រាជធានីភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ឯកអគ្គរាជទូតជប៉ុនបានអះអាងថា ជប៉ុននឹងបន្តជួយផ្តល់ថវិកាលើវិស័យដោះមីននៅកម្ពុជា និងត្រៀមជួយរៀបចំកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ ។
លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែននាព្រឹកថ្ងៃទី១២កុម្ភឆ្នាំ២០២០យ៉ាងដូច្នេះ៖” ជប៉ុននឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែពិចារណាផ្ដល់ថវិកាបន្ថែមដល់អង្គភាពនេះ ហើយក៏កំពុងពិចារណារៀបចំ ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅក្នុងឆ្នាំនេះ និងកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ខាងមុខ ហើយជប៉ុនក៏កំពុងពិចារណាផ្ដល់ថវិកាជួយដល់កម្ពុជាក្នុងការទិញរថយន្ត និងសម្ភារៈសម្រាប់ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២» ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក MIKAMI Masahiro ចំពោះការវាយតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគមានការទាក់ទាញកាន់តែខ្លាំងឡើង ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា និងបន្តជួយដល់កម្ពុជាលើវិស័យដោះមីន និងគ្រាប់មិនទាន់ផ្ទុះក៏ដូចជា រៀបចំជួយដល់កម្ពុជាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខអោយទទួលបានជោគជ័យ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុនដល់ការតាក់តែងច្បាប់សំណង់ផងដែរ ។
ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះ សម្ដេចបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុមានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា ។ ដោយឡែកជាចុងក្រោយពាក់ព័ន្ធនឹងការប្រមូលសំរាម សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាលព្រោះថា ក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ ៕
ចែករំលែកព័តមាននេះ