រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវបានដាក់ឱ្យដំណើរការលើកដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ មានខ្សែរត់ចំនួន០៣ខ្សែ រថយន្តចំនួន៤៣គ្រឿង នៅឆ្នាំ២០១៧ បន្ថែមខ្សែរត់ចំនួន០៥ខ្សែ រថយន្តចំនួន១៥៥គ្រឿង និងឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន០៥ខ្សែទៀត គឺសរុបចំនួន១៣ខ្សែ ប្រើប្រាស់រថយន្តចំនួន២៣៥គ្រឿង ក្រោមការជួយជ្រោមជ្រែង និងផ្តល់ជំនួយរថយន្តក្រុងពីប្រទេសជប៉ុន និងប្រទេសចិន រហូតមកដល់ពេលនេះ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៩នេះ អ្នកជិះរថយន្តក្រុងមានចំនួន ៨.២៦៥.១០៧នាក់ ក្នុងនោះអ្នកជិះបងប្រាក់ចំនួន ២.៧៩០.៤៣៣នាក់ និងអ្នកជិះឥតបង់ប្រាក់ចំនួន ៥.៤៧៤.៦៧៤នាក់។
បើតាមរបាយការណ៍បានបន្តថា ចំណែកកាណូតដឹកអ្នកដំណើរវិញ មានអ្នកជិះចំនួន ១៧.៧៥៦នាក់។ បានដឹកជញ្ជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅមកតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួនសរុប ៣៨.៧៥៩នាក់។
បានដឹកជញ្ជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាមបណ្តាខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនសរុប ២៣.៦៣៥នាក់។ បានដឹកជញ្ជូនមន្ត្រីរាជការ តាជី-យាយជី និងសិស្សានុសិស្សចូលរួមកម្មវិធីសំខាន់ៗសរុបចំនួន ៦.៨៤០នាក់។
របាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ខ្សែរត់របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញមានចំនួន ១៣ខ្សែ ប្រើប្រាស់រថយន្ត-ក្រុងចំនួន ២៣៥គ្រឿង សម្រាប់បម្រើសេវាសេវាដឹកជញ្ជូនសាធារណៈជូនប្រជា ពលរដ្ឋរួមមាន ៖
- ខ្សែទី១A ៖ ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ចំណតច្បារអំពៅប្រវែង ២៥គ.ម ខ្សែទី១B ៖ ពីចំណតច្បារអំពៅ ដល់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (វិលជុំ) ប្រវែង ២៤គ.ម
- ខ្សែទី២ ៖ ពីរង្វង់មូលគួចកាណុង ដល់ស្ពានព្រែកសំរោង ប្រវែង ១៩គ.ម
- ខ្សែទី៣ ៖ ពីចំណតសួនឫស្សីកែវ ដល់បុរីសន្តិភាព២ ប្រវែង ២៤គ.ម
- ខ្សែទី៤A ៖ ពីចំណតសួនឫស្សីកែវ ដល់បុរីសន្តិភាព២ ប្រវែង ២៩គ.ម ខ្សែទី៤B ៖ ពីចំណតសួនឫស្សីកែវ ដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជា-ចិន ប្រវែង ៣១គ.ម ខ្សែទី៤C ៖ ពីចំណតសួនឫស្សីកែវ ដល់រង្វង់មូលដីក្រហម (គួស្រូវ) ប្រវែង ២២គ.ម
- ខ្សែទី៥A ៖ ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារអ៊ីអន២ (វិលជុំ) ប្រវែង ១២គ.ម ខ្សែទី៥B ៖ ពីចំណតផ្សារអ៊ីអន១ ដល់ចំណតផ្សារអ៊ីអន២ (វិលជុំ) ប្រវែង ១១គ.ម
- ខ្សែទី៦ ៖ ពីរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ប្រវែង ២៥គ.ម
- ខ្សែទី៧ ៖ ពីចំណតគីឡូម៉ែត្រលេខ៩ ដល់ចំណតបឹងឈូក ប្រវែង ២២គ.ម
- ខ្សែទី៨ ៖ ពីរង្វង់មូលគួចកាណុង ដល់ចំណតរថយន្តក្រុងផ្លូវ២០០៤ (វិលជុំ) ប្រវែង ១២គ.ម
- ខ្សែទី៩ ៖ ពីបុរីសន្តិភាព២ ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រវែង ២៣គ.ម
- ខ្សែទី១០ ៖ ពីចំណតរថយន្តក្រុងផ្លូវ២០០៤ ដល់ចំណតច្បារអំពៅ (វិលជុំ) ប្រវែង ១៣គ.ម
- ខ្សែទី១១ ៖ ពីចំណតវត្តស្លែង ដល់ច្រមុះជ្រូកស្ទឹងមានជ័យ (វិលជុំ) ប្រវែង ១៤គ.ម
- ខ្សែទី១២ ៖ ពីចំណតរាជាយស្ម័យយានកម្ពុជា (វិលជុំ) ប្រវែង ១០គ.ម
- ខ្សែទី១៣៖ ពីចំណតរាជាយស្ម័យយានកម្ពុជា ដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) ប្រវែង ៦គ.មម
បើតាមលោកអ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ បានពង្រីកសេវាដឹកជញ្ជូនកើនដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន២៣៥គ្រឿង មានបុគ្គលិកសរុបចំនួន៧០៥នាក់ ក្នុងរថយន្តមួយគ្រឿងត្រូវប្រើប្រាស់បុគ្គលិកបើកបរចំនួន២នាក់ ចែកជាពីរវេនក្នុង១ថ្ងៃ ពង្រាយនៅតាមបណ្តាផ្លូវសំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយបំពុលបរិស្ថានរាជធានីភ្នំពេញជាដើម ។
លោកបន្តថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានរៀបចំប្រព័ន្ធគ្រប់គ្រងរបស់រថយន្តក្រុង និងប្រព័ន្ធតាមដានទីតាំង រថយន្តក្រុង ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋរង់ចាំ និងពេលវេលា នៃការមកដល់របស់រថយន្តក្រុង បានជួយសម្រួលដល់អ្នក ជិះរថយន្តក្រុងនៅរាជធានីភ្នំពេញ និងប្អូនសិស្សានុសិស្ស ជិះរថយន្តក្រុងមកសិក្សាដោយខ្លួនឯង និងបានរៀបចំបំពាក់ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ដោយមានការប្រើប្រាស់កាត អ៊ិនអែតស៊ី របស់ធនាគារ ឯកទេស វីន និង ឃ្យូអរកូត របស់ធនាគារ អេស៊ីលីដា ទាត់ចិត្តនៅលើរថយន្តក្រុងនិងមានអ៊ីនធឺណែត(wi-fi) នៅលើរថយន្តក្រុងផងដែរ ដើម្បីងាយស្រួលក្នុងការទូទាត់។
លោក អ៊ាន សុឃីម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈ បានចំនួន១៣ខ្សែ នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវារថយន្តក្រុងនេះ មានចន្លោះពីជាង២ម៉ឺន៨ពាន់នាក់ ទៅ៣ម៉ឺននាក់ ។
សូមបញ្ជាក់ថា រដ្ឋបាល រាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ និងគ្រោងអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ