រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ពីមជ្ឈណ្ឋានមួយចំនួន ចំពោះការបាត់បង់ជីវិតរបស់ទារក ៥ខែម្នាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យភាគីពាក់ព័ន្ធទាំងអស់ស្រាវជ្រាវករណីទារកអាយុ៥ខែនោះ ដោយសារមូលហេតុអ្វី ដើម្បីសាធារណៈជនបានដឹងដែលបានរស់នៅជាមួយក្នុងពន្ធនាគារព្រៃស ។
ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០១៩ នាស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈនេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «រឿងក្មេងម្នាក់ដែលបាត់បង់ជីវិតនៅមន្ទីរពេទ្យរុស៊ី ឥឡូវនឹងយើងស្រាវជ្រាវ ។ ខ្ញុំបានបញ្ជាឲ្យស្រាវជ្រាវដល់កម្រិត ដោយសារអី ? ដោយខ្វះអាហាររូបឋម ឬដោយសារស្អីមួយទៅចឹង ដូច្នេះយើងត្រូវធ្វើឲ្យដល់កម្រិត ដើម្បីបំភ្លឺសាធារណៈមតិ » ។
បើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូថ្មីៗនេះបានឲ្យដឹងថា ទារកអាយុ៥ខែម្នាក់រស់នៅជាមួយម្ដាយកំពុងជាប់ឃុំ ក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។ ការស្លាប់ដ៏ខ្លោចផ្សានេះ បង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិ នៅក្រៅឃុំបណ្ដោះអាសន្ន សម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ ។
ស្ដ្រីជាម្ដាយក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីពាក់កណ្ដាល ឆ្នាំ២០១៩ បន្ទាប់ពីរងការចោទប្រកាន់ពីអាជ្ញាធរថា បានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីន ដែលមានតម្លៃត្រឹមតែ១ម៉ឺនរៀល ដោយអ្នកស្រីមានផ្ទះពោះ៨ខែ នៅពេលត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ៕
ចែករំលែកព័តមាននេះ