ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​ស្មាន​មិន​ដល់​! វិបត្តិ​កសិករ​លក់​ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី​មិន​ដាច់​បាន​ដោះស្រាយ​បញ្ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អភិបាលស្រុក​បន្ទាយស្រី​បាន​ចុះ​ជួយ​លក់​ត្រសក់ផ្អែម​មក​វិបត្តិ​នៃ​ការ​លក់​មិន​ដាច់​របស់​ប្រជាពលរដ្ឋ​នោះ​បាន​ដោះស្រាយ​រួច​ហើយ ពោល គឺ​លក់​អស់ហើយ ។ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អភិបាលស្រុក​បន្ទាយស្រី​បាន​ចុះ​ជួយ​លក់​ត្រសក់ផ្អែម​មក​វិបត្តិ​នៃ​ការ​លក់​មិន​ដាច់​របស់​ប្រជាពលរដ្ឋ​នោះ​បាន​ដោះស្រាយ​រួច​ហើយ ពោល គឺ​លក់​អស់ហើយ ។ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា បេសកកម្ម​ជួយ​សហគមន៍​កសិករ​បន្ទាយស្រី​លក់​ត្រសក់ផ្អែម​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​មុន​ផែនការ​គ្រោងទុក ! ត្រសក់ផ្អែម​ទាំងអស់​នៅ​ក្នុង​ចម្ការ​ទាំងមូល​ត្រូវ​បាន​ទិញ និង​កក់​ទុក​រួច​អស់ ហើយ​គិត​ត្រឹម​ថ្ងៃនេះ ។

លោក​បញ្ជាក់​ថា ៖«​ខ្ញុំបាទ សូម​ជូនដំណឹង​ដ៏​គួរ​អោយ​រីករាយ​ជំនួស​សហគមន៍​កសិករ​ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី​ថា ចំណោទបញ្ហា​លក់​របស់​ពួក​គាត់​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ទាំងស្រុង​គិត​ត្រឹម​ក្នុងថ្ងៃនេះ ហើយ​គម្រោង​កម្មវិធី​ផ្សព្វផ្សាយ​លក់​ដោយ​ផ្ទាល់​នៅ​ផ្សារ​ហេ​រី​ថេ​ក (​ដែល​ដំបូង​ឡើយ​គ្រោង​លក់​រហូត​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ​) ក៏​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​មួយ​នេះ​ដែរ ដោយសារ​តែ​តម្រូវការ​ដ៏​ច្រើន​លើសលុប និង​គួរ​អោយ​ស្មាន​មិន​ដល់​នេះ ។ លោក​បន្ត​ថា ក្នុង​នាម​សហគមន៍​កសិករ​ស្រុក​បន្ទាយស្រី ខ្ញុំ​សូម​ថ្លែង​ការ​ដឹងគុណ​ដ៏​ស្មោះ​អស់ពី​ចិត្ត​ចំពោះ​សាធារណៈជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​ទិញ​ត្រសក់ផ្អែម​ក្នុង​ពេល​លំបាក​មួយ​នេះ ។ ដោយសារ​តែ​មានការ​ខ្នះខ្នែង​ចូលរួម​ជួយ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​យ៉ាង​ផុសផុល​បែប​នេះ​ហើយ​ទើប​បញ្ហា​ទាំងមូល​អាច​ដោះស្រាយ​បាន​ត្រឹមតែ​ក្នុង​រយៈពេល​មិន​ដល់​២​ថ្ងៃ​ស្រួលបួល​ផង ។

លោក​បន្ត​ថា ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៃ​វប្បធម៌​ចេះ​ជួយ​គ្នា​នៅ​ក្នុងស្រុក​បន្ទាយស្រី​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ។ បើ​ទោះជា​វា​គ្រាន់តែ​ជា​បញ្ហា​មួយ​តូចតាច​ក៏​ដោយ តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​សណ្តាន​ចិត្ត​ដ៏​ធំ​ទូលាយ​ដែល​ប្រជា​កសិករ​ស្រុក​បន្ទាយស្រី​នឹង​ចង​ចាំ​ការ​ចូលរួម​ជួយ​ស្រោចស្រង់​ក្នុង​គ្រាអាសន្ន​មួយ​នេះ ហើយ​សង្ឃឹមថា ស្មារតី​រួម​សាមគ្គី​គ្នា​នឹង​បន្ត​មាននៅ​ក្នុង​បេះ​ខ្មែរ​គ្រប់​ៗ​រូប ។

លោក​បន្ត​ថា មែន​! បញ្ហា​កសិកម្ម​ជា​ទូទៅ គឺជា​រឿង​ធំ ហើយ​ស្មុគស្មាញ​រួម​ទាំង​មាន​បញ្ហា​ប្រឈម និង​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ហើយ​ក៏​មិន​អាច​នឹង​ងាយ​ដោះស្រាយ​ភ្លាម​ៗ​ដូច​ករណី​នេះ​ដែរ ។ តែ​ខ្ញុំ​ជឿជាក់​ថា បើ​យើង​ទាំងអស់​គ្នា​នាំ​គ្នា​ចូលរួម​ជួយ​ដោះស្រាយ​នៅ​តំបន់​ណា​ជួយ​គ្នា​ដោះ​នៅ​តំបន់​នោះ​បូក​រួម​ផ្សំ​នឹង​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​កម្រិត​គោលនយោបាយ​បន្ថែម​ទៀត នោះ​យើង​នឹង​អាច​មើលឃើញ​ពន្លឺ​ថ្មី​ពី​វិស័យ​កសិកម្ម​នេះ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ