រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតមាន ចំនួន១.៦០៨លើក/៦៧១លើក កើន ៩៣៧លើក បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ (ស្លាប់ ៣៣៨នាក់/២៦៤នាក់ របួស១.៧២២នាក់/៨៦៧នាក់) ខូចខាតរថយន្ដ ១.១៧៤គ្រឿង ម៉ូតូ១.៤៩០គ្រឿង និងយានយន្តផ្សេងៗ៩៩គ្រឿង ។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើងត្រូវបានកត់សម្គាល់គឺមកពីការបើកបរលឿន៤០% បើកបរមិនគោរពសិទ្ធិ២១%, បើកបរមិនប្រកាន់ស្ដាំ១២% ។ល។ សម្រាប់រាជធានីភ្នំពេញឆ្នាំ២០១៩កន្លងមក គឺគ្រោះថ្នាក់ចរាចរណ៍បានកើតមានច្រើនជាងគេនៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា សមត្ថកិច្ចជំនាញ បានខិតខំពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើការផាកពិន័យយានយន្ដចំនួន១១០.៨៧២គ្រឿង (រថយន្ដ៨៧៨គ្រឿង ម៉ូតូ១០៩.៩៩៤គ្រឿង) អត់ពាក់មួកសុវត្ថិភាព ចំនួន៨៤.៧៨០គ្រឿងយានយន្ដបើកបញ្ច្រាសទិសចំនួន១០.៥១៨គ្រឿង ។
ចំណែកយានយន្ដមិនគោរពស្លាកសញ្ញាចំនួន ៨.៩២៤គ្រឿង គ្មានកញ្ចក់មើលក្រោយ ចំនួន៥.៤៤៥គ្រឿង យានយន្ដគ្មានស្លាកលេខចំនួន៧៨០គ្រឿង រថយន្ដខុសលក្ខណៈបច្ចេកទេស៥គ្រឿង រថយន្ដកែច្នៃ១គ្រឿង ម៉ូតូកែច្នៃចំនួន១៧៩គ្រឿង មិនពាក់ខ្សែក្រវាត់ ចំនួន១៩៧គ្រឿង គ្មានលិខិតអាជីវកម្ម១៩គ្រឿង គ្មានប័ណ្ណបើកបរចំនួន៥គ្រឿង រថយន្ដដឹកសំពីងសំពោង១៦គ្រឿង និងបិទកញ្ចក់ខ្មៅ ៣គ្រឿង ។ បានអនុវត្ដ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំពោះអ្នកបើកបរទោចក្រ-ត្រីចក្រយានយន្ដតម្រូវឱ្យទៅរកមួក និងទិញមួកសុវត្ថិភាព៣០.៧២៨នាក់ ដោយមិនធ្វើការផាកពិន័យ ។
របាយការណ៍បញ្ជាក់ទៀតថា ទន្ទឹមនោះ បានធ្វើការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងចំនួន១.៦៤៤លើក ជាលទ្ធផលយានយន្ដឆ្លងកាត់ចំនួន៦៦.៨២៩គ្រឿង (រថយន្ដ២២.៥៩១គ្រឿង ម៉ូតូ ៤៤.២៣៨គ្រឿង) ក្នុងនោះបានធ្វើការអប់រំអ្នកបើកបរ មានជាតិអាល់កុលចំនួន៣.០០១នាក់ (រថយន្ដ១.០៨៨នាក់ ម៉ូតូ១.៩១៣នាក់) និងបានផាកពិន័យអ្នកបើកបរយានយន្ដមានជាតិអាល់កុលលើសកម្រិតចំនួន១.៤៨៣នាក់ (រថយន្ដ១១០នាក់ ម៉ូតូ១.៣០៨នាក់ និងម៉ូតូកង់បីឥណ្ឌា៦៥នាក់) ។
ក្រៅពីនេះ បានធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្ដធុនធ្ងន់ បានធ្វើតេស្ដទឹកនោមរកសារធាតុញៀន ចំនួន៤៤២នាក់ ក្នុងនោះរកឃើញ អ្នកមានសារធាតុញៀន២៣នាក់ ប្រគល់ឱ្យការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធីច្បាប់ ។ បានកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៥៣២ករណី មនុស្ស៩២នាក់ ។ បានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន១.៤៧២លើក ដល់អ្នកបើកបររថយន្ដធុនធ្ងន់ នគរបាល យោធា មន្ដ្រីរាជការ ប្រជាពលរដ្ឋបើកបរប្រចាំក្រុមហ៊ុន ។ សិស្សានុសិស្ស មានអ្នកចូលរួមចំនួន៦៣.១៨៧នាក់ និងបានអប់រំណែនាំអ្នកចតយានយន្តបង្កបាត់ សណ្តាប់ធ្នាប់ ចំនួន២៦.៤០៣គ្រឿង និងអ្នកលក់ដូរលើចិញ្ចើមថ្នល់ ចំនួន១២.៨៧១កន្លែង ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ និងគ្រោងអញ្ជើញសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធានគណៈអធិបតីផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ