ប្រសិនបើលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ដើរចូលក្នុងហាងទំនិញ ឬភោជនីយដ្ឋានរបស់អ្នកនោះ លោកប្រហែលជាដកក្រដាសប្រាក់ចេញមកពេលដែលទិញអ្វីពីអ្នកហើយ ។ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៨៨ប៊ីលានដុល្លារនេះធ្លាប់បានអះអាងថា លោកប្រើក្រដាសប្រាក់ស្ទើរតែ ៩៨% នៃការចំណាយរបស់លោក ។
លើសពីនេះទៅទៀត លោកធ្លាប់បានប្រាប់មកថាលោកតែងតែមានក្រដាសប្រាក់ប្រមាណ ៤០០ដុល្លារជាប់ខ្លួនជានិច្ច ។ មូលហេតុអ្វីបានជាលោកមិនប្រើកាតធនាគារ ឬសេវាបង់ប្រាក់តាមទូរស័ព្ទដែលកំពុងតែពេញនិយម? តើលោកព្រួយបារម្ភពីផ្នែកសន្តិសុខនៃការប្រើប្រាស់វាមែនទេ?
មូលហេតុសម្រាប់លោក បាហ្វេត គឺព្រោះតែវាមានភាពងាយស្រួល ។ ប៉ុន្តែនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញ មនុស្សកាន់តែច្រើនចាប់ផ្តើមងាកទៅកាន់ការប្រើប្រាស់សេវាបង់ប្រាក់តាមទូរស័ព្ទ ឬសេវាផ្សេងៗដែលមិនចាំបាច់ឲ្យពួកគេមានក្រដាសប្រាក់ជាប់កាបូប ។ យ៉ាងណាក្តី កម្ពុជានៅតែមានក្រុមមនុស្សដែលដូចនឹងលោកមហាសេដ្ឋី បាហ្វេត ដែរ គឺមិនចូលចិត្តមធ្យោបាយខាងលើទេ ។ ដូច្នេះក្នុងនាមអាជីវករ តើអ្នកគួរធ្វើយ៉ាងណាប្រសិនបើអ្នកជួបនឹងអតិថិជនបែបនេះ?
អតិថិជននាពេលបច្ចុប្បន្ននេះតែងតែមានចំណូលចិត្តខុសៗគ្នាទាក់ទិននឹងមធ្យោបាយក្នុងការបង់ថ្លៃផលិតផលដែលខ្លួនបានទិញ។ តែមិនថាអ្នកជាម្ចាស់អាជីវកម្មធំឬតូចទេ កត្តាសំខាន់ដែលអ្នកត្រូវតែដឹងគឺជម្រើសកាន់តែច្រើនគឺកាន់តែល្អ ឬមានន័យថាអ្នកគួរតែមានផ្តល់ជាមធ្យោបាយក្នុងការបង់ថ្លៃខុសៗគ្នាតាមសមត្ថភាពដែលអាចធ្វើបាន ។ វាជាជម្រើសរបស់អតិថិជនរបស់អ្នក ហើយអ្នកមិនគួរធ្វើការសម្រេចចិត្តឲ្យពួកគេឡើយ ។ លើសពីនេះទៅទៀត អ្នកប្រហែលជាមិនចង់គោរពអញ្ចើញលោកមហាសេដ្ឋីបាហ្វេតចេញពីហាង ឬភោជនីយដ្ឋានរបស់អ្នកដែរព្រោះតែលោកចូលចិត្តប្រើក្រដាសប្រាក់ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ