ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជីវភាព​ក្រ​ទើប​នាង​តូច​ម្នាក់​នេះ​បង្ខំចិត្ត​ធ្វើ​បែប​នេះ​ជួយ​ម្តាយ​ឪពុក(វីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ពិតជា​សំខាន់​ខ្លាំង​ណាស់ បើ​រស់នៅ​ក្នុង​គ្រួសារ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ហើយ ឪពុក​ម្តាយ​អត់​មាន​គោលដៅ​ខ្ពស់​សម្រាប់​កូន​ៗ ទោះបីជា​ក្មេង​ទាំងនោះ​រៀនសូត្រ​ពូកែ​ក្នុង​សាលា​យ៉ាងណា​ក៏​នឹង​ត្រូវ​បោះបង់​ចោលរ​ត់ទៅ​ជួយ​ធ្វើការ​ពួក​គេ​ជាក់​ជា​មិន​ខាន ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨…

ខេត្ត​ប៉ៃលិន ៖ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ពិតជា​សំខាន់​ខ្លាំង​ណាស់ បើ​រស់នៅ​ក្នុង​គ្រួសារ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ហើយ ឪពុក​ម្តាយ​អត់​មាន​គោលដៅ​ខ្ពស់​សម្រាប់​កូន​ៗ ទោះបីជា​ក្មេង​ទាំងនោះ​រៀនសូត្រ​ពូកែ​ក្នុង​សាលា​យ៉ាងណា​ក៏​នឹង​ត្រូវ​បោះបង់​ចោលរ​ត់ទៅ​ជួយ​ធ្វើការ​ពួក​គេ​ជាក់​ជា​មិន​ខាន ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ រឿ​ម រ៉ា​ន អាយុ​១៣​ឆ្នាំ បាន​បោះបង់​ការ​សិក្សា​ថ្នាក់​ទី​៥ រស់នៅ​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា នាង​មាន​ឪពុក​ឈ្មោះ សឿង រឿ​ម អាយុ​៤០​ឆ្នាំ ម្តាយ​ឈ្មោះ ឌឿ​ន ចិន្តា អាយុ​៣៥​ឆ្នាំ មាន​បងប្រុស​ម្នាក់​ជា​កូន​ទី​១ ឈ្មោះ រឿ​ម រ៉ាត់ អាយុ​១៧​ឆ្នាំ អត់​បាន​រៀនសូត្រ​ទាល់តែ​សោះ និង​កូន​ទី​៣ ឈ្មោះ រឿ​ម ពៅ ភេទ​ស្រី អាយុ​៧​ឆ្នាំ អត់​បាន​រៀន (​ជំងឺ​ប្រចាំ​កាយ​) ។

នាង​បន្ត​ទៀត​ទាំង​សម្តី​អួល​ដើម​ក​.​ថា កាលពី​នៅ​រៀន គឺ​នាង​មិនសូវ​បាន​រៀនសូត្រ​ជាប់លាប់​ដូច​កូន​គេ​នោះ​ទេ ព្រោះតែ​ឪពុក​ម្តាយ​មាន​ជីវភាព​ក្រីក្រ​ជំពាក់​បំណុល​គេ ហើយ​ក៏​តែងតែ​ឆ្លៀតពេល​ទំនេរ​ជួយ​ធ្វើ​ការងារ​ពួក​គាត់ ជួនកាល​សុំ​ច្បាប់​គ្រូ និង​ពេល​ខ្លះ​ទៀត​ប៉ះ​ចំ​ថ្ងៃ​សម្រាក​មិន​នៅ​ទំនេរ​ឡើយ ។ ប៉ុន្តែ​យូរ​ៗ​ទៅ ដោយសារ​ឃើញ​ពួក​គាត់​មានការ​លំបាក​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​សងបំណុល​គេ​ទើប​នាង​សម្រេចចិត្ត​ឈប់​រៀន​ថ្នាក់​ទី​៥ កាលពី​២​ឆ្នាំ​កន្លង​មក​តែ​ម្តង ។

នាង​បញ្ជាក់​ទៀត​ថា កាលពី​នៅ​រៀន​ក្នុង​សាលា​បឋម​សិក្សា ចាប់តាំងពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​៥ គឺ​នាង​រៀន​ជាប់​ចំណាត់ថ្នាក់​ល្អ ជា​រៀង​រាល់​ខែ​ដោយ​ទទួល​បាន​ប័ណ្ណសរសើរ លេខ​១ លេខ​២ និង​លេខ​៣ មិន​ធ្លាប់​ធ្លាក់​ចំណាត់ថ្នាក់​ក្រោម​នេះ​ទេ ។ ប៉ុន្តែ​ក្រោយ​ពី​ឪពុក​ម្តាយ​ត្រូវ​ប្តូរ​កន្លែងធ្វើការ​ចល័ត​ទៅ​ស៊ីឈ្នួល​គេ​តាម​ចម្ការ​ឆ្ងាយ​ៗ​ពី​ផ្ទះ​នាង​លែង​បាន​ចូល​រៀន​បន្ត​ទៀត​លែង​បានឃើញ​សាលា​ដែល​ខ្លួន​ធ្លាប់​រៀន​បែក​មុខ​មិត្តភក្តិ​ជាទី​ស្រឡាញ់ និង​លោកគ្រូ អ្នកគ្រូ ដែល​ធ្លាប់​បង្ហាត់បង្រៀន​ខ្លួន​យ៉ាង​យកចិត្តទុកដាក់ ដោយ​ចូល​ទៅ​ប្រឡូក​នឹង​ការងារ​មនុស្ស​ចាស់ គឺ​អង្គុយ​កាប់​ចិញ្ច្រាំ​ដំឡូង​មី តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ដាំពោត កាច់​ស្នៀតពោត ដាំដំឡូង​មី បេះ​ចន្ទី ដើម្បី​ជួយ​រក​ប្រាក់​ជូន​ឪពុក​ម្តាយ ។

សព្វ​ថ្ងៃនេះ ពេល​នាង​ឃើញ​កូន​គេ​ទៅ​សាលារៀន ពេល​ខ្លះ​អង្គុយ​យំ​តែ​ម្នាក់ឯង មិន​ឱ្យ​នរណា​ឃើញ​ឡើយ ហើយ​ក៏​ជូត​ទឹកភ្នែក រួច​បែរមក​ធ្វើការ និង​ញញឹម​ដាក់​អ្នក​នៅ​ក្បែរ និង​និយាយ​គ្នា​លេង​បន្ត​ទៀត ដើម្បី​បំបាត់​ការ​នឹក​ស្តាយស្រណោះ​ការ​សិក្សា​ពី​មុន ។

ចំណែក​លោក សឿង រឿ​ម ជា​ឪពុក​ក្មេង​ស្រី​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា លោក​មានស្រុក​កំណើត​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ត្រៀប ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ដោយ​បាន​មក​រស់នៅ​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​បន្ត​ទៀត​ថា លោក​មានកូន​៣​នាក់ ប្រុស​១ ស្រី​២​នាក់ ហើយ​រាល់ថ្ងៃ​គ្មាន​ដីស្រែ​ចម្ការ​នឹង​គេ​នោះ​ទេ គឺ​រស់នៅ​ដោយ​ស៊ីឈ្នួល ជា​កម្មករ​គេ មិន​រើស​ការងារ​នោះ​ឡើយ​ឱ្យ​តែ​ការងារ​ប្រើ​កម្លាំង ។ ចាប់តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច គឺ​ខាង​លោក​ខំប្រឹង​ធ្វើ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ ។

លោក​បញ្ជាក់​ថា កូនច្បង​ប្រុស​របស់​ខ្លួន​អត់​បាន​រៀនសូត្រ សូ​ម្បី​តែ​ថ្នាក់​ទី​១ ក៏​អត់​បាន​ចូល​រៀន​ដែរ ព្រោះ​ជាប់រវល់​ដើរ​តាម​ឪពុក​ម្តាយ​ដើរទៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​គេ​តាំងពី​ព្រឹក​ដល់​ល្ងាច​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ជួនកាល​ដេក​សម្រាក​នៅ​ក្នុង​ខ្ទម​ចម្ការ​ទាំងអស់​គ្នា ។ គាត់​ពិតជា​ចង់ឱ្យ​កូន​ៗ​បាន​រៀនសូត្រ​ជ្រៅជ្រះ​នឹង​គេ​ដែរ ប៉ុន្តែ​បើ​ជីវភាព​គ្រួសារ​ខ្វះខាត ដូច្នេះ​ត្រូវ​តែ​បង្ខំចិត្ត​ឱ្យ​ពួក​គេ​ឈប់​រៀន និង​មិន​បាន​រៀនសូត្រ​ទេ ព្រោះ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​អត់​ចេះអក្សរ​ដូច​គ្នា​ដែរ ដោយសារ​កើត​ពី​ឪពុក​ម្តាយ​ក្រីក្រ​អត់​ចេះអក្សរ​ដូច​គ្នា ។ ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ និង​កូន​ៗ តែងតែ​ដើរ​ចោលផ្ទះ​រហូត​ដល់​ជួនកាល​រយ​:​ពេល​១​ឆ្នាំ​មិន​ទាន់​ចូល​ផ្ទះ​ម្តង​ឡើយ ព្រោះ​ជាប់រវល់​ការងារ ដាំពោត កាច់​ពោត ដាំដំឡូង​មី ដក​ដំឡូង​មី បេះ​ផ្លែ​ឈើ​ផ្សេង​ៗ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ