ ។ កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ អត់​សូវ​មាន​រោគ​ក្រា​ស៊ី ឬ​សត្វល្អិត​ច្រើន​ប៉ុន្មាន​នោះ​ទេ ។ លុះដល់​ពេល​ប្រមូល​ផល ការ​លក់ដូរ​ក៏​មិនជា​ថោក ឬ​មាន​តម្លៃ​ខ្ពស់​នោះ​ដែរ ដោយ​១​តោន​ឈ្មួញ​ទិញ​ត្រឹម​៨០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពីផាត់​ថ្លៃ​ជី ថ្នាំ​កំចាត់​សត្វល្អិត​ទៅ អាច​នៅ​សល់​ថវិកា​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក​យិ​វ ម៉ៅ បាន​បញ្ជាក់​ថា កសិករ​ដាំ​ស្រូវប្រាំង ដូច​ជា ស្រូវស្រងែ និង​ស្រូវ​សែន​ក្រអូប ដែល​បន្ទាប់​ពី​.​ព្រោះ ឬ​ដាំ​រួច រហូត​ដល់​ប្រមូល​ផល​រយ​:​ពេល​ត្រឹមតែ​៣​ទៅ​៤​ខែ​ប៉​ណ្ណោះ ។ ចំណែក​នៅ​រដូវវស្សា​វិញ គេ​ព្រោះ​ពូជស្រូវ ដូច​ជា ផ្កាម្លិះ ផ្កា​ខ្ញី និង​សុ​ម៉ា​លី​ជាដើម ព្រោះ​ពូជស្រូវ​ទាំងនេះ មាន​រយ​:​ពេល​៦​ទៅ​៧​ខែ ទើប​អាច​ប្រមូល​ផល ។ ចំពោះ​បញ្ហា​ទឹក នៅ​រដូវប្រាំង​នេះ មានការ​រអាក់រអួល​បន្តិច ដោយសារ​មានការ​បើក​បិទទ្វារ ទឹក​យក​ទៅ​ចែកចាយ​ដល់​កន្លែង​ផ្សេង​ៗ​ទៀត ទើប​ពេល​ខ្លះ​រយ​:​ពេល​១​ទៅ​២​អាទិត្យ ទើប​គេ​បើក​មក​ឱ្យ​ខាង​គាត់​ប្រើ​ម្តង​វិញ ។ ប៉ុន្តែ​បើ​នៅ​រដូវវស្សា បញ្ហា​ទឹក គឺ​គ្រប់គ្រាន់​បរិបូរ អាច​ឱ្យធ្វើ​ស្រែ​បាន​យ៉ាង​រលូន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្ត​និយម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​រដូវប្រាំង​ឆ្នាំ​២០២០​នេះ មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បណ្តើរ​ៗ ដោយសារ​រាំងភ្លៀង​អស់​រយ​:​ពេល​យូរ​ពេក ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាង​មន្ទីរ​របស់​លោក​បាន​បែងចែក​ទឹក​ឱ្យ​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ផ្សេង​ៗ​គ្នា ដូច​ជា​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ត្រូវការ​ទឹក​បូម​ដាក់​ស្រែ ខាង​លោក​ក៏​បើក​ឱ្យ​បូម​បញ្ចូល​ក្នុង​ស្រែ​របស់​ខ្លួន លុះ​ពេញ​គ្រប់គ្រាន់​ហើយ ក៏​បិទទ្វារ​ទឹក ដើម្បី​ឱ្យ​ហូរ​ចូល​អូរ ស្រាប់​អ្នក​ភូមិ​មួយ​ចំនួន ដែល​កំពុង​ត្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

លោក​ង៉ា លី​ហុង បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខាង​លោក​ក៏​បាន​ជីក​ស្រះ​ទឹក តាម​បាត​អូរ ដើម្បី​ឱ្យ​ពួក​គាត់​មានទឹក​ប្រើ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន ដែល​ធ្វើស្រែ​ប្រាំង អត់​ស្តាប់​តាម​ការ​ណែនាំ​របស់​មន្ទីរ ដោយ​ឱ្យ​គាត់ ចាប់ផ្តើម​ព្រោះស្រូវ​តាំងពី​ខែមករា បែរជា​មក​ព្រោះ​នៅ​ខែកុម្ភ​: ហើយ​ក៏​បូមទឹក​ចូល​ស្រែ ខណ​:​ទឹកអូរ និង​ស្ទឹង​អត់​សូវ​មាន​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​ទឹក​តិចតួច​ផង​ដែរ ។ ទោះបីជា​យ៉ាងណា ខាង​មន្ទីរ​នៅ​តែ​បន្ត​ចុះ​ដោះស្រាយ​ជូន​ពួក​គាត់ ទាំង​ការ​ធ្វើ​កសិកម្ម​ស្រូវប្រាំង ទាំង​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុងភូមិ ដើម្បី​កុំឱ្យ​មាន​បញ្ហា​កើតឡើង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ