ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ជាង​១០​នាក់​ជួប​គ្រោះ​លើ​ទឹកដី​ថៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២០ ពលករ​ស្របច្បាប់​ចំនួន​១២​នាក់ ក្នុង​នោះ​ស្ត្រី​ជា​ពលករ​ម្នាក់​បាន​បាត់បង់​ជីវិត ចំណែក​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គូថ​រថយន្ត​ធំ​ដែល​ចត​តាម​ចិញ្ចើម​ផ្លូវ​លើ​ទឹកដី​ថៃ ក្នុង​ខេត្ត​ស៊ុ​ង​ខ្លា…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២០ ពលករ​ស្របច្បាប់​ចំនួន​១២​នាក់ ក្នុង​នោះ​ស្ត្រី​ជា​ពលករ​ម្នាក់​បាន​បាត់បង់​ជីវិត ចំណែក​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គូថ​រថយន្ត​ធំ​ដែល​ចត​តាម​ចិញ្ចើម​ផ្លូវ​លើ​ទឹកដី​ថៃ ក្នុង​ខេត្ត​ស៊ុ​ង​ខ្លា ។

ពលករ​រង​គ្រោះ​ទាំង​១២​នាក់​ខាងលើ​នេះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ពួក​គាត់​ជា​ពលករ​ស្របច្បាប់​ទើប​ចេញពី​កម្ពុជា​ឆ្លងកាត់​ស្រុក​អរញ្ញ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ គ្រោង​ទៅ​ធ្វើការ​នៅ​រោងចក្រ​ម្ហូបអាហារ​សមុទ្រ​មួយ​ក្នុង​ខេត្ត​ស៊ុ​ង​ខ្លា​។

តាម​ប្រភព​ព័ត៌មាន​ពី​ទឹកដី​ថៃ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពលករ​ទាំង​១២​នាក់​ខាងលើ​បាន​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​រថ​ទូ ពាក់​ស្លាក​លេខ​ថៃ ផាត់​ថា​លុង​៣០-០៣២៦ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បុក​គូថ​រថយន្ត​ធំ​ដែល​អ្នកបើកបរ​ចត​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​ដេក បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​ស្រាល​រដូករណែល ហើយ​ត្រូវ​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ចុះ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ក្នុង​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ហាត​យ៉ៃ​និង​បាង​ខ្លា​ភ្លាម​ៗ​ផង​ដែរ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា មិន​ទាន់​ទទួល​បាន​ព័​ត៍​មាន​ខាងលើ​នៅឡើយ​ទេ ។ ម្យ៉ាងទៀត ខាង​លោក​អាច​ទទួល​បាន​តែ​ព័ត៌មាន​ដែល​កើតឡើង​តាម​ខេត្ត​ជាប់​ៗ​ព្រំដែន​តែ​ប៉ុណ្ណោះ ។ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឬ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ