រាជធានីភ្នំពេញ ៖ នៅរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់អគ្គិភ័យបានកើតមានចំនួន ៩២លើក កើនលើសឆ្នាំមុនចំនួន១៥លើក ដោយសារការឆ្លងចរន្ដអគ្គិសនី៦២លើក និងការធ្វេសប្រហែសភ្លើងរបស់ប្រជាពលរដ្ឋចំនួន១២លើក ។
យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យបានកើតមានចំនួន៩២លើក/៧៧លើក កើន១៥លើក (ស្លាប់១នាក់/២នាក់, របួស២១នាក់/២០នាក់) ឆេះផ្ទះ៤៥ខ្នង, ១៨បន្ទប់, ឃ្លាំង៣ខ្នង, រោងចក្រ៣ខ្នង, រោង៥ខ្នង, តូប៤២តូប, រថយន្ត១៦គ្រឿង, ម៉ូតូ២២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។ របាយការណ៍បានបន្តថា មូលហេតុគ្រោះថ្នាក់អគ្គិភ័យនោះ គឺផ្តើមចេញពីការឆ្លងចរន្ដអគ្គិសនី៦២លើក, ធ្វេសប្រហែសភ្លើង១២លើក, កំពុងស្រាវជ្រាវ៦លើក និងមូលហេតុផ្សេងៗទៀត។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ និងគ្រោង អញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ