ប្រទេសអូស្ត្រាលី ៖ យោងតាមការសិក្សាមួយចេញផ្សាយនាថ្ងៃទី១៨កុម្ភៈ ដោយសាកលវិទ្យាល័យជាតិអូស្ត្រាលីថា ពលរដ្ឋអូស្ត្រាលី៧៥%គឹសរុបជាង១៨លាននាក់ រងការប៉ះពាល់ដោយភ្លើងឆេះព្រៃ ដែលរាតត្បាតប្រទេសរយៈពេលដល់ទៅ៥ខែ។ អណ្ដាតភ្លើងបានបំផ្លាញផ្ទះសម្បែងច្រើនសិបពាន់ខ្នង ហើយញ៉ាំងឲ្យប្រជាជនទាំងមូលជម្លៀសខ្លួនចេញ រួចមនុស្សជាង៣០នាក់បាត់បង់ជីវិត។
លោកNICHOLAS BIDDLE អ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រសង្គមនិយាយថា ច្បាស់ណាស់ពលរដ្ឋអូស្ត្រាលីស្ទើរទាំងអស់រងការប៉ះពាល់ដោយភ្លើងឆេះព្រៃ រួចច្រើននាក់ក្នុងចំណោមពួកគេនឹងរងបណ្ដាផលវិបាកនាបណ្ដាឆ្នាំខាងមុខ។
ការសិក្សាមួយលើមនុស្ស៣០០០នាក់ បង្ហាញថា ១៤%នៃប្រជាជនពេញវ័យ ពោលប្រមាណជាជិត៣លាននាក់រងការប៉ះពាល់ដោយផ្ទាល់ដោយសារវិបត្តិនេះ។ ពួកគេបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះ ឬផ្ទះពួកគេត្រូវភ្លើងឆេះអស់ឬរងការខូចខាត។ ពលរដ្ឋអូស្ត្រាលីប្រមាណជា១៥លាននាក់រងការប៉ះពាល់ផ្ទាល់ដោយភ្លើងឆេះព្រៃពិសេសដោយសារផ្សែងពុលដែលហុយចេញ។ រឿងនោះដែលបណ្ដាអ្នកស្រាវជ្រាវលាតត្រដាង នាំឲ្យរដ្ឋាភិបាលមានការព្រួយបារម្ភ ខណៈទទួលរងរួចហើយការចោទប្រកាន់ថា ពុំបានឆ្លើយតបឲ្យបានសមស្របចំពោះវិបត្តិ ហើយមានការចាប់អារម្មណ៍ស្រាលចំពោះការផ្លាស់ប្ដូរបរិយាកាស។
បណ្ដាអ្នកវិទ្យាសាស្ត្រអះអាងថា ការកើនកម្ដៅបរិយាកាសរិតតែធ្វើឲ្យធ្ងន់ធ្ងរថែមទៀតដល់វិបត្តិភ្លើងឆេះព្រៃ ដែលឆេះខ្លាំងពិបាកក្នុងការគ្រប់គ្រង ព្រោះតែធាតុអាកាសក្ដៅនិងស្ងួតខ្លាំង រយៈពេលប៉ុន្មានខែចុងក្រោយនេះនៅអូស្ត្រាលី៕ ដកស្រង់ចេពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ