មឿ​ន សុខ​ហ៊ុ​ច បើកដៃ​ឱ្យ​កីឡាករ​ថៃ​សងសឹក​


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង​នូវ​ការ បរាជ័យ​ទាំង​មិន​អស់ចិត្ត​ក្រោម​កណ្ដាប់ដៃ​កីឡាករ​កម្ពុជា​មឿ​ន សុខ​ហ៊ុ​ច កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ខាង​មុខ​នេះ ក្នុង​កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» កីឡាករ​ថៃ​វី​ណៃ​ឡេ​ក ផ​.​រ៉ាំ​ង​សាន់ បាន​ស្នើ​សុំ​សងសឹក​ហើយ​ភ្លាម​ៗ​មឿ​ន សុខ​ហ៊ុ​ច បានប្រកាស​ស្វាគមន៍​សំណូមពរ​នេះ​ដោយ​រីករាយ​។

មុន​នឹង​ឈាន​ជើង​មក​ប្រកួត​លើក​នេះ វី​ណៃ​ឡេ​ក បាន​ប្រើ​ពេល​យ៉ាង​យូរ​ក្នុង​ការ​ហ្វឹក ហាត់​ដើម្បី​សងសឹក​មឿ​ន សុខ​ហ៊ុ​ច ។ ទោះបី យ៉ាងណា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ពុទ្ធ​សេរី​វង្ស​រូប នេះ​មិន​ត្រឹមតែ​ប្រកាស​ស្វាគមន៍​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ប្ដេជ្ញា​ថា​នឹង​ផ្ដល់​មេរៀន​ជូរ​ចត់​ដល់​កីឡាករ​ថៃ​សា​ជា​ថ្មី​ទៀត​ផង ។

នៅ​ថ្ងៃ​នោះ​ដែរ​កីឡាករ ថា សា​រុន ដែល​ត្រូវជា​សិស្ស​ប្អូន​មឿ​ន សុខ​ហ៊ុ​ច ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភិត​ណា​ម​អេក ស​.​ស​.​ប៉ាក​ន ។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើន​លើក​រួច​មក​ហើយ​គ្រាន់តែ​មិន​ធ្លាប់​ជួប​ថា សា​រុន​ប៉ុណ្ណោះ ។​ថា សា​រុន មួយ​រយៈ​ចុង​ក្រោយ​នេះ​មិនសូវ​ឃើញ​លេចមុខ​លើ​សង្វៀន​ប៉ុន្មាន​ទេ តែ​អ្នក​ប្រដាល់​ចាស់វស្សា​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្លា​ចាស់​កំពូល​ល្បិច ដែល​ដៃគូ​ល្មម​ៗ​ពិបាក​ទប់ទល់​ខ្លាំង​ណាស់ ។ លើក​នេះ​គេ​ប៉ះ​ចំ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ មិនដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ។

មួយគូ​ទៀត កីឡាករ កូយ ឡាយ មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ ភិត​ដាំ ពៀក​ខា​ឃែ​រ៍​។

កូយ ឡាយ ក៏​ខាន​ឡើង​សង្វៀន​ប្រកួត​យូរ​ខែ​មក​ហើយ​ដែរ លើក​នេះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាក​ថៃ ភី​ត​ដាំ ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើស​ង្វៀ​មិន​តិច​ឆ្នាំ​នោះ​ទេ ។

ប៉ុន្តែ​កុំ​ភ្លេច​ថា គូ​នេះ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ទេ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ថា​យ៉ាងណា​នោះ​ទេ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​ចាំ​មើល​ការ​ប្រកួត​ជាក់​ស្ដែង​ប៉ុណ្ណោះ​។​ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ធា វាសនា មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​កីឡាករ ចិត្រ សុ​ភី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ