ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ណែនាំ​អាជីវករ​ត្រូវ​យកចិត្តទុក​ដាក់​មើល​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព​ដែល​ដាក់​តាំង​លក់​តាម​គេហដ្ឋាន និង​តាម​តូប​នានា ស្ថិត​ក្នុង​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព​ដែល​ដាក់​តាំង​លក់​តាម​គេហដ្ឋាន និង​តាម​តូប​នានា ស្ថិត​ក្នុង​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ចុះ​ណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារ​សាលា​ក្រៅ ត្រូវ​តែ​យកចិត្តទុកដាក់​មើល​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ប្រកបដោយ​អនាម័យ​ខ្ពស់ និង​គុណភាព​ខ្ពស់ ព្រោះថា​សុខភាព​មនុស្ស​ម្នាក់​ៗ​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ បើសិនជា​សុខភាព​មិនល្អ គឺ​យើង​មិន​មាន​ពេលធ្វើការ​ងារ​រកស៊ី​ចិញ្ចឹមជីវិត ខាតបង់​ថវិកា និង​មិន​មាន​ពេល​ជួបជុំ​ក្រុម​គ្រួសារ​បងប្អូន​ជាដើម ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្ត​ថា ដូច្នេះ​ហើយ​សូម​អោយ​បងប្អូន​អាជីវករ​ទាំងអស់​ចូលរួម​គ្រប់​សកម្មភាព​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត ដើម្បី​អោយ​បាន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ណែនាំ​អំពី​ការ​ទប់ស្កាត់​ទំនិញ​ណា​មិន​មានច្បាប់​អនុញ្ញាត​ត្រូវ​ត្រឹម ហួស​កាល​បរិ​ចេ្ឆ​ទ ខូចគុណភាព​ជាដើម ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​លើក​ឡើង​ថា សាខា​កាំកុងត្រូល​ខេត្ត ដោយ​មាន​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល អោយធ្វើ​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព នៅ​តាម​តូប​នានា តាម​ផ្សារ​សាលារៀន មាត់ច្រក​និង​ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស អោយ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​មើល​ទំនិញ និង​ការ​រៀបចំ​ទុកដាក់​ទំនិញ​អោយ​បាន​ត្រឹមត្រូវ ក្នុង​ន័យ​ថែរក្សា​ការពារ​សុខភាព និង​លើកកម្ពស់​សុមា​ភាព​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

ជាក់ស្តែង​ពេល​នេះ​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ធ្វើការ​ចុះ​ផ្ទាល់ និង​ណែនាំ​ផ្ទាល់​នៅ​តាម​ផ្សារ ដើម្បី​អោយ​បងប្អូន ចូលរួម​ទប់ស្កាត់​ទំនិញ​ដែល​គ្មាន​ការ​អនុញ្ញាតិ គ្មាន​ផ្លា​ក​សញ្ញា​ត្រឹមត្រូវ ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មិន​ត្រឹមត្រូវ ទំនិញ​ខូចគុណភាព ហួស​សុពលភាព កុំអោយ​មានការ​ដាក់​តាំង​លក់ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​និង​ខាតបង់​ថវិកា​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​របស់​ខ្លួន​ត្រូវ​ខិតខំ​យកចិត្ត​ដាក់​បន្ត​ចុះ​ជា​ប្រចាំខែ អោយ​បាន​ទៀងទាត់ ក្នុង​ការ​ណែនាំ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទំនិញ​ដែល​ខូចគុណភាព ហួស​សុពលភាព ជូន​ដល់​អាជីវករ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត អោយ​បាន​យល់​កាន់​ច្បាស់លាស់ សំដៅ​ពង្រឹង​ការ​ថែរក្សា​ការពា​សុខភាព​ប្រកបដោយ​គុណភាព​ល្អ ស្រប​តាម​ផែនការ​គោលដៅ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នា​ឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​ដកហូត​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​ចំនួន​១០​គីឡូក្រាម ដើម្បី​យក​ទៅ​កម្ទេច​ចោល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ